ព័ត៌មានជាតិ
មេស៊ីម៉ាក់៖ ថៃត្រូវតែទទួលខុសត្រូវ ចំពោះទង្វើដ៏មហាព្រៃផ្សៃបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា ហៅទង្វើយោធាថៃបាញ់កម្ទេចប្រាសាទព្រះវិហារថាជាទង្វើឈ្លានពាន បំផ្លិចបំផ្លាញដ៏មហាឃោរឃៅព្រៃផ្សៃ និងថាត្រូវតែទទួលខុសត្រូវចំពោះទង្វើបំផ្លាញប្រាសាទសម្បត្តិបេតិកភណ្ឌពិភពលោក។ លោកលើកឡើងដូច្នេះលើទំព័ហ្វេសប៊ុកផ្លូវការ បន្ទាប់ពីយោធាថៃវាយប្រហារលើកម្ពុជានៅតាមសរមភូមិជាច្រើន ហើយថៃបានបាញ់ប្រហារមកលើប្រាសាទព្រះវិហារបណ្ដាលឱ្យខូចខាតធ្ងន់ធ្ងរក្នុងសង្គ្រាមនៅចុងខែកក្កដា និងរយៈពេល២១ថ្ងៃក្នុងខែធ្នូ ឆ្នាំ២០២៥។

លោក ហេង រតនា សរសេរលើទំព័រហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ដូច្នេះ៖« ប្រាសាទព្រះវិហារ ជាសម្បត្តិមនុស្សជាតិលេីពិភពលោកនេះ និងជាទីតាំងមានសក្តិសិទ្ធិភាព ត្រូវបានរងការទម្លាក់គ្រាប់បែកនិងបាញ់ផ្លោងកម្ទេច បំផ្លិចបំផ្លាញដ៏មហាឃោរឃៅព្រៃផ្សៃដោយសារការឈ្លានពានបូរណភាពទឹកកម្ពុជាទាំងកំរោលរបស់សៀម! អ្នកបំផ្លិចបំផ្លាញត្រូវតែមានការទទួលខុសត្រូវ។ »។

ប្រាសាទព្រះវិហារ ស្ថិតនៅលើខ្ពងរាបនៃជួរភ្នំដងរែក ដែលមានកម្ពស់៦២៥ម៉ែត្រធៀបនឹងទឹកសមុទ្រ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទនេះបានចាប់ផ្ដើមកសាងក្នុង រជ្ជកាលព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០គ.ស) និងបញ្ចប់ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០គ.ស) ដើម្បីឧទ្ទិសដល់អាទិទេព ព្រះឥសូរក្នុងសាសនាហិណ្ឌូក្នុងទម្រង់ជាទេពភ្នំសិខរេស្វរ និងភដ្រេស្វរ។ ប្រាសាទព្រះវិហារបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ និងត្រូវបានគ្រប់គ្រងដោយអាជ្ញាធរជាតិព្រះវិហារ។

ប្រាសាទព្រះវិហាររងនូវការឈឺចាប់ និងការបំផ្លិចបំផ្លាញម្ដងហើយម្ដងទៀតពីសំណាក់ភាគីថៃ ចាប់តាំងពីត្រូវបានដាក់បញ្ជូនទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ពោលគឺរងការបំផ្លិចបំផ្លាញក្នុងសង្គ្រាមដែលថៃវាយប្រហារមកលើកម្ពុជានៅឆ្នាំ២០០៨ដល់ឆ្នាំ២០១១ ក្នុងសង្គ្រាម៥ថ្ងៃនៅចុងខែកក្កដា និងសង្គ្រាម២១ថ្ងៃ ឆ្នាំ២០២៥។

ក្នុងសង្គ្រាមឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ប្រាសាទព្រះវិាហររងគ្រាប់ផ្លោងធំៗពីសំណាក់យោធាសៀមជាង៥៥០គ្រាប់ និងកាំភ្លើងតូចធំរាប់មុឺនគ្រាប់។ ចេតនាសៀម គឺចង់បំផ្លាញប្រាសាទដ៏ពិសិដ្ឋនេះឱ្យរលាយបាក់បែករាបទៅជាដី។ នេះបើតាមបណ្ឌិត្យសភាចារ្យ រស់ ចន្ត្រាបុត្រ សរសេរនៅក្នុងសៀវភៅ “ប្រាសាទព្រះវិហារ មោទនភាពជាតិខ្មែរ” ចែកចាយដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

