Connect with us

ព័ត៌មានជាតិ

គម្រោងរេដបូកកែវសីមាបានផ្តល់អាហាររូបករណ៍ដល់សិស្ស-និស្សិតជនជាតិពូនងជិត១០០នាក់ ដើម្បីឱ្យគេចចេញពីការរស់អាស្រ័យធនធានធម្មជាតិ

បានផុស

នៅ

គម្រោងរេដបូកកែវសីមា  អនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន ដើម្បីយុវជនទាំងនោះបន្តសិក្សានិងរកប្រាក់ចំណូលដោយមិនពឹងផ្អែកលើធនធានព្រៃឈើ។នៅក្នុងគម្រោងរេដបូកកែវសីមា  បានផ្តល់អាហាររូបករណ៍តាមរយៈដៃគូរ ដោយធ្វើការបែងចែកជា៣ផ្នែកក្នុងនេះដូចជាអាហាររូបករណ៍សម្រាប់សិស្សរៀនថ្នាក់សាកលវិទ្យាល័យ សិស្សជំនាញវិជ្ជាជីវៈ និងអាហាររូបករណ៍សិស្សសម្រាប់សិក្សាពីថ្នាក់ទី១០ដល់១២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តីសម្របសម្រួលរបស់អង្គការWCS លោក ខែម វាសនា បានឱ្យដឹងថា ​កន្លងមកនេះគម្រោងរេដបូក កែវសីមា បានផ្តល់សម្រាប់សិស្សជនជាតិដើមភាគតិចទៅសិក្សានៅតាមសាកលវិទ្យាល័យ ក្នុងរាជធានីភ្នំពេញចំនួន៥នាក់ ដោយពេលនេះបានបញ្ចប់ការសិក្សារួចរាល់ផងដែរ។ក្នុងចំណោមនិស្សិតដែលបានទទួលអាហាររូបករណ៍ទាំងអស់នេះបានចូលធ្វើការតាមអង្គការ និងមួយចំនួនទៀតបានចូលបម្រើការងារតាមស្ថាប័នរដ្ឋ។

លោកបានបញ្ជាក់ថាក្នុងឆ្នាំ២០២៥នេះគម្រោងអាហាររូបករណ៍ នឹងធ្វើការជ្រើសរើសសិស្សចំនួន១០នាក់បន្ថែមទៀត ដែលសុទ្ធសឹងជាជនជាតិដើមភាគតិច រស់នៅក្នុងដែនជម្រកកែវសីមានៅសាលាភូមិន្ទកសិកម្មកម្ពុជា។ក្នុងឆ្នាំ២០២៥នេះអង្គការ WCSក៏មានការជ្រើសរើសសិស្សអាហាររូបករណ៍ជំនាញវិជ្ជាជីវៈ ចំនួន៥នាក់បន្ថែមទៀតដោយពួកគេអាចរៀនបានរយៈពេល២ឆ្នាំ។ លោកបានប្រាប់ថាបើគិតសរុបសិស្សដែលត្រូវបានអង្គការ WCSផ្តល់អាហាររូបករណ៍នានាកន្លងមកនេះមានប្រមាណជិត១០០នាក់ រួចមហើយ។

យុវជន  ណាក់ ដាលីន  ដែលបានទទួលអាហាររូបករណ៍តាមរយៈគម្រោងរេដបូកកែវសីមា ចាប់ពីឆ្នាំ២០២៤ដល់ ឆ្នាំ ២០២៦នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី បានប្រាប់ថា អាហាររូបករណ៍គឺឧបត្ថម្ភទាំងការបង់ថ្លៃសិក្សា ប្រាក់សម្រាប់ការសិក្សា និងការជួយឧបត្ថម្ភមួយចំនួនទៀត បានធ្វើឱ្យរូបលោកអាចសិក្សាមុខជំនាញពេញលេញ ពោលគឺមិនជួបការលំបាកសម្រាប់ក្រុមគ្រួសារក្នុងការរែកពន់ថវិការរៀនសូត្រនោះទេ។

