ព័ត៌មានជាតិ
ក្រុងស្ទឹងត្រែងកាន់តែប្រែប្រួលមុខមាត់ ទាក់ទាញទេសចរទៅកម្សាន្តខេត្តជាប់ព្រំដែនឡាវ
ក្រុងស្ទឹងត្រែងកាន់តែទទួលបានការចាប់អារម្មណ៍ពីពលរដ្ឋនិងទេសចរទៅកម្សាន្ត ក្រោយគម្រោងកែលម្អសោភណភាពក្នុងក្រុងបានលេចរូបរាងឡើងសម្រេចលទ្ធផលជាបន្តបន្ទាប់។

លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែងបានរំលេចពីគម្រោងសំខាន់ៗនិងសមិទ្ធផលថ្មីៗពីការអភិវឌ្ឍក្នុងក្រុងស្ទឹងត្រែង តាមរយៈគម្រោងកែលម្អសោភណភាពក្នុងក្រុង និងការលើកកម្ពស់ស្តារហេដ្ឋារចនាសម្ព័ន្ធនានាឲ្យល្អប្រសើរឡើង។

លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង
ផ្តល់បទសម្ភាសន៍ដល់កម្ពុជាថ្មី លោក ម៉ែន គុង បានបញ្ជាក់ថា មានគម្រោងជាច្រើនកំពុងអនុវត្តដូចជាទីលានតេជោសន្តិភាព និងវេទិកានាគជ័យ ដែលជាកន្លែងពហុបំណងសម្រាប់រៀបចំព្រឹត្តិការណ៍នានា និងជាកន្លែងសម្រាកលំហែរបស់ប្រជាពលរដ្ឋ។ សួនសម្តេចបវរធិបតី ក៏ត្រូវបានកែលម្អឲ្យជាសួនច្បារសាធារណៈដ៏ស្រស់ស្អាតសម្រាប់ពលរដ្ឋមកកម្សាន្ត។
សួនសុវណ្ណភូមិ ដែលស្ថិតនៅតាមបណ្ដោយទន្លេសេកុង ក្រៅពីរៀបចំដើម្បីលើកសោភណភាព ក៏មានចារឹកបង្ហាញពីប្រវត្តិសាស្ត្រខេត្តស្ទឹងត្រែង ដែលមានការផ្សារភ្ជាប់ជាមួយអង្គព្រះមហាក្សត្រសម័យមុនៗ។
អាជ្ញាធរខេត្តក៏បានរៀបចំនិមិត្តរូបតំណាងខេត្ត ដែលមានដាក់តាំងរូបសំណាកមច្ឆាជាតិ រុក្ខជាតិ និងការបង្ហាញពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់ក្នុងតំបន់។ ក្រៅពីនេះក៏មានរៀបចំកន្លែងកម្សាន្តសម្រាប់កុមារ (Playground) និងកន្លែងហាត់ប្រាណសម្រាប់មនុស្សពេញវ័យនៅតាមមាត់ទន្លេ។




ជាមួយគ្នានេះ អាជ្ញាធរក៏កំពុងសាងសង់រង្វង់មូលចំនួនពីរបន្ថែមទៀត នៅចំណុចផ្លូវបំបែកអូរពងមាន់ និងនៅផ្លូវបំបែកផ្លូវជាតិលេខ ៩ និងលេខ ៧ ចាស់។
ដោយទទួលបានការគាំទ្រពីគម្រោង ADB ផ្លូវថ្មើរជើងប្រវែងជាង ៧០០ ម៉ែត្រ ក៏ត្រូវបានស្ថាបនាតាមមាត់ទន្លេសេកុង រួមទាំងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីលើកកម្ពស់សោភណភាពនិងបរិស្ថានក្នុងក្រុងឲ្យកាន់តែមានភាពស្រស់បំព្រង។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាចក្ខុវិស័យចម្បងរបស់ខេត្ត គឺការប្រែក្លាយផ្លូវដីឱ្យទៅជាផ្លូវបេតុងជាពិសេសនៅក្នុងតំបន់ប្រជុំជន និងតំបន់ទេសចរណ៍។ បច្ចុប្បន្នផ្លូវក្នុងក្រុងភាគច្រើនត្រូវបានស្ថាបនាជាផ្លូវកៅស៊ូ ឬផ្លូវបេតុងរួចរាល់អស់ហើយ។
លោក ម៉ែន គុង បានបញ្ជាក់ថា គម្រោងទាំងអស់ភាគច្រើនបានបញ្ចប់សព្វគ្រប់ ប៉ុន្តែនៅសេសសល់ការងារមួយចំនួនទៀតដូចជា ការរៀបចំរង្វង់មូល ការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ និងការដាំដើមឈើលម្អបន្ថែម នឹងត្រូវអនុវត្តបន្តបន្ទាប់ទៀត។


ក្រៅពីការអភិវឌ្ឍក្នុងក្រុង បើតាមមន្រ្តីរដ្ឋបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា ខេត្តក៏មានគម្រោងស្ថាបនាផ្លូវភ្ជាប់ពីក្រុងស្ទឹងត្រែងទៅដល់ឃុំអូរម្រះ ក្នុងស្រុកសៀមបូក ដែលជាតំបន់អេកូទេសចរណ៍ដែលមានត្រីផ្សោតទឹកសាបជាសក្ដានុពលទាក់ទាញទេសចរ។
ដោយឡែកផ្លូវទៅទឹកធ្លាក់ព្រះនិមិត្តដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងខេត្ត ដែលមានប្រវែងប្រហែល ៤០ គីឡូម៉ែត្រ ក៏កំពុងត្រូវបានសាងសង់ តាមរយៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបន្ទុកសាងសង់ភ្ជាប់ពីផ្លូវជាតិលេខ ៩ ទៅដល់ឃុំព្រះរំកិល និងក្រសួងអភិវឌ្ឍន៍ជនបទទទួលបន្ទុកសាងសង់ផ្នែកខ្លះជាផ្លូវកៅស៊ូ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