របាយការណ៍របស់អាជ្ញាធរជាតិព្រះវិហារគិតត្រឹម ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃ នៅចុងខែកក្កដា ឆ្នាំ២០២៥ កងទ័ពសៀមបានបាញ់ប្រហារលើប្រាសាទព្រះវិហារបណ្ដាលឱ្យមានការខូចខាត ប្រាង្គប្រាសាទព្រះវិហារចំនួន១៤២កន្លែង និងតំបន់ជុំវិញចំនួន៤២កន្លែង រួមបញ្ចូលទាំងវត្តកែវសិក្ខាគិរីស្វារៈ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងអគារការិយាល័យអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ។

ក្នុងសង្គ្រាមរយៈពេល២១ថ្ងៃ នៅខែធ្នូ ឆ្នាំ២០២៥ ក្រសួងការពារជាតិធ្លាប់បញ្ជាក់ថា យោធាថៃបាន ប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់ យន្តហោះគ្មានមនុស្សបើក កាំភ្លើងធំប្រភេទ ១៥៥ម.ម និងកាំជ្រួចហ្វូង DTI-2 និងSR4 , កាំជ្រួចហ្វូង DTI-1G បាញ់ប្រហារលើភូមិសាស្ត្រប្រាសាទព្រះវិហារ។ ការខូចខាតប្រាសាទព្រះវិហារ ពីព្រោះតែសព្វាវុធធុនធ្ងន់នេះ គឺក្រសួងវប្បធម៌កម្ពុជា អះអាងថា ធ្ងន់ធ្ងរលើសពីអ្វីដែលបានកត់ត្រាទុកអំពីការខូចខាតព្រោះសង្គ្រាមនៅក្នុងខែកក្កដា ឆ្នាំ២០២៥។
តាមក្រសួងវប្បធម៌ បើយោងតាមភស្តុតាងរូបថត និងវីដេអូដែលប្រមូលបានដោយអាជ្ញាធរជាតិព្រះវិហារ ក្នុងអំឡុងពេលបេសកកម្មចងក្រងឯកសារនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ សំណង់ ស្ថាបត្យកម្មសំខាន់ៗស្ទើរតែទាំងអស់នៃប្រាសាទ ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥ រួមទាំងស្ពានហាលតភ្ជាប់ ទាំងអស់ និងជណ្តើរបុរាណខាងជើងបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យការងារ អភិរក្ស ជួសជុលក្រោមគម្រោងសហប្រតិបត្តិការអន្តរជាតិ ក៏ត្រូវទទួលរងការខូចខាតទាំងស្រុង។

ព្រះបាទសុរិយាវរ្ម័នទី២ ដែលកសាងប្រាសាព្រះវិហារ បានដាក់បណ្ដាសាថា៖ «បុគ្គលណាដែលបានថែរក្សាទីកន្លែងសក្ការៈបូជានេះ បុគ្គល ទាំងនោះនឹងបានសោយសុខនៅឋានសួគ៌ ចាកផុតពីបាបកម្ម។ ជនណាដែលបំផ្លាញផ្ទាំង សិលាចារឹកនេះ ជននោះនឹងធ្លាក់ទៅក្នុងឋាននរក ៣២ ជាន់ ជាយូរអង្វែងជានិច្ច បើកាលណាព្រះអាទិត្យ និងព្រះច័ន្ទនៅតែរះ»។ នេះបើតាមបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ដកស្រង់ចេញពីសិលាចារឹកប្រាសាទព្រះវិហារ K383 រៀបរៀងក្នុងសៀវភៅ «ប្រាសាទព្រះវិហារ មោទនភាពជាតិខ្មែរ»៕
ដោយ៖ ង៉ិល ណារ៉ាត់









-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