យុវជនវ័យ២១ ឆ្នាំ ជាជនជាតិដើម ភាគតិច ពូនង រូបនេះបានប្រាប់ឱ្យដឹងបន្ថែមថា  ក្រោយបញ្ចប់មុខជំនាញទៅក្រៅអំពីការសង្ឃឹមជឿជាក់ថាមានការងារធ្វើហើយ រូបលោក ក៏ដូចជាសិស្ស និស្សិតដទៃទៀតនឹងបានរួមគ្នាចូលរួមកសាងសហគមន៍ ដែលជាជាតិដើមភាគតិចពូនងកាន់តែប្រសើរឡើង និងមានការរីកចម្រើនដោយមិនចាំបាច់ពឹងផ្អែកលើធនធានធម្មជាតិដូចពេលមុននោះឡើយ។

ជាមួយគ្នានេះដែរ កញ្ញា នុត លក្ខិណា ដែលមានទទួលអាហាររូបករណ៍រយៈពេល២ឆ្នាំក្នុងមុខជំនាញកុំព្យូទ័រនោះបានឱ្យដឹងដែរថាការបានរៀនមុខជំនាញពិតជាបានជួយដល់ក្រុមជនជាតិភាគតិចរបស់កញ្ញាយ៉ាងច្រើនណាស់ពីព្រោះថាមិនត្រឹមសិក្សាមិនចំណាយថវិការទេ តែក៏ទទួលការបណ្តុះបណ្តាលដោយផ្តល់ថវិការសម្រាប់ចាយវាយមួយផ្នែកប្រចាំថ្ងៃផង។សង្ឃឹមថាការទទួលបានបណ្តុះបណ្តាលនេះនឹងជួយឱ្យកញ្ញាងាយរកការងារធ្វើនៅបេលបញ្ចប់ការសិក្សាទៅ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក  ខ្វៃ អាទិត្យា គូសបញ្ជាក់បន្ថែមថា គម្រោងរេដបូកបានជួយទៅលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្លូវថ្នល់ សាលារៀន ផ្តល់អាហាររូបករណ៍ដល់សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាតបន្តការសិក្សាទាំងក្នុងការសិក្សាវិទ្យាល័យរហូតដល់ការបន្តការសិក្សាដល់សាកលវិទ្យាល័យ។ គម្រោងនេះមិនត្រឹមតែជួយដល់សហគមន៍តំបន់ការពារធម្មជាតិឱ្យមានការវិវឌ្ឍរីកចម្រើនទេ ប៉ុន្តែក៏បានជួយដល់កូនចៅសហគមន៍មូលដ្ឋានមានចំណេះដឹងសម្រាប់កសាងធនធានមនុស្សឱ្យកាន់តែសម្បូរបែបនៅកម្ពុជាទៀតផង។

គួរឱ្យដឹងថា ដែនជម្រកសត្វព្រៃកែវសីមា គ្របដណ្តប់លើផ្ទៃដី ៣១៧ ៤៥៦ ហិកតា ស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា ដោយមួយផ្នែកធំមួយស្ថិតនៅក្នុងខេត្តមណ្ឌលគិរី និងផ្នែកតូចមួយស្ថិតនៅក្នុង ខេត្តក្រចេះ។ជាមួយគ្នានេះអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយក្រសួងបរិស្ថាន បានកំពុងអនុវត្តគម្រោងកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើនិងការរេចរិលនៃព្រៃឈើ (REDD+) នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ គម្រោងនេះផ្តោតលើសកម្មភាពសំខាន់ៗដូចជា៖ ពង្រឹងសមត្ថភាពអនុវត្តច្បាប់ ការគ្រប់គ្រងធនធានធម្មជាតិដែលដឹកនាំដោយសហគមន៍មូលដ្ឋាន ការលើកកម្ពស់ជីវភាពសហគមន៍ និងការស្រាវជ្រាវនិងត្រួតពិនិត្យតាមដានជីវៈចម្រុះជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម