Connect with us

ព័ត៌មានជាតិ

សណ្ឋាគារ​លំដាប់​ផ្កាយ ៥ នឹង​លេច​រូបរាង​ក្នុង​ខេត្ត​ស្ទឹងត្រែង​នៃ​ភូមិ​ភាគ​ឦសាន

បានផុស

នៅ

សណ្ឋាគារ​លំដាប់​ផ្កាយ ៥ នឹង​លេច​រូបរាង​ក្នុង​ខេត្ត​ស្ទឹងត្រែង ​ក្រោម​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ខេត្ត​ភូមិភាគ​ឦសាន​។

លោក ម៉ែន គុង អភិបាល​រង​ខេត្ត​ស្ទឹងត្រែង​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា នៅ​ឆ្នាំ ២០២៥ ខេត្ត​ស្ទឹងត្រែង​ទទួល​បាន​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​​ រួមទាំង​កសិកម្ម។

លោក​បាន​លើក​ពី​គម្រោង​វិនិយោគ​​ក្នុង​វិស័យ​ទេសចរណ៍ ក្នុង​នោះ​មាន​ការ​​​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ នៅ​ក្នុង​ក្រុង​ស្ទឹងត្រែង ដែល​នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់​ពី​ឆ្នាំ ២០២៦ ទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោម​យន្តការនៃ «កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ខេត្ត​ភូមិភាគ​ឦសាន» ខេត្តស្ទឹងត្រែង​ទទួល​បានការ​​វិនិយោគ​សាងសង់​មន្ទីរ​ព្យាបាល សាកលវិទ្យាល័យ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុង​ស្ទឹងត្រែង។ ក្រៅ​នេះ​ក៏​មាន​គម្រោង​ពាក់ព័ន្ធ​​វិស័យ​កសិកម្ម កសិឧស្សាហកម្ម​ និង​គម្រោង​សំខាន់ៗ​ផ្សេងទៀត​ដែល​ផ្តោត​លើ​ការ​​ដាំ​ដុះ​ដំណាំ​ហូបផ្លែ និង​ដំណាំ​រយៈពេលវែង។

បើតាមលោក ម៉ែន គុង ដំណាំដែលត្រូវបានលើកទឹកចិត្តក្នុងការ​វិនិយោគ​រួមមាន កៅស៊ូ ចេក និងធុរេនជាដើម។

រដ្ឋាភិបាល​បានប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញ​ការ​វិនិយោគ​ខេត្ត​ភាគ​ឦសាន» ដែល​មាន​វិសាលាភាព​គ្រប​ដណ្តប់​លើ​ខេត្ត​ចំនួន ៤ គឺ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង ខេត្ត​មណ្ឌលគិរី ។

ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» ក្រុមការងារ​ «ច្រកចេញចូលតែមួយ» ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ពិនិត្យ និងអនុម័តលើកទឹកចិត្តពិសេស ជូន​គម្រោង​វិនិយោគ, ផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណ​នានា ជា​កញ្ចប់ ស្របតាមអភិក្រម “ជវភាព​នៃ​ប្រព័ន្ធ​តួអង្គតែមួយ” តាម​រយៈការ​ចូលរួម​សម្រេច​ចិត្ត​រួមគ្នា ប្រកប​ដោយ​ប្រសិទ្ធភាព និង តម្លាភាព​។

រាជរដ្ឋាភិបាលនឹងផ្តល់​ការគាំទ្រ តាម​រយៈវិធានការសំខាន់ៗចំនួន ៣ ក្នុងនោះ រួមមាន៖ ទី១). វិធានការផ្នែកពន្ធដារ និង ពន្ធគយ, ទី២). ការផ្តល់ហិរញ្ញប្បទាន ក្រោមអត្រា​ការប្រាក់សមរម្យ, និង ទី៣). ការជួយកាត់​បន្ថយ​ថ្លៃដើមផលិតកម្ម, ការសម្រួល នីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម