ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ នាំយកអំណោយសប្បុរសជននានា ប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ផ្ដល់ជូនកងទ័ព
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២៦ បាននាំយកអំណោយរបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន សហជីព និងបងប្អូនកម្មករនិយោជិត ប្រគល់ជូនលោក ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យជាថ្មីម្តងទៀត ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែង និងផ្តល់ជូនកងទ័ព។

អំណោយដែលបានយកប្រគល់ជូននាពេលនេះ មានដូចជា៖ ថវិកាចំនួន ២០លានរៀល, ម៉ូតូ(Wave)ចំនួន ២គ្រឿង, អំបុកចំនួន ៣តោន, សាច់ក្រកចំនួន ៣០០គីឡូក្រាម, ត្រីងៀតចំនួន ៨០០គីឡូក្រាម, ភេសជ្ជៈវីកូឡាចំនួន ១ ០០០កេស និងគ្រឿងឧបភោគបរិភោគជាច្រើនមុខផ្សេងទៀត។
ដោយឡែកអំណោយ ដែលត្រូវផ្តល់ជូនកងទ័ពប្រចាំទិសខេត្តបន្ទាយមានជ័យរួមមាន៖ ថវិកាចំនួន ១៣០លានរៀល(សម្រាប់អង្គភាពចំនួន ១៣) និងម៉ូតូ (Wave) ចំនួន ១៣គ្រឿងជាដើម។
បន្ថែមពីនេះ ក៏មានអំណោយសម្រាប់ប្រគល់ជូននាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀងផងដែរ។
លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់រដ្ឋបាលខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងបានជួយដោះស្រាយទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋភៀសសឹកទៅតំបន់មានសុវត្ថិភាព និងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាដល់ការផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់ការស្នាក់នៅជាបណ្តោះអាសន្ន។

ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» អំណោយដែលយើងត្រូវរួមគ្នាជួយនាពេលនេះគឺជាការឆ្លើយតបក្នុងគ្រាលំបាកខ្វះខាតទាំងឡាយនៅចំពោះមុខ ដែលរដ្ឋបាលខេត្តមានតម្រូវការជាច្រើនយកទៅដោះស្រាយតាមតម្រូវការជាក់ស្តែង។
លោករដ្ឋមន្រ្តីក៏បានជម្រាបជូនអំពីស្មារតីគាំទ្រ និងការជឿជាក់យ៉ាងមោះមុតរបស់ប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិត និងនិយោជកនៅទូទាំងប្រទេស លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា ឱ្យបានសុខសន្តិភាព។
រដ្ឋមន្រ្តីក្រសួងការងារបានបញ្ជាក់ថា ការតស៊ូអត់ធ្មត់ និងការខិតខំយកចិត្តទុកដាក់ របស់រដ្ឋបាលខេត្តដែលកំពុងមានភារកិច្ចក្នុងការថែរក្សាជនភៀសសឹកនាពេលនេះ គឺជាកម្លាំងដ៏រឹងមាំក្នុងការជួយបង្កើនទឹកចិត្ត និងរក្សាក្តីសង្ឃឹមនៅជាប់ជាមួយបងប្អូនជានិច្ច ព្រមទាំងឆ្លុះបញ្ចាំងពីស្មារតីមនុស្សធម៌ ដែលធ្វើឱ្យបងប្អូនភៀសសឹកមិនមានអារម្មណ៍ឯកោឡើយ។

ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងរដ្ឋបាលខេត្ត លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបាននាំមកជាអំណោយនាពេលនេះ។
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រមទាំងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងខិតខំប្រឹងប្រែងរៀបចំទីជម្រក អាហារ ទឹកស្អាត សេវាសុខាភិបាល និងការថែទាំជាចាំបាច់ ដើម្បីឱ្យបងប្អូនរបស់យើងអាចរស់នៅទីនេះមានសុវត្ថិភាព៕




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


