Connect with us

ព័ត៌មានជាតិ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជំរុញឲ្យសមត្ថកិច្ចស្រាវជ្រាវមុខសញ្ញាកាប់ទន្ទ្រានព្រៃឈើនៅតំបន់អូតាលោកយកមកអនុវត្តច្បាប់

បានផុស

នៅ

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានជំរុញឲ្យសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដី ចាត់វិធានការស្រាវជ្រាវវែករកមុខសញ្ញាជនល្មើស ដែលលួចកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នៅតំបន់អូតាលោក ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកឧត្តមសេនីយ៍ទោ សោម ស៊ុន ជនល្មើសបានឆ្លៀតឱកាសកាប់ទន្ទ្រានព្រៃឈើនៅតំបន់អូតាលោក ឃុំមានរិទ្ធ នៅពេលកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំមួយផ្នែក ត្រូវបានទទួលបទបញ្ជាក្នុងការទៅបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ព្រំដែនកម្ពុជា-ថៃនាពេលកន្លងទៅ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បញ្ជាក់នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្នុងពេលដឹកនាំមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្ត រួមជាមួយអាជ្ញាធរដែនដី ឃុំ ស្រុក ចុះត្រួតពិនិត្យការកាប់ទន្ទ្រានព្រៃឈើថ្មីៗនេះថា ដីព្រៃឈើដែលជនឆ្លៀតឱកាសលួចកាប់ទន្ទ្រាននេះ មានចំនួន៤៥​ ហិកតា ដែល​ជា​ដី​បម្រុង​ទុក​របស់​រដ្ឋ​ នៅក្នុងតំបន់អូតាលោក ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្ថែមថា ក្នុងរយៈពេលជិតពីរឆ្នាំកន្លងទៅនេះ គណៈកម្មការគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ដោយមានកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីស្ថាប័នជំនាញមានការពាក់ព័ន្ធ រួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងការពារ ទប់ស្កាត់ មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិបានឡើយ។ ជាមួយនោះក៏បានគ្រប់គ្រងផ្ទៃដីដែលដកហូតយកបានពីជនល្មើស ដែលលួចកាត់ទន្ទ្រាននាបណ្ដាឆ្នាំកន្លងទៅ ចំនួនជាង បួនពាន់ហិកតា រក្សាទុកជាដីរបស់រដ្ឋ ដើម្បីឲ្យព្រៃឈើធម្មជាតិដុះលូតលាស់ឡើងវិញ និងផ្ទៃដីមួយផ្នែកទៀត ត្រូវបានដាំស្ដារព្រៃឈើឡើងវិញផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបន្តរួមសហការជាមួយអាជ្ញាធរដែនដី និងមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្នុងការគ្រប់គ្រងថែរក្សាព្រៃឈើ ដែលបានលួចកាប់ទន្ទ្រាននេះឱ្យបាន ដើម្បីស្ថាប័នមានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម