Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី ណែនាំ​ខណ្ឌ​ទាំង​១៤ ចាត់​វិធាន​ការ​ធ្វើ​អនាម័យ​ជា​ប្រចាំ និង​រៀបចំ​ដាំ​កូន​ឈើ​តាម​ដងផ្លូវ

បានផុស

នៅ

រដ្ឋបាល​រាជធានីភ្នំពេញ បាន​ធ្វើ​ការ​ណែនាំដល់គ្រប់រដ្ឋបាលខណ្ឌ សង្កាត់ មន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ដែលរស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញទាំងអស់ចាត់វិធានការធ្វើអនាម័យនៅតាមទីសាធារណៈជាប់ជាប្រចាំ ជាមួយនឹងការប្រមូលសំរាមមិនឱ្យមានតាមដងផ្លូវ ច្រាំងទន្លេ សួនច្បារ ទីផ្សារ និងរៀបចំដាំកូនឈើតាមដងផ្លូវនៅ ក្នុងមូលដ្ឋានរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តី​ណែនាំ​ស្តី​ពី​ការ​ចាត់​តាំង​អនុវត្ត​ទិវាអនាម័យបរិស្ថានជាតិ នៅ​រាជធានីភ្នំពេញ​បាន​ឱ្យ​ដឹង​ថា អនុលោម​តាម​អនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតទិវា អនាម័យបរិស្ថានជាតិ និងក្នុងគោលបំណងលើកកម្ពស់ការអប់រំ ផ្សព្វផ្សាយ និងជំរុញចលនា ពីប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត ឱ្យចូលរួមធ្វើអនាម័យកែលម្អ សោភណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ច សំដៅរួមចំណែកកសាងសង្គមកម្ពុជាឱ្យមានបរិស្ថានល្អស្អាត និងភាពស្រស់បំព្រង។

ដើម្បីធានានូវសោភណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន ចាំបាច់ត្រូវយកចិត្តទុកដាក់លើក កម្ពស់ការគ្រប់គ្រងសំរាមសំណល់​រឹងទីប្រជុំជនឱ្យបានត្រឹមត្រូវ ដោយត្រូវវេចខ្ចប់ និងញែកសំរាម សំណល់រឹង ទីប្រជុំជនដែលអាចប្រើប្រាស់ឡើងវិញ ឬកែច្នៃបាន ដោយឡែកពីសំណល់រឹងដែលត្រូវបោះចោល។ រដ្ឋបាល រាជធានីភ្នំពេញ សូមធ្វើការណែនាំដល់គ្រប់រដ្ឋបាលខណ្ឌ សង្កាត់ មន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ដែលរស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញទាំងអស់ សូមចូលរួមអនុវត្តនូវ សេចក្តីណែនាំដូចខាងក្រោម៖

១. រដ្ឋបាលខណ្ឌទាំង១៤ ត្រូវចាត់វិធានការធ្វើអនាម័យនៅតាមទីសាធារណៈជាប់ជាប្រចាំ ដោយត្រូវ ប្រមូលសំរាមមិនឱ្យមានតាមដងផ្លូវ ច្រាំងទន្លេ សួនច្បារ ទីផ្សារ និងរៀបចំដាំកូនឈើតាមដងផ្លូវនៅ ក្នុងមូលដ្ឋានរបស់ខ្លួន។

២. គ្រប់គ្រឹះស្ថាននានា សាលារៀន វត្តអារាម មន្ទីរពេទ្យ៖ សូមចាត់ចែងធ្វើអនាម័យទាំងក្នុង និងក្រៅ បរិវេណអង្គភាពរបស់ខ្លួន ដោយត្រូវប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវស្របតាម គោលការណ៍ 4Rs (បដិសេធមិនប្រើប្រាស់ កាត់បន្ថយការបង្កើត ការប្រើប្រាស់ឡើងវិញ និងការ កែច្នៃ) សំដៅធានាបរិយាកាសការងារល្អ និងសោភណភាព។

៣. រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម៖ ត្រូវធ្វើអនាម័យបរិស្ថានទាំងនៅក្នុង និងជុំវិញទីតាំង របស់ខ្លួន និងត្រូវអប់រំផ្សព្វផ្សាយដល់បុគ្គលិក កម្មករ អ្នកលក់ចំណីអាហារ និងអ្នកដឹកជញ្ជូន អំពី ការគ្រប់គ្រង និងទុកដាក់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ។

៤. រមណីយដ្ឋាន មជ្ឈមណ្ឌលកំសាន្ត ភោជនីយដ្ឋាន និងអាហារដ្ឋាន៖ ត្រូវធ្វើអនាម័យបរិស្ថាន ជាប់ជា ប្រចាំ ដើម្បីធានាសោភណភាព ផាសុកភាព និងភាពមនោរម្យ ក្នុងការផ្តល់សេវាកម្ម សម្រាក លំហែ និងទេសចរណ៍ ដោយត្រូវប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានរៀបរយដាក់ធុងសំរាម ឱ្យបានគ្រប់គ្រាន់ និងដឹកជញ្ជូនចេញឱ្យទាន់ពេលវេលា។៥. លំនៅដ្ឋាន៖ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ត្រូវណែនាំដល់ប្រជាពលរដ្ឋឱ្យធ្វើអនាម័យបរិស្ថាន នៅតាមលំនៅឋាន និងតាមទីតាំងកម្មសិទ្ធិរបស់ខ្លួន ដោយត្រូវសម្អាត ប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានសមស្រប តាមស្ថានភាពជាក់ស្តែងនៃមូលដ្ឋាននីមួយៗ ក្នុងទិសដៅធានាឱ្យ បាននូវគុណភាពបរិស្ថាន សោភណភាព និងអនាម័យ។

៦. មន្ទីរបរិស្ថានរាជធានីភ្នំពេញ ត្រូវសហការជាមួយទីចាត់ការគ្រប់គ្រងសំណល់ និងបរិស្ថាន៖ រៀបចំប្រារព្ធទិវាអនាម័យបរិស្ថានជាតិ នៅទីតាំងសមស្របណាមួយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប្រមូល និងបូកសរុបរបាយការណ៍លទ្ធផលអនុវត្តរបស់រដ្ឋបាលខណ្ឌទាំង១៤ ផ្ញើជូនរដ្ឋបាល រាជធានីភ្នំពេញ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម