ព័ត៌មានជាតិ
សហជីពនៅកម្ពុជាថ្កោលទោសចំពោះការបាញ់ប្រហារយ៉ាងសាហាវឃោរឃៅរបស់កងកម្លាំងថៃ លើជនស៊ីវិលខ្មែរស្លូតត្រង់
សហជីពនៅកម្ពុជា នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញញត្តិថ្កោលទោសចំពោះការបាញ់ប្រហាររបស់កងកម្លាំងថៃលើជនស៊ីវិលខ្មែរស្លូតត្រង់បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសជាច្រើននាក់ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថាជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ បំពានអធិបតេយ្យភាពកម្ពុជា និងល្មើសច្បាប់អន្តរជាតិ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានថ្កោលទោសយ៉ាងដាច់អង្ហការ និងបានហៅការបាញ់ប្រហាររបស់ថៃលើជនស៊ីវិលស្លូតត្រង់កម្ពុជា ថាជាការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងអមនុស្សធម៌ បំពានលើអធិបតេយ្យភាពនៃព្រំដែនជាតិក៏ដូចជាបទល្មើសតាមច្បាប់អន្តរជាតិ ដែលសហគមន៍អន្តរជាតិ អាស៊ាន អឺរ៉ុបជាដើម គួរតែពិនិត្យតាមដានជួយរកយុត្តិធម៌ដល់ប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះដោយទង្វើអាក្រក់របស់ភាគីថៃមកលើកម្ពុជា។

សហភាពពលកម្មជាតិកម្ពុជា ដែលមានសហព័ន្ធសហជីព និង អង្គការ សមាគមសរុបចំនួន ១៧ និងសហជីពមូលដ្ឋានមានចំនួន ១៧៨ ដែលមានសមាជិកសរុបជាង ៧ម៉ឺននាក់មកពីគ្របវិស័យ បានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ការពារសេចក្តីថ្លៃថ្នូររបស់ប្រជាជនខ្មែរ ដោយប្រើវិធានការទូតគ្រប់ជំហាន និងស្នើសុំឱ្យអង្គការអន្តរជាតិពាក់ព័ន្ធ ចូលរួមតាមដាន និងជួយធានាឱ្យមានយុត្តិធម៌សម្រាប់ជនរងគ្រោះ។

ស្រដៀងគ្នានេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា តំណាងឱ្យសមាជិក សមាជិកាជាង៥ម៉ឺននាក់ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ អគុណធម៌យ៉ាងសាហាវឃោរឃៅរបស់យោធាថៃ និងបានស្នើឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងប្រដាប់អាវុធមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ ក៏ដូចជាការប្រើប្រាស់កម្លាំងអាវុធក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។

ចំណែកលោក តុល ផាន់មឿង ប្រធានសហភាពសហជីពមរតកជាតិកម្ពុជា (CCTUH) ក៏បានសង្កត់ធ្ងន់ដែរថា ហេតុការណ៍ថៃបាញ់ប្រហារជនស៊ីវិលស្លូតត្រង់កម្ពុជា ជាការរំលោភលើសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាការបំពានលើអធិបតេយ្យភាពនៃព្រំដែនជាតិក៏ដូចជាបទល្មើសតាមច្បាប់អន្តរជាតិ។ ជាមួយគ្នានេះ លោក អំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធទាំងពីរជាប់ព្រំដែនថែរក្សាសន្តិភាព និងសហការលើគោលការណ៍ គោរព អន្តរជាតិ ដើម្បីជៀសវាងហេតុការណ៍បែបនេះកើតឡើងម្ដងទៀត។
ទន្ទឹមនេះ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ ក៏បានប្រកាសថ្កោលទោសថៃចំពោះអំពើអមនុស្សធម៌សាហាវឃោរឃៅព្រៃផ្សៃ និងរំលោភបំពានសេចក្តីថ្លែងការណ៍រួមនៃកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃ ដែលទង្វើនេះអាក្រក់ពន់ពេកមិនអាចទទួលយកបាន។ ជាមួយគ្នានេះ លោកបានអំពាវនាវ ដល់សហគមន៍អន្តរជាតិសូមថ្កោលទោសថៃយ៉ាងម៉ឺងម៉ាត់ចំពោះអំពើរំលោភបំពាន និងព្រៃផ្សៃបំផុតរបស់ថៃលើកម្ពុជា និងធ្វើយ៉ាងណាឱ្យថៃបញ្ឈប់សកម្មភាពជាបន្ទាន់៕





-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


