ព័ត៌មានជាតិ
ល្អាងនៅភ្នំសំពៅ ដិតដាមប្រវត្តិសាស្រ្តជាទីពិឃាដមនុស្សសម័យ ប៉ុល ពត
ព្រះតេជគុណ អុីវ យក់សឺន មានទីកំណើតនៅក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានរៀបរាប់ពីប្រវត្តិល្អាងល្ងោន និងល្អាងតែងខ្លួននៅភ្នំសំពៅ គឺជាទីពិឃាដមនុស្សដ៏ឃោរឃៅក្នុងសម័យ ប៉ុល ពត ដែលប្រជាពលរដ្ឋនៅតំបន់នោះចងចាំមិនភ្លេច។
ព្រះតេជគុណ អុីវ យក់សឺន មានសង្ឃដីកាថា ភ្នំសំពៅមានល្អាងក្រោមភ្នំច្រើនជាងបណ្តាភ្នំផ្សេងៗតែព្រះអង្គមិនចាំថា ល្អាងដ៏ច្រើននោះមានឈ្មោះអ្វីខ្លះនោះទេ គឺចាំបានខ្លះៗ។ អ្វីដែលព្រះអង្គចាំជាងគេ គឺល្អាងល្ខោន និងល្អាងតែងខ្លួន ដែលជាទីពិឃាដក្នុងរបប ប៉ុល ពត។

ការដឹងបែបនេះខណះនៅចន្លោះពីឆ្នាំ១៩៨៧ ដល់ ឆ្នាំ១៩៨៩ ព្រះអង្គបានដើររកកាប់អុសដុតនៅលើភ្នំរាល់ថ្ងៃ ហើយកាលណោះព្រះអង្គនៅមានអាយុប្រហែល ១១-១២ ឆ្នាំ ហើយក៏មានពលរដ្ឋម្នាក់ឈ្មោះ “លឿន” ជាអ្នកយាមនៅល្អាង បានប្រាប់ព្រះអង្គថា មានល្អាង ២ ជាទីតាំងវាយសម្លាប់មនុស្ស ចាស់ប្រុសស្រី និងក្មេងសម្លាប់បោះទម្លាក់ចូលល្អាង ក្នុងនោះល្អាងមួយសម្រាប់សម្លាប់មនុស្សចាស់បោះចូល ហើយល្អាងជិតគ្នាមួយទៀតសម្រាប់សម្លាប់ក្មេងបោះចូល។
ព្រះអង្គបញ្ជាក់ថា ជនរងគ្រោះគឺពួកខ្មែរក្រហមបានដឹកយកមកពីចម្ងាយ។ ចំណែកអ្នកនៅក្នុងឃុំភ្នំសំពៅមិនដែលយកទៅសម្លាប់នៅក្នុងល្អាងនោះទេ។ សាក្សីដែលប្រាប់ព្រះអង្គក៏បានឈឺស្លាប់យូរឆ្នាំដែរហើយ។
លោកបន្តថា នៅក្នុងសម័យ ប៉ុល ពត ល្អាងតែងខ្លួននេះត្រូវបានប្រើប្រាស់ជាកន្លែងសម្លាប់មនុស្សដែលមានបន្សល់ទុកនូវទ្រុងសំណាញ់ដែករក្សាទុកនូវឆ្អឹង លលាដ៍ក្បាលជនរងគ្រោះ និងស្លាកស្នាមជាក់ស្តែងមួយចំនួន ជាពិសេសសម្លៀកបំពាក់ជនរងគ្រោះនៅក្នុងរបបនោះផងដែរ។
ចំណែកល្អាងល្ខោនឬហៅថា (ល្អាងក្បាលខ្មោច) គឺជាល្អាងមួយដ៏ធំទូលាយក្នុងចំណោមល្អាងជាច្រើនទៀតនៅភ្នំសំពៅ។ ល្អាងមួយនេះ បានក្លាយជាទីពិឃាដមនុស្សដ៏ឃោឃៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបានសម្លាប់ទាំងមនុស្សចាស់និងក្មេងរាប់សិបនាក់វាយសម្លាប់ទម្លាក់ពីខាងលើមាត់ល្អាងចុះមកខាងក្រោមយ៉ាងព្រៃផ្សៃ។
ព្រះអង្គបន្តថា បច្ចុប្បន្ន មុននឹងចុះទៅកាន់ល្អាងល្ខោន ភ្ញៀវទេសចរនឹងបានឃើញគំនូរមួយផ្ទាំង ស្ថិតនៅខាងឆ្វេងដៃដែលបង្ហាញពីជនរងគ្រោះនាសម័យ ប៉ុល ពត ដែលត្រូវបានវាយទម្លាក់ពីលើមាត់ល្អាង។
បើភ្ញៀវចុះតាមជណ្តើរស៊ីម៉ង់ត៍នៅខាងឆ្វេងដៃមានជ្រលងថ្មកម្ពស់ប្រហែល ១២ ម៉ែត្រ មានរាងដូចជាអណ្តូង ដែលខ្មែរក្រហម បណ្តើរអ្នកទោសទៅផ្ទៃខាងលើល្អាងដោយមានចងក្រពាត់ស្លាបសេកផង ហើយក៏វាយទម្លាក់ចុះមកខាងក្នុងល្អាងតែម្តង។ ហើយនៅផ្នែកខាងស្តាំដៃ ឃើញមានកន្លែងដាក់ ឆ្អឹង លលាដ៍ក្បាល របស់ជនរងគ្រោះ ត្រូវបានសម្លាប់ដោយពួកខ្មែរក្រហម ដែលត្រូវបានរក្សាទុកក្នុងទូកញ្ចក់មួយ ជាហេតុនាំឱ្យអ្នកស្រុកនិងភ្ញៀវទេសចរនាំគ្នាហៅល្អាងនេះថា( ល្អាងក្បាលខ្មោច) (Killing Cave)។ ក្នុងនោះដើម្បីឧទ្ទិសកុសលជូនជនរងគ្រោះ នៅក្នុងឆ្នាំ១៩៩៨ ក៏មានពុទ្ធសាសនិកខ្មែរបានកសាងរូបសំណាកព្រះពុទ្ធចូលបរិនិព្វានមួយអង្គនៅទីនោះផងដែរ។

