Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញគោរពវិញ្ញាណក្ខន្ធ​វីរកងទ័ពជួរមុខពលីជីវិតក្នុងបុព្វហេតុការពារជាតិ

បានផុស

នៅ

សពវីរកងទ័ពជួរមុខកម្ពុជា លោកអនុសេនីយ៍ត្រី ប៉ាត ម៉ៅ នៃកងពលតូចលេខ ២១ ដែលបានពលីជីវិតយ៉ាងអង់អាចនៅសមរភូមិមុខ នៅក្នុងបុព្វហេតុការពារជាតិមាតុភូមិ ត្រូវបានប្រារព្ធធ្វើពិធីបុណ្យសពនៅគេហដ្ឋានក្នុងភូមិកំពុងស្រែ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំមន្រ្តីរាជការនៃរដ្ឋបាលខេត្តក្រចេះដឹកនាំដោយ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង លោក វ៉ា ថន អភិបាលខេត្តក្រចេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំយោធា មន្ត្រីរាជការក្នុងខេត្ត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរៈកងទ័ពលោកអនុសេនីយ៍ត្រី ប៉ាត ម៉ៅ ផងដែរ។

ដំណើរអញ្ជើញរបស់ថ្នាក់ដឹកនាំខេត្ត មន្ត្រី​រាជការ នាពេលនេះ គឺជាការបង្ហាញនូវការដឹងគុណ និងការគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះការលះបង់ជីវិតរបស់វីរៈជនយើង។

លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ា ថន អភិបាលខេត្ត បានសម្តែងនូវក្តីរន្ធត់ និងសោកស្តាយបំផុតចំពោះក្រុមគ្រួសារសព ហើយបានចាត់ទុកការបាត់បង់វីរៈបុរសរូបនេះ ថា ជាការបាត់បង់ដ៏ធំធេងរបស់ជាតិ ។ “វីរភាពរបស់លោកអនុសេនីយ៍ឯក ប៉ាត ម៉ៅ ក្នុងការការពារបូរណភាពទឹកដី គឺជាគំរូដ៏ប្រសើរសម្រាប់យុវជនជំនាន់ក្រោយ និងជាការចងចាំដ៏អមតៈក្នុងប្រវត្តិសាស្ត្រការពារជាតិរបស់យើង អាជ្ញាធរខេត្តក្រចេះ នឹងបន្តយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារវីរៈជនដែលបានពលីគ្រប់រូប”។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំខេត្ត លោកទាំងពីរ ក៏បាននាំយកនូវថវិការបស់សម្តេចធិបតី និងលោកជំទាវ ចំនួន ៨០លានរៀល និងថវិការបស់រដ្ឋបាលខេត្តចំនួន ២០លានរៀល និងគ្រឿងឧបភោគបរិភោគជូនដល់ក្រុមគ្រួសារសព ដើម្បីចូលរួមរំលែកទុក្ខ និងផ្តល់កិត្តិយសចុងក្រោយជូនដល់វីរៈជនដែលបានបំពេញកាតព្វកិច្ចជូនជាតិដល់ទីបញ្ចប់៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម