Connect with us

សេដ្ឋកិច្ច

ផលដំណាំពលរដ្ឋខេត្តពោធិ៍សាត់ ឆ្នាំនេះអាចកើនឡើង ព្រោះអាកាសធាតុអំណោយផល

បានផុស

នៅ

លោក ហៃ ធូរ៉ា ប្រធាន​មន្ទីរ​កសិកម្ម​ រុ​ក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ពោធិ៍សាត់ បាន​ឱ្យ​ «កម្ពុជា​ថ្មី​» ដឹង​ថា ឆ្នាំ​នេះ ផល​ដំណាំកសិកម្ម​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត អាច​មាន​ការ​កើន​ឡើង ដោយ​សារ​តែ​អាកាស​ធាតុ​មាន​លក្ខណៈ​អំណោយ​ផល​ល្អ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​ទៅ​និង​ផលដំណាំកសិកម្ម​ក្នុង​ឆ្នាំនេះ លោក ហៃ ធូរ៉ា បាន​មាន​ប្រសាសន៍ថា ដំណាំកសិកម្មរបស់ពលរដ្ឋអាចមានការកើនឡើង ព្រោះ​ឆ្នាំនេះ​ការ​ដាំដុះ​មានការ​កើន​ឡើង ព្រម​ទាំង​ទិន្នផល​ក៏​មាន​ការ​កើនឡើង​ដែរ ហើយ​ទឹកភ្លៀង​អំណោយ​ផល​ល្អ ដំណាំ​ពុំ​សូវ​ជួប​ប្រទះ​បញ្ហា​ជំងឺ និង​សត្វល្អិត​ដូចឆ្នាំ​កន្លងមក ម្យ៉ាង​ទៀត​ការ​យល់​ដឹង​បច្ចេកទេស និង​ការ​អនុវត្ត​ការ​ប្រើប្រាស់​ពូជ ជី ថ្នាំ​បាន​ល្អ​ប្រសើរ។

ជាក់ស្តែង ឆ្នាំនេះ​ផ្ទៃដីដាំដុះ គិតមកដល់ថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ២០២៥ នេះ ឃើញថាមាន​ការ​កើនជាង​ឆ្នាំ២០២៤ ដូចជា​ដំណាំស្រូវអនុវត្តបាន ១៥៨ ៤២៧ ហិតា កើនជាង ១៩ ៨៤៤ ហ.ត ដំណាំរួមផ្សំ និង​ដំណាំ​ឧស្សាហកម្ម​អនុវត្ត​បាន ៤៤ ៧៤២ ហិតា កើនេជាង ៧ ៩០៤ ហិតា។

លោក​ប្រធាន​មន្ទីរ ក៏​បាន​បញ្ជាក់​ដែរ​ថា «ដូច​គ្នា​នេះ​ ប្រសិន​បើ​ឆ្នាំ​នេះ​ការ​ដាំដុះ​មាន​ការ​ថយ​ចុះ ហើយ​ការ​ចំណាយ​របស់​កសិករ​ទៅ​លើ​​ធាតុ​ចូល​ផ្សេង​ៗ​ក៏ខ្ពស់ ព្រម​ជា​មួយ​តម្លៃ​កសិផល​ដូច​​ជា​ស្រូវ​ឆ្នាំនេះ​មាន​ការធ្លាក់ថ្លៃផងនោះ វា​នឹង​ប្រាកដ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ចំណូល​​គ្រួសារ​កសិករ​ដែល​ពឹងផ្អែក​លើ​ការងារ​កសិកម្ម»។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ ហៃ ធូរ៉ា បាន​លើក​ឡើង​ថា ក្រសួងកសិកម្ម បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ និង​វិធានការណ៍​បន្ទាន់​ក្នុងការ​អន្តរាគមន៍​លើការ​សម្របសម្រួល​ឱ្យវិស័យ​ឯកជន​ជួយ​ប្រមូល​ទិញ​កសិផល​របស់​ប្រជាពលរដ្ឋ​ទាន់​ពេលវេលា ចៀស​វាង​ការ​កកស្ទះ និង​ធ្វើ​ឱ្យ​ខាតបង់​ដល់​ប្រជាកសិករ។ មិន​តែ​ប៉ុណ្ណោះ ក្រសួង ក៏​ដូច​ជា​មន្ទីរ​ ក៏បានជំរុញ និង​ផ្សព្វផ្សាយ​ឱ្យ​ប្រជា​កសិករ​ចងក្រង​ជា​សហគមន៍​កសិកម្ម​ទំនើប ដើម្បី​ផលិត​តាម​ស្តង់ដារ​មាត្រដ្ឋាន កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត អនុវត្ត​ផលិត​កម្ម​កសិកម្ម​តាម​កិច្ចសន្យា (រក​ទីផ្សារ​​មុនដាំដុះ) និង​ប្រភពទុន​សម្រាប់​ជា​​ប្រាក់​កម្ចី​គាំទ្រ​ផលិតកម្ម​កសិកម្ម​លើ​សហគមន៍​ផងដែរ។

ក្រៅតែពីដំណាំយុទ្ធសាស្ត្រ លោក ប្រធាន​មន្ទីរ បាន​បន្ថែម​ថា ដំណាំផ្សេងៗ​ក្នុង​ខេត្ត​ ក៏​មាន​លក្ខណៈ​​អំណោយ​ផល​ល្អដែរ ដូចជា ដំណាំ​បន្លែ​សុវត្ថិភាព កសិករ​អាចមាន​ឱកាស​ពង្រីក​ការ​ដាំដុះ​និង​បាន​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង និង​ក្រៅស្រុក បាន​ប្រមាណ ១០-២០ តោន ក្នុងមួយថ្ងៃ ហើយ​ក៏​មាន​ដំណាំហូបផ្លែមួយចំនួនផងដែរ ដូចជា ចេក ទុរេន សាវម៉ាវ និង​ក្រូចពោធិ៍សាត់ ដែល​កន្លង​មក​រួមចំណែក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចក្នុងខេត្ត និង​ទាក់ទាញ​ទេសចរណ៍ផង៕

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម