Connect with us

ព័ត៌មានជាតិ

មេសិទ្ធិមនុស្សកម្ពុជា ត្រៀមប្តឹងក្រោយថៃចាក់សំឡេងខ្មោចខ្លាំងៗពេលយប់រំខានដំណេកពលរដ្ឋនៅព្រំដែន

បានផុស

នៅ

លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហើបឱ្យដឹងថា កម្ពុជាកំពុងរៀបចំលិខិតបណ្តឹងជាផ្លូវការ ជុំវិញករណីភាគីថៃ ប្រើឧបករណ៍បំពងសំឡេងខ្លាំងៗនាពេលយប់ រំខានដល់ដំណេករបស់ប្រជាពលរដ្ឋខ្មែរនៅតំបន់មានជម្លោះ។ យ៉ាងណាមិញ ពាក្យបណ្តឹងនេះ ពុំទាន់ដឹងច្បាស់ថា ប្តឹងទៅអង្គការសិទ្ធិមនុស្សអន្តរជាតិ ឬស្ថាប័នពាក់ព័ន្ធណានោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរការរៀបចំនីតិវិធីបណ្តឹងនេះ បន្ទាប់ពីនៅវេលាម៉ោង១១យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៥ ភាគីថៃបានចាក់ធុងបាស់សំឡេង​ខ្មោច និងភ្លេងរន្ធត់ខ្លាំងៗ​ ធ្វើឱ្យពលរដ្ឋភ័យខ្លាច និងសម្រាកមិនបាន​នៅ​ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាតំបន់មានជម្លោះ។

ក្រោយហេតុការណ៍នេះ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការព្រួយបារម្ភពីសុខភាព និងអារម្មណ៍របស់ប្រជាជនទាំងចាស់ទាំងក្មេងនិងអ្នកមានជម្ងឺដែលកំពុងត្រូវបានរំខានដោយសំឡេងបំពងរបស់ទាហានថៃ។ ជាមួយនឹងការព្រួយបារម្ភនេះ គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងរៀបចំលិខិតបណ្តឹងមួយច្បាប់ដើម្បីអន្តរាគមន៍លើបញ្ហានេះ។ នេះបើតាមលោក កែវ រ៉េមី ដែលបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី ១១ ខែតុលា។

សូមជម្រាបថា មុនចាក់ធុងបាស់នៅពេលយប់ ក្រុមទាហានថៃ ក៏បានដឹកគ្រឿងចក្រមកឈូសឆាយនៅភូមិព្រៃចាន់ នៅពេលព្រឹក ក្រោមលេសរាវរកមីន ដែលសកម្មភាពនេះបានរំលោភដែនអធិបតេយ្យភាពកម្ពុជា ខណៈក្រុមការងារដោះមីនមនុស្សធម៌ទ្វេភាគីបានកំពុងធ្វើការលើរឿងនេះ។

យ៉ាងណាមិញ នៅម៉ោងជាង៩ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នេះ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ មានសភាពស្ងប់ស្ងាត់ធម្មតា ដោយកងកម្លាំងថៃមិនមានសកម្មភាពអ្វីគួរឱ្យកត់សម្គាល់ទេ ក្រោយជនជាតិថៃចាក់ធុងប៉ាសជាសំឡេងខ្មោច-ឆ្កែព្រុស ទ្រហឹងអឺងកង រំខានដំណេកពលរដ្ឋខ្មែររស់នៅទីនោះ១យប់ទល់ភ្លឺ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម