Connect with us

ព័ត៌មានជាតិ

ប្រជាកសិកររស់នៅឃុំព្រៃថ្នង ស្រុកទឹកឈូ ប្រាប់ពីបច្ចេកទេសដាំបន្លែទ្រើងតាមបែបធម្មជាតិជួយការពារសុខភាព

បានផុស

នៅ

លោកស្រី គាំ សម្ផស្ស ជាប្រជាកសិកររស់នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ប្រាប់ពីបច្ចេកទេសដាំបន្លែទ្រើងតាមបែបធម្មជាតិ មិនប្រើប្រាស់ថ្នាំគីមី ដើម្បីការពារសុខភាពអ្នកទទួលទានទៅតាមគុណភាពដី។ អ្នកស្រីថា គាត់បានជ្រើសរើសការដាំបន្លែទ្រើងតាមបែបធម្មជាតិ មានតាសក់ ត្រឡាច ននោង និងម្រះជាដើម ព្រោះដំណាំប្រភេទនេះ មិនរើសប្រភេទដី មិនពិបាកថែទាំ មិនបាច់ប្រើជីគីមី និងថ្នាំសម្លាប់សត្វល្អិតនោះទេ វាអាចជួយទាំងការពារសុខភាពមនុស្ស ទៅតាមគុណភាពដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី គាំ សម្ផស្ស បានលើកឡើងថា ការដាំដំណាំបន្លែទ្រើង វិលជុំ មានតាសក់ ត្រឡាច ននោង ម្រះ និងសណ្តែកគួរជាដើម ជាលក្ខណៈគ្រួសារនៅដីប្រមាណ ២ហិកតា បានផ្ដល់សុវត្ថិភាពដល់អ្នកដាំ និងអ្នកទទួលទាន ខណៈដែលទិន្នផលតម្រូវការ និងមានទីផ្សារខ្ពស់បានសមរម្យនាបច្ចុប្បន្ននេះផងដែរ។ ការជ្រើសរើសដាំបន្លែទ្រើងនេះ ព្រោះវាងាយស្រួលដាំ មិនពិបាកថែទាំ ប្រើរយៈពេល៣៥ថ្ងៃអាចប្រមូលផលបានពីបន្លែទ្រើងមិនសូវរើសគុណភាពដីពីព្រោះដីមិនសូវមានជីជាតិក៏ដាំបានដែរ។

ប្រជាកសិកររូបនោះដដែលបានបន្តថា នេះជាតម្រូវការ និងតម្លៃនៅលើទីផ្សារក៏បានសមរម្យ មិនពិបាកលក់ ដោយមានឈ្មួញមកយកដល់ចម្ការ។ ប្រជាកសិកររូបនោះបានបន្ថែមឱ្យដឹងទៀតថា ក្នុងការដាំបន្លែទ្រើង មិនចាំបាច់ប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិតទេ គាត់ប្រើតែជីធម្មជាតិ និងបំពាក់តែប្រព័ន្ធទឹកស្រោចស្រពជាការស្រេច ហើយទិន្នផលក៏បានល្អ ក្នុងមួយថ្ងៃអាចប្រមូលតាសក់ ពី១០០ ទៅ២០០គីឡូក្រាម។

ការដាំបន្លែទ្រើងតាមបែបធម្មជាតិ ជួយដល់សុខភាពអ្នកទទួលទានផង កសិករដាំផង និងអាចថែរក្សាគុណភាពដីផងដែរ ហើយបន្លែក៏លក់បានថ្លៃជាងគេ បើប្រៀបធៀបនឹងបន្លែអ្នកផ្សេងៗទៀតក្នុងបច្ចុប្បន្នតាសក់ក្នុងមួយគីឡូចាប់ពី ១៧០០ រៀលទៅ១៩០០រៀលក្នុងមួយគីឡូក្រាម។

កញ្ញា ម៉ៅ ស្រីពៅ ជាមន្ត្រីបច្ចេកទេសកសិកម្មឃុំបានប្រាប់ឱ្យដឹងថា នៅក្នុងឃុំព្រៃថ្នងមានសកត្តានុពលខ្លាំងលើវិស័យកសិកម្ម ហើយក្នុងនាមជាមន្ត្រីថ្មី កញ្ញានឹងចុះពិនិត្យ សិក្សា ស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពលើដំណាំផ្សេងៗ ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្វះខាតរបស់ប្រជាកសិករនៅក្នុងមូលដ្ឋាន ដើម្បីជួយលើកកម្ពស់ក្នុងការដាំដុះ និងការចិញ្ចឹមសត្វឱ្យបានល្អប្រសើរ ដើម្បីកាត់បន្ថយថ្លៃដើមឱ្យនៅទាបបំផុត ដើម្បីបង្កើនទិន្នផល និងប្រាក់ចំណូល លើកកម្ពស់ជីវភាពរបស់ប្រជាកសិករនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ដោយឡែកចំពោះការដាំបន្លែទ្រើងរបស់កសិករខាងលើ ជាជម្រើសដ៏ល្អមួយ និងជាបទពិសោធថ្មីមួយសម្រាប់កសិករ ក៏ដូចជាមន្ត្រីកសិកម្ម ក្នុងការមិនប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សិតល្អិត ដែលវាររក្សាបានទាំងសុខភាពអ្នកដាំ អ្នកទទួលទាន និងគុណភាពដីផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម