Connect with us

ព័ត៌មានជាតិ

កម្ពុជា បន្តរងឥទ្ធិពលពីព្យុះចំនួន២ ដោយសារគន្លងផ្លូវដើររបស់ព្យុះទាំងពីរមកក្បែរ

បានផុស

នៅ

កម្ពុជា នឹងបន្តរងឥទ្ធិពលពីព្យុះចំនួនពីរក្នុងពេលតែមួយ គឺព្យុះទី២៥ ឈ្មោះ កាលម៉េហ្គី (Kalmaegi) និងព្យុះទី២៦ ឈ្មោះ ហ្វូងវង់ (Fung-wong) ដោយសារគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះដើរមកក្បែរ តែកម្រិតដែលកម្ពុជាទទួលរងឥទ្ធិពលត្រឹម២០%ប៉ុណ្ណោះ។

តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកានេះ ព្យុះទី២៦ ឈ្មោះ ហ្វូងវង់ (Fung-wong) T2526 កើតឡើងដោយសារការវិវត្ដពីសម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ខណៈព្យុះទី២៥ ឈ្មោះ កាលម៉េហ្គី (Kalmaegi) T2525 ដែលមានទីតាំងនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះសង្ឃរា និងធ្វើឱ្យមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានខ្លាំង ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។

តាមការប្រកាសរបស់ក្រសួងធនធានទឹក ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នឹងធ្វើឱ្យ តំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធញយម៤ម៉ែត្រក្នុងមួយវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២០%។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា២៨°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម៤ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥%។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា២៨°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម៥ម៉ែត្រក្នុងវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ “និងខ្យល់កន្ត្រាក់គ្រប់ដណ្តប់លើផ្ទៃដី ២៥%។ រលឹកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម