Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានី ទទួលបានថវិកាជិត ៩ ម៉ឺនដុល្លារ និងជាង ៥៣៧ លានរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារជាច្រើនមុខ ពីសប្បុរសជន

បានផុស

នៅ

រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួល​បាន​ថវិកា​ជិត ៩ ម៉ឺន​ដុល្លារ ប្រាក់​ខ្មែរ​ជាង ៥៣៧ លាន​រៀល និង​គ្រឿង​ឧបភោគ បរិភោគ ថ្នាំពេទ្យ សម្ភារ ជា​ច្រើន​មុខ ពី​សប្បុរសជន ដើម្បី​ត្រៀម​រៀបចំ​បែងចែក​ជូន​ទៅ​វីរ​កងទ័ព​ជួរមុខ​កម្ពុជា និង​ប្រជាពលរដ្ឋ​ជា​ជនភៀសសឹក នៅ​តាម​មណ្ឌល​សុវត្ថិភាព​នានា ដែល​នេះ​ពិតជា​បាន​បញ្ជាក់​ពី​ខឿន​ការពារ​ជាតិ​ប្រជាជន ក្រោម​ការ​ដឹកនាំ​របស់ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយ​ក្រោយពី​ផ្ទុះ​សង្គ្រាម​ជា​ថ្មី​ពី​ក្រុម​ទាហាន​ថៃ​ឈ្លានពាន​ចូល​បូរណភាព​ទឹកដី​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី ១៥ ធ្នូ នេះ សប្បុរសជន ក្រុមហ៊ុន​ឯកជន និង​ស្ថាប័នរដ្ឋ បាន​និង​កំពុង​បន្ត​ទទួល​អំណោយ​ពី​សប្បុរសជន នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​ការ​អញ្ជើញ​ទទួល​ដោយ លោក សុខ ពេញ​វុធ និង​លោក ពេញ ធារម្យ អភិបាល​រង​រាជធានី​ភ្នំពេញ តំណាង​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​មាន​ដូចជា ៖ រដ្ឋបាល​ខណ្ឌ​ដង្កោ ​, រដ្ឋបាល​ខណ្ឌ​ដូនពេញ ​, រដ្ឋបាល​ខណ្ឌ​ចំការមន ​, គណៈកម្មការ​ផ្សារ​សាមគ្គី ,​ ក្រុមហ៊ុន​ឯកជន​ និង​សប្បុរសជន​ជា​ច្រើន​រូប​ទៀត។

ក្នុង​ឱកាស​នោះ លោក សុខ ពេញ​វុ​ធ និង​លោក ពេញ ធារម្យ បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សប្បុរសជន​ទាំងអស់​ដែល​បាន​ចូលរួម​ចែករំលែក​នូវ​ធនធាន​ទៅតាម​លទ្ធភាព​រៀងៗ ខ្លួន ដើម្បី​ឧបត្ថម្ភ​ដល់​វីរ​កងទ័ព​ជួរមុខ និង​ក្រុម​គ្រួសារ​ពលរដ្ឋ​ជា​ជនភៀសសឹក​ដែល​បាន​និង​កំពុង​ជម្លៀស​ខ្លួន​ចេញ​ពី​ផ្ទះសម្បែង​ទៅ​ស្នាក់នៅ​ទីកន្លែង​សុវត្ថិភាព ដែល​នេះ​ពិតជា​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​សាមគ្គីភាព​ជា​ធ្លុង​មួយ​ខ្មែរ​ស្រលាញ់​ខ្មែរ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១៥ ធ្នូ នេះ មាន​សប្បុរសជន ក្រុមហ៊ុន​ឯកជន និង​ស្ថាប័នរដ្ឋ ប្រមាណ​ជាង ១៣០ ហើយ ដែល​បាន​សម្រុក​យក​ថវិកា គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារ មក​ប្រគល់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ។

បើតាម​លោកស្រី ដោ សម្ផស្ស នាយិកា​រង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង ១៨:០០ នាទី ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​បន្ត​ទទួល​នូវ​ការ​បរិច្ចាគ​សរុប​ជា​ថវិកា​ចំនួន ៥៣៧.០១៨.៣២៤ រៀល ប្រាក់​ដុល្លារ​ចំនួន ៨៨.៩៣៤ ដុល្លារ​អាមេរិក និង​គ្រឿង​ឧបភោគ បរិភោគ ថ្នាំពេទ្យ សម្ភារ​ផ្សេងៗ ជា​ច្រើន​មុខ​ទៀត។ សូម​គោរព​ថ្លែងអំណរគុណ​នូវ​ទឹកចិត្ត​សប្បុរសធម៌​របស់​ប្រជាពលរដ្ឋ​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ជាតិ​ខ្មែរ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម