Connect with us

ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ទាំងអស់​ ប្រកាន់​ខ្ជាប់​នូវ​វិន័យ​និងអាកប្បកិរិយាថ្លៃថ្នូរ​ម៉ឺងម៉ាត់​

បានផុស

នៅ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង បាន​ថ្លែង​បែបនេះ​តាម​រយៈ​សារ​ផ្ញើ​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កង​ម្លាំ​ង​អនុវត្ត​ច្បាប់ ក្នុងស្ថានភាព​នៃ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ នៅថ្ងៃ​២១​ ខែមេសា ឆ្នាំ២០២១នេះ។

សម្តេច​ក្រ​ឡាហោម​បាន​ថ្លែងថា​ ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សម្ដែង​នូវ​ការកោតសរសើរ​យ៉ាង ស្មោះស្ម័គ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច និង​កងកម្លាំង​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ ទាំងអស់ ដែល​បាន និង​កំពុង​ចាត់តាំង​អនុវត្ត​យ៉ាងសកម្ម​ផុលផុស​នូវ​គោលការណ៍​នានា​របស់​រាជរដ្ឋាភិបាល ប្រកបដោយ​ការប្តេជ្ញាចិត្ត និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ភារកិច្ច​បិទ​ខ្ទប់​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ តាម​មូលដ្ឋាន​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល។

ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ ក្រើនរំលឹក​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ និង​កងកម្លាំង​អនុវត្ត​ច្បាប់​ទាំងអស់ សូម បន្ត​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​ប្រកបដោយ​ការអត់ធ្មត់ ដោយ​ប្រកាន់ខ្ជាប់​នូវ​វិន័យ អាកប្បកិរិយា​ថ្លៃថ្នូរ ម៉ឺងម៉ាត់ និង​ត្រូវគោរព​គោល​ការណ៍​នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ របស់​កងកម្លាំង​ឲ្យ​បានជា​ដាច់ខាត ជាពិសេស ត្រូវ​ជៀសវាង​ការប្រើប្រាស់​អំពើហិង្សា​ក្នុង​ការ​ដោះស្រាយ​បញ្ហា នៅពេល​អនុវត្ត​រាល់​បទបញ្ជា ឬ​វិធានការ នានា​របស់​រាជរដ្ឋាភិបាល។

ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ យើងខ្ញុំ​យល់​ច្បាស់​អំពី​ការលំបាក ផលប៉ះពាល់ និង​បញ្ហា​ប្រឈម​ផ្សេងៗ ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច ព្រមទាំង​កងកម្លាំង​អនុវត្ត​ច្បាប់​ទាំងអស់ កំពុង​ជួបប្រទះ នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ។ ក៏ប៉ុន្តែ​ទោះបីយ៉ាងណា ខ្ញុំ​សូម​ជំរុញ​ទឹកចិត្ត​ឲ្យ​បងប្អូន​បន្ត​រក្សា និង​ប្រកាន់ ខ្ជាប់​នូវ​ការអត់ធ្មត់​ខ្ពស់ ដើម្បី​ទទួលបាន​ការគាំទ្រ និង​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ក្នុងការ​បំពេញបេសកកម្ម ដ៏​មាន​សារៈសំខាន់​លើ​សមរភូមិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ឲ្យ​ទទួលបាន​ជោគជ័យ។

ទន្ទឹម​នេះ ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​វិធានការ​នានា​របស់ រាជរដ្ឋាភិបាល ក៏ដូចជា​សហការ​អនុវត្ត​តាម​ការណែនាំ​របស់​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច ដើម្បី បុព្វហេតុ​រួម នៃ​ការ​កាត់ផ្ដាច់ និង​ឈាន​ទៅ​បញ្ចប់​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​នៃ​ជំងឺ​កូ​វីដ​-១៩ សំដៅ​នាំ​ស្ថានការណ៍ និង​គ្រប់​សកម្មភាព​របស់​ស​ង្គ​ម វិល​មក​រក​ប្រក្រតីភាព​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម