ព័ត៌មានជាតិ
កសិករបាត់ដំបង បង្កើនការដាំដំណាំកសិកម្មផ្គត់ផ្គង់ទីផ្សារ ខណៈទទួលបានបច្ចេកទេសថែទាំជីត្រូវតាមស្តង់ដារ
កសិករនៅខេត្តបាត់ដំបង នាំគ្នាបង្កើនការដាំដុះដំណាំកសិកម្មរបស់ខ្លួន ដើម្បីផ្គត់ផ្គង់លើទីផ្សារ គ្រាន់ទទួលកម្រៃចិញ្ចឹមគ្រួសារប្រចាំថ្ងៃ ខណៈពួកគាត់ក៏ទទួលបានការណែនាំផ្នែកបច្ចេកទេសថែទាំ ការប្រើប្រាស់ជី និងថ្នាំគីមីឲ្យត្រូវតាមស្តង់ដារពីមន្ត្រីជំនាញ។

បច្ចុប្បន្នគេសង្កេតឃើញថា ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងក្រោយពីមានបញ្ហាព្រំដែនជាមួយប្រទេសថៃ ដែលឈានធ្វើឲ្យព្រំដែនរវាងប្រទេសទាំងពីរ ឃើញថា ប្រជាពលរដ្ឋកម្ពុជាក្នុងខេត្តបាត់ដំបង ងាកមកគាំទ្រកសិផលក្នុងស្រុកវិញយ៉ាងផុសផុល ធ្វើឲ្យទីផ្សារនានាក្នុងខេត្តធំទូលាយសម្រាប់កសិករ ដែលបាននាំយកកសិផលមកតាំងលក់លើទីផ្សារទូទាំងខេត្ត និងតាមបណ្តាខេត្តជិតខាងមួយចំនួនផង។
កសិករនៅក្នុងស្រុកបាណន់ នៃខេត្តបាត់ដំបង លោក ឈាង រុម រស់នៅក្នុងឃុំចែងមានជ័យ បានលើកឡើងថា តាំងពីលោក បានវិលមកស្រុកកំណើតវិញ លោកក៏បានបន្តមុខរបរកសិកម្មដែលមានស្រាប់ ហើយបច្ចុប្បន្នក៏បានពង្រីកលើការដាំដុះ ក្រៅពីផលដំណាំពោត ក៏បានដាំបន្លែជាច្រើនប្រភេទដូចជា សណ្តែកកួ ពពាយ ត្រប់ពុតញង ម្ទេស និងននោង ជាដើម សម្រាប់ផ្គត់ផ្គង់លើទីផ្សារនានាក្នុងខេត្ត។
បើតាមលោក ឈាង រុម “សម្រាប់ជីវិភាពប្រចាំថ្ងៃ គ្រួសារខ្ញុំមិនមានអ្វីឲ្យលំបាកនោះទេ ព្រោះផលដំណាំខ្ញុំបានដាំច្រើនប្រភេទ ហើយក្នុងមួយថ្ងៃៗ ខ្ញុំបានប្រមូលចូលទីផ្សារបានស្ទើររាល់ថ្ងៃ ដូច្នេះក្នុងមួយថ្ងៃ យ៉ាងហោចគ្រួសារខ្ញុំ អាចរកចំណូលបានចន្លោះពី ៤ ទៅ ៦ ម៉ឺនរៀល ថ្ងៃខ្លះអាចឈានដល់ ៩ ម៉ឺនរៀលផង បើមានទឹកភ្លៀង ហើយដំណាំលូតលាស់ល្អស្របគ្នា”។

ចំណែកស្រ្តីម្នាក់ក្នុងវ័យ ៧៥ឆ្នាំ រស់នៅក្នុងឃុំជាមួយគ្នា បានឲ្យដឹងដែរថា ដោយសារតែអ្នកស្រីនៅមានកម្លាំង អ្នកស្រីក៏បានប្រមូលផលដំណាំមួយចំនួនលក់បន្តឲ្យឈ្មួញដែលដើរទិញតាមភូមិ បានកម្រៃគ្រាន់បើដែរសម្រាប់ ទ្រទ្រង់ជីវភាពគ្រួសារ មិនពិបាកខ្វល់ខ្វាយឡើយ។
សម្រាប់អ្នកស្រី វ៉ាន់ ថា “តាមពិតការដាំដុះដំណាំ ប្រភេទដំណាំឆ្លងកាត់នេះ វាដូចជាមិនលំបាកណាស់ណានោះទេ ហើយ រយៈពេលប្រមូលផលក៏មិនយូរដែរ ភ្លេចៗខ្លួនបានលក់ ឲ្យតែយើងឧស្សាថែទាំ ហើយយើងក៏ត្រូវសួរនាំខាងមន្ត្រីកសិកម្ម បើសិនជាបន្លែ ឬដំណាំផ្សេងៗរបស់យើងមានសុខភាពមិនល្អ នោះមន្ត្រីគេនឹងណែនាំយើងហើយ”។
អ្នកស្រីបន្ត “សម្រាប់ខ្ញុំក្រៅពី ដាំដំណាំឆ្លងកាត់ខ្លះៗ ខ្ញុំក៏បានចិញ្ចឹមមាន់ស្រែឲ្យដើរស៊ីតាមដីលំនៅដ្ឋានផងដែរ គ្រាន់បានលក់ផ្សែផ្សំបន្ថែមលើផលដំណាំ ខ្ញុំគិតថា បើកសិករយើងមានវ័យប្រហាក់ប្រហែលខ្ញុំ ធ្វើតែបែបនេះ ជីវភាពដូចជាមិនលំបាកទេ”។

បើតាមអាជ្ញាធរមូលដ្ឋាន ក្នុងរយៈពេល ២ ខែ ចុងក្រោយនេះ ប្រជាពលរដ្ឋនៅតាមភូមិនីមួយៗ មានការដាំដំណាំតាមដីលំនៅដ្ឋានរបស់ពួកគាត់ច្រើនជាងគ្រាមុនសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ ហើយខ្លះក៏បានប្រមូលផលចូលទីផ្សារផងដែរ។ ក្រោយសង្កេតឃើញបែបនេះ អាជ្ញាធរមូលដ្ឋានស្រុកបានជំរុញឲ្យមន្ត្រីជំនាញកសិកម្មក្នុងមូលដ្ឋានជួយណែនាំផ្នែកបច្ចេកទេសក្នុងការថែទាំផលដំណាំ ដើម្បីកុំឲ្យកសិករប្រើថ្នាំកសិកម្មផ្តេសផ្តាស នាំឲ្យមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
បើតាមកញ្ញា ម៉ីគង់ ថាម៉ីវីរី មន្រ្តីកសិកម្មឃុំ តាគ្រាម ស្រុកបាណន់ ក្រោយពីមានការយកចិត្តទុកដាក់ពីក្រសួង និងមន្ទីរ ក៏ដូចជាអាជ្ញាធរស្រុកកន្លងទៅ តែងតែចុះផ្សព្វផ្សាយតាមខ្នងផ្ទះឲ្យកសិករបានស្គាល់ម្បីទាក់ទងជួយលើផ្នែកវិស័យកសិកម្ម។ ក្នុងនាមជាមន្ត្រីកសិកម្មឃុំ តែងតែបានចុះជួយសម្របសម្រួល និងរកដំណោះស្រាយជូនកសិករយ៉ាងស្និតស្នាលបំផុត៕
អត្ថបទ÷ សៅ សារិទ្ធ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


