ព័ត៌មានជាតិ
មន្ទីរពេទ្យព្រះអង្គឌួង ផ្តល់វគ្គបណ្តុះបណ្តាលដល់វេជ្ជបណ្ឌិតពង្រឹងគុណភាពសេវាថែទាំតាមមន្ទីរពេទ្យបង្អែកខេត្ត
មន្ទីរពេទ្យព្រះអង្គឌួង បានបើកវគ្គបណ្តុះបណ្តាលចំណេះដឹងមូលដ្ឋានផ្នែកចក្ខុរោគ សម្រាប់វេជ្ជបណ្ឌិតទូទៅដែលមកពីមន្ទីរពេទ្យជាសម្ព័ន្ធមេត្រី ដើម្បីពង្រឹងគុណភាព និងពង្រីកសេវាថែទាំសុខភាពភ្នែក នៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងស្រុកឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

វគ្គបណ្តុះបណ្តាលនេះ គាំទ្រដោយមូលនិធិ Fred Hollows ដែលជាអង្គការមួយជួយដល់វិស័យចក្ខុរោគ ទាំងការបណ្តុះបណ្តាលបច្ចេកទេស ឧបករណ៍សម្ភារៈវះកាត់ ការព្យាបាលនិងវះកាត់ដើម្បីទប់ស្កាត់ភាពពិការភ្នែកនៅកម្ពុជាបានយ៉ាងច្រើនរហូតមកដល់បច្ចុប្បន្ន។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ចំណេះដឹងមូលដ្ឋានផ្នែកចក្ខុរោគ សម្រាប់វេជ្ជបណ្ឌិតទូទៅនៅព្រឹកថ្ងៃទី២កម្ភៈនេះ លោកសាស្ត្រាចារ្យ គង់ ពិសិដ្ឋ នាយករងមន្ទីរពេទ្យព្រះអង្គឌួង មានប្រសាសន៍ថាវគ្គបណ្តុះបណ្តាលដែលមានរយៈពេល៣ខែនេះបង្កើតឡើងក្នុងគោលបំណង ដើម្បីពង្រឹងគុណភាព និងពង្រីកសេវាថែទាំសុខភាពភ្នែកនៅតាមមន្ទីរពេទ្យ បង្អែកខេត្ត-ស្រុក ជាពិសេសមន្ទីរពេទ្យដែលជាសម្ព័ន្ធមេត្រីរបស់មន្ទីរពេទ្យព្រះអង្គឌួង ដោយមានសិក្ខាកាមមកពីតាមបណ្តាខេត្ត ចំនួន ១១ នាក់ក្នុងនោះមកពី ខេត្តកែប ១ នាក់ កំពត ៤ នាក់ តាកែវ ៥ នាក់ និងខេត្តកំពង់ចាម ១ នាក់។
លោកបន្តថា វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់លើ ការពិនិត្យ និងព្យាបាលជំងឺភ្នែកបឋម ក៏ដូចជាការសង្គ្រោះ និង បញ្ជូនទាន់ពេលវេលា ដែលរួមបញ្ចូលទាំង ទ្រឹស្តី និងការអនុវត្តផ្ទាល់ទៅតាមកម្មវិធីសិក្សាស្នូលសម្រាប់បណ្តុះបណ្តាលគ្រូពេទ្យទូទៅផ្នែកចក្ខុរោគនៅមន្ទីរពេទ្យព្រះអង្គឌួង។

លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងអំណរគុណដល់មូលនិធិ Fred Hollows ដែលជានិច្ចកាលតែងតែជួយដល់មន្ទីរពេទ្យព្រះអង្គឌួងនិងមន្ទីរពេទ្យនានា។ នាឱកាសនេះ លោកបានណែនាំដល់សិក្ខាកាមទាំងអស់ត្រូវខិតខំត្រងត្រាប់ស្តាប់គ្រូពន្យល់ ហើយបើមានចម្ងល់អ្វីត្រូវហ៊ានសាកសួរដើម្បីទទួលបាននូវចំណេះដឹងថ្មីៗយកទៅបម្រើសេវាថែទាំនិងព្យាបាលជំងឺភ្នែកនៅតាមមន្ទីរពេទ្យឱ្យបានល្អប្រសើរ ពិសេសការពារនិងទប់ស្កាត់ភាពពិការភ្នែកឲ្យមានគុណភាព និងប្រសិទ្ធិភាព។

លោកស្រី សម សុជា នាយកកម្មវិធីនៃមូលនិធិ Fred Hollows សង្ឃឹមយ៉ាងមុតមាំថាតាមរយៈវគ្គបណ្តុះបណ្តាលនេះនឹងជួយពង្រឹងសមត្ថភាពបន្ថែមទៀតដល់វេជ្ជបណ្ឌិត យកទៅអនុវត្តការងារថែទាំសុខភាពភ្នែកនៅតាមមន្ទីរពេទ្យរបស់ខ្លួនកាន់តែប្រសើរឡើង និងប្រកបដោយគុណភាព។ លោកស្រីបញ្ជាក់ថា ក្រៅពីការងារបណ្តុះបណ្តាលនេះ មូលនិធិ Fred Hollows បានជួយការងារទៅលើអ្នកជំងឺដែលមានបញ្ហាឡើងបាយភ្នែក និងផ្តល់វ៉ែនតាដល់អ្នកជំងឺដែលមានបញ្ហាគំហើញព្រមទាំងជួយផ្តល់ជាសម្ភារៈចក្ខុរោគមួយចំនួនតាមមន្ទីរពេទ្យផងដែរ៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