លោក ហម អរុណ មន្រ្តីមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់ថា “ល្អាងកង្កែប” គឺជាល្អាងមួយទៀតស្ថិតនៅខាងឆ្វេងដៃនៃច្រកចូលខាងមុខល្អាងល្ខោន មានជម្រៅប្រមាណ ២៥ ម៉ែត្រ ដែលផ្លូវចូលមាន ៣ គន្លាក់ ហើយល្អាងនេះសម្រាប់សម្លាប់កូនក្មេងណាដែលយំតាមឪពុកម្តាយដែលក្រុម ប៉ុល ពត បានបំបែកចេញពីឪពុកម្តាយ ខណះសកម្មភាពសម្លាប់ក្មេងៗទាំងនោះត្រូវបានចាប់បោកសម្លាប់ដូចសត្វកង្កែប រួចបោះកូនក្មេងចូលទៅក្នុងល្អាង ដែលធ្វើឱ្យក្នុងល្អាងសុទ្ធតែជាឆ្អឹងកូនក្មេង ទើបអ្នកស្រុកហៅល្អាងនេះថា ល្អាងកង្កែប ដល់សព្វថ្ងៃនេះ។
ភ្នំសំពៅបច្ចុប្បន្ន បានប្រែមុខមាត់យ៉ាងល្បីល្បាញលើវិស័យទេសចរណ៍នៅលើទឹកដីខេត្តបាត់ដំបង និងបានក្លាយជារមណីដ្ឋានធម្មជាតិយ៉ាងទាក់ទាញជាពិសេសភ្ញៀវទេសចរអន្តរជាតិ។ បច្ចុប្បន្ន តំបន់រមនីយដ្ឋានភ្នំសំពៅ ក៏បានយកជាកំណត់ត្រាក្នុងវិស័យទេសចរណ៍ថា ជាតំបន់គោលដៅទេសចរណ៍ប្រវត្តិសាស្ត្រសាសនាប្រចាំខេត្តបាត់ដំបង។
តំបន់រមនីយដ្ឋានភ្នំសំពៅ មានទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ៥៧ “អតីត ផ្លូវជាតិលេខ១០”ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ភ្នំនេះមានកំពស់ប្រមាណ ១០០ម៉ែត្រ ចំងាយ ១២គីឡូម៉ែ ត្រពីក្រុងបាត់ដំបង។
បើយោងតាមមន្ទីរទេសចរណ៍ខេត្ត ភ្នំសំពៅមានល្អាង១២ ក្នុងនោះរួមមាន ១.ល្អាងផ្កាស្លា,២.ល្អាងគក់ទ្រូង,៣.ល្អាងខ្យល់, ៤.ល្អាងតែងខ្លួន,៥.ល្អាងល្ខោន,៦.ល្អាងជ្រៃ,៧.ល្អាងពេជ្រ,៨.ល្អាងខ្វែង,៩.ល្អាងប្រេង,១០.ល្អាងស្ថានីយឬល្អាងធំ,១១.ល្អាងក្បាលខ្មោច,១២.ល្អាងប្រចៀវ។ខណះលោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបញ្ជាក់ថា ល្អាងដែលភ្ញៀវចូលទៅ លេងបានក្នុងចំណោមល្អាងទាំង១២រួមមាន ល្អាងផ្កាស្លា ល្អាងខ្យល់ ល្អាងគក់ទ្រូង ល្អាងស្ថានី ល្អាងប្រេង និងល្អាងតែងខ្លួន ហៅ”ល្អាងក្បាលខ្មោច”ជាដើម។
បើយោងតាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត បានកំណត់យកជាចំណាត់ថ្នាក់ល្អាងនៅភ្នំសំពៅ មានរហូតដល់១៧ ទីតាំង ក្នុងនោះមាន÷១.ល្អាងប្រចៀវ,២.ល្អាងផ្កាស្លា,៣.ល្អាងគក់ទ្រូង,៤.ល្អាងខ្យល់,៥.ល្អាងតែងខ្លួន,៦.ល្អាងល្ខោន,៧.ល្អាងកង្កែប, ៨.ល្អាងស្ថានីយ៍ ឬល្អាងធំ,៩.ល្អាងសុំខ្ចីចានឆ្នាំង,១០.ល្អាងស្តេចដំរីស,១១.ល្អាងអាសុប ឬល្អាងផ្កាស្លាពិត,១២.ល្អាងពេជ្រ, ១៣.ល្អាងល្អាងបាតរណ្តៅក្តោងសំពៅ,១៤.ល្អាងជ្រៃ,១៥.ល្អាងខ្វែង,១៦.វត្តគីរីរម្យ និងទី១៧ គឺកំពូលភ្នំសំពៅ៕
អត្ថបទ÷សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


