ព័ត៌មានជាតិ
អភិបាលរងខេត្តកោះកុង ជំរុញដល់មន្ត្រីពន្ធនាគារ តាមដានពិនិត្យស្ថានភាពការរស់នៅរបស់ជនជាប់ឃុំឱ្យល្អមានសណ្ដាប់ធ្នាប់
លោកអភិបាលរងខេត្តកោះកុង បានណែនាំស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្ត បន្តតាមដានត្រួតពិនិត្យពីស្ថានភាព នៃការគ្រប់គ្រង និងការរស់នៅរបស់អ្នកទោសឱ្យមានសណ្ដាប់ធ្នាប់ល្អ បញ្ចៀសកើតមានបាតុភាពខុសប្រក្រតីណាមួយ។

លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង ថ្លែងនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះថា ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្ត សូមបន្តខិតខំធ្វើការតម្កល់ផលប្រយោជន៍អង្គភាព និងសន្តិសុខសាធារណៈជាធំ ហើយត្រូវមានម្ចាស់ការគ្រប់គ្រងអគាររបស់ខ្លួនឱ្យបានល្អ កុំឱ្យមានបាតុភាព ឬបទល្មើសណាមួយកើតឡើង។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយនឹងជនជាប់ឃុំនៅក្នុងពន្ធនាគារ និងថ្នាក់ដឹកនាំពន្ធនាគារខេត្តកោះកុង លោកអភិបាលរងខេត្ត បានបន្តថា ការងារគ្រប់គ្រង និងការត្រួតពិនិត្យពីស្ថានភាពរស់នៅរបស់ជនជាប់ឃុំនៅក្នុងពន្ធនាគារខេត្ត ដើម្បីធានាប្រសិទ្ធភាពការងារ និងបញ្ចៀសការកើតមានបាតុភាពខុសប្រក្រតីណាមួយ។ ទោះយ៉ាងណា លោកក៏បានកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្ត បានអនុវត្តការងារគ្រប់គ្រងសណ្ដាប់ធ្នាប់អ្នកទោសបានល្អប្រសើរហើយ។

លោកអភិបាលរងខេត្ត លើកឡើងទៀតថា អ្នកទោសទាំងឡាយដែលកំពុងទទួលទោសត្រូវគោរពវិន័យ និងខិតខំកែប្រែខ្លួនទៅតាមច្បាប់កំណត់ ករណីមិនអនុវត្តពេញលេញទេនោះច្បាស់ជាពុំមានឈ្មោះក្នុងបញ្ជីបន្ធូរបន្ថយទោសឡើយ។ អ្វីដែលពិសេសនៅចំពោះមុខ គឺដាច់ខាតមិនត្រូវមានការសេព ឬប្រព្រឹត្តបទល្មើសគ្រឿងញៀនក្នុងពន្ធនាគារទេ។
ទន្ទឹមនោះដែរ លោក ហាក់ ឡេង រំពឹងទុកជាមុនថា នៅពេលទណ្ឌិតណាម្នាក់កែប្រែខ្លួនទៅតាមកម្រិតទោសរបស់ខ្លួន និងប្រឹងប្រែងរៀនសូត្រជំនាញវិជ្ជាជីវៈក្នុងពន្ធនាគារ គ្រាចេញពីពន្ធនាគារ នឹងក្លាយជាធនធានមនុស្សដ៏សំខាន់ដែលសង្គមជាតិត្រូវការចូលរួមអភិវឌ្ឍន៍។
ចំណែកលោកឧត្តមអគ្គានុរក្សថ្នាក់លេខ ២ ចាន់ ចំណាន ប្រធានពន្ធនាគារខេត្តកោះកុង បានបង្ហាញថា សព្វថ្ងៃពន្ធនាគាររបស់លោកបានអនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់លើការគ្រប់គ្រងអ្នកទោសដែលកំពុងជាប់ឃុំ តបតាមការណែនាំគោលការណ៍របស់ថ្នាក់ដឹកនាំ។

លោក ចាន់ ចំណាន ក៏បានរំលេចទៀតថា ពន្ធនាគារខេត្តកោះកុង ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យឯកសារឱ្យបានត្រឹមត្រូវ គ្រប់គ្រងសណ្ដាប់ធ្នាប់ ការស្លៀកពាក់របស់ជនជាប់ឃុំឱ្យបានល្អ និងសម្អាតបរិស្ថានជុំវិញអគារឱ្យស្អាតជានិច្ច។ រីឯតាមច្រកតាមកងព័ន្ធ និងនៅតាមអគារ ត្រូវពង្រឹងការងារត្រួតពិនិត្យឆែកឆេរ រុករកវត្ថុហាមឃាត់ និងបទល្មើស ដែលខុសនឹងបទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងច្បាប់របស់រដ្ឋ។
គួរជម្រាបថា បច្ចុប្បន្ន ពន្ធនាគារខេត្តកោះកុង មានអ្នកទោសសរុប ៨៨៧ នាក់/ស្រី ៦៨ នាក់។ ក្នុងនោះ ជនត្រូវចោទ ៦៥ នាក់ ជនជាប់ចោទ ៨៧ នាក់ ពិរុទ្ធជន ២៦៥ នាក់ និងទណ្ឌិតចំនួន ៤៧០ នាក់។ ជាក់ស្តែង ក្រុមអ្នកទោសទាំងនោះ ត្រូវបានទទួលវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គាំទ្រផ្នែកសុខភាព គ្មានការកេងប្រវ័ញ្ច ឬធ្វើទុក្ខបុកម្នេញជនជាប់ឃុំ អប់រំពីផលប៉ះពាល់ដោយសារគ្រឿងញៀន និងអប់រំផ្នែកពុទ្ធសាសនាជាដើម ដើម្បីពង្រឹងសមត្ថភាពពួកគាត់ពេលចេញពីពន្ធនាគារប្រែក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ






-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


