ព័ត៌មានជាតិ
រដ្ឋមន្រ្តីណែនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បន្តរៀបចំកម្មវិធីបណ្តុះបណ្តាលថ្មីៗឆ្លើយតបតម្រូវការថែទាំ និងព្យាបាលពលរដ្ឋនៅកម្ពុជា
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើការណែនាំដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បន្តរៀបចំកម្មវិធីបណ្តុះបណ្តាលថ្មីៗ ដើម្បីឆ្លើយតបឱ្យបានទាន់ពេល និងសមស្របតាមតម្រូវការថែទាំ និងព្យាបាលប្រជាពលរដ្ឋនៅប្រទេសកម្ពុជា។

លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រីបានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៥-២០២៦ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំឱ្យសាកលវិទ្យាល័យបន្តពង្រឹងគុណភាពនៃការបណ្តុះបណ្តាល ដោយធ្វើបច្ចុប្បន្នភាពជាប្រចាំលើកម្មវិធីសិក្សានៅគ្រប់កម្រិត។ ខិតខំពង្រីកការផ្សព្វផ្សាយ និងការលើកស្ទួយកិត្យានុភាពវិជ្ជាជីវៈសុខាភិបាល ក្នុងចំណោមអនាគតនិស្សិត និងសាធារណជន សំដៅបង្កើនចិត្តចង់ចូលរៀន និងស្រឡាញ់វិជ្ជាជីវៈសុខាភិបាល ចូលរួមបម្រើសុខុមាលភាពប្រជាពលរដ្ឋយើង ឱ្យបានកាន់តែប្រសើរឡើង។ យកចិត្តទុកដាក់ពង្រឹងសមត្ថភាពគរុកោសល្យសម្រាប់សាស្រ្តាចារ្យ ដើម្បីសម្រេចបាននូវការបណ្តុះបណ្តាលបែបសមត្ថភាពស្នូលជាគោល សម្រាប់កម្មវិធីសិក្សាគ្រប់កម្រិត។

លើសពីនេះត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការលើកកម្ពស់ក្រមសីលធម៌វីជ្ជាជីវៈ និងការអនុវត្តច្បាប់ក្នុងវិស័យសុខាភិបាល ដោយរិះរកវិធីសាស្រ្តក្នុងការបង្រៀន និងវាយតម្លៃឱ្យកាន់តែប្រសើរឡើង។ បន្តពង្រឹងការងារអភិបាលកិច្ច និងការងារគ្រប់គ្រង តាមរយៈការបណ្តុះបណ្តាលបន្តជាប្រចាំ អំពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តី បុគ្គលិក និងជំរុញការធ្វើទំនើបកម្មការងារអភិបាលកិច្ច និងគ្រប់គ្រងដោយប្រើប្រាស់នូវកាលានុវត្តភាព របស់បច្ចេកវិទ្យាឱ្យបានច្រើនបំផុតដែលអាចធ្វើទៅបាន។ បន្តពង្រីកហេដ្ឋារចនាសម្ព័ន្ធឱ្យបានសមស្រប បម្រើដល់ការរៀន និងបង្រៀន ផ្តោតលើសមត្ថភាព។ បន្តជំរុញការងារសិក្សាស្រាវជ្រាវដោយសហការជាមួយដៃគូជាតិ និងអន្តរជាតិបន្ថែមទៀត ដើម្បីស្វែងរកនូវរបកគំហើញថ្មីៗ សម្រាប់ជាធាតុចូលសំខាន់ ក្នុងការរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តសុខាភិបាលនាពេលអនាគត។ បន្តពង្រឹងនូវទំនាក់ទំនងភាពជាដៃគូ រវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងទីតាំងកម្មសិក្សាគ្រប់កម្រិតនិងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាសាកលវិទ្យាល័យ អង្គការ ស្ថាប័នជាតិនិងអន្តរជាតិ សំដៅជំរុញការកៀរគរធនធាន ទាំងបច្ចេកទេស និងថវិកា សម្រាប់ការអភិវឌ្ឍសាកលវិទ្យាល័យ ឱ្យកាន់តែឈានឡើងក្នុងកម្រិតអន្តរជាតិ។

ជាមួយគ្នានេះដែរ លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រីបានផ្ញាំផ្ញើដល់និស្សិតទាំងអស់ ក្លាយជាចលករ នៃការការពារប្រជាពលរដ្ឋកម្ពុជា ដោយផ្តោតសំខាន់លើសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ដែលត្រូវប្រឈមនឹងបញ្ហាដែលអាចកើតមានរៀងរាល់ថ្ងៃស្អែក និងពុះពារបញ្ហាប្រឈម ដើម្បីអនាគតនៃសុខាភិបាលកម្ពុជាយើង។
លោកសាស្ត្រាចារ្យរដ្ឋមន្រ្តីបានបន្តថា«ថ្ងៃនេះ គឺជាថ្ងៃទីមួយនៃឆ្នាំសិក្សាសាកលវិទ្យាល័យ ដែលនេះមិនមែនគ្រាន់តែជាថ្ងៃចាប់ផ្តើមរៀននូវមេរៀនទាំងឡាយនោះទេ គឺពិតជាថ្ងៃនៃការចាប់ផ្តើមបោះជំហាននាំ ភាពប្រសើរឡើង សម្រាប់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។»

លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានមានប្រសាសន៍ថាសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលបានដំណើរការកម្មវិធីបណ្តុះបណ្តាល ចំនួន ៥១ កម្មវិធី ដោយមាន និស្សិតសរុបចំនួន ៨៦០១ នាក់ ក្នុងនោះជានិស្សិតស្រីចំនួន ៥,២៩៣ នាក់។ ក្នុងចំណោមនិស្សិតទាំងនោះ មាននិសិ្សត ចំនួន ៦១១ នាក់ (ស្រីចំនួន ៤២០ នាក់) បានទទួលអាហារូបករណ៏បង់ថ្លៃជំនួសដោយរាជរដ្ឋាភិបាលកម្ពុជា និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ចំនួន ៧៨ នាក់ (ស្រីចំនួន ៣៤ នាក់) បានទទួលអាហារូបករណ៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ០២ នាក់ ( ជាបុរស) បានទទួលអាហារូបករណ៍ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន។បន្ថែមនេះ និស្សិតដែលបានបញ្ចប់ការសិក្សាពី ស.វ.ស ក្នុងឆ្នាំសិក្សា ២០២៤ – ២០២៥ មានចំនួនសរុប ចំនួន ១,២៩៧ នាក់៕



អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


