ព័ត៌មានជាតិ
អ្នកវិភាគមើលឃើញពីចំណងដ៏រឹងមាំរវាងកម្ពុជា ឡាវ វៀតណាម ខណៈមេដឹកនាំកំពូលទាំងបីប្រទេស នឹងជួបគ្នានៅភ្នំពេញ
នៅចុងសប្ដាហ៍នេះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំកំពូលវៀតណាម និងឡាវ នឹងចាប់ផ្ដើមធ្វើឡើងនៅលើទឹកដីប្រទេសកម្ពុជា ខណៈដែលតាមរយៈដំណើរទស្សនកិច្ចជាថ្មីនេះ ត្រូវបានអ្នកវិភាគ មើលឃើញអំពីចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងកម្ពុជា ឡាវ និងវៀតណាម ហើយនឹងធ្វើឱ្យទំនាក់ទំនងត្រីភាគីនេះកាន់តែមានភាពរឹងមាំជាលំដាប់។

លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្ត្រនយោបាយ បានលើកឡើងថា ប្រទេសកម្ពុជា ឡាវ និងវៀតណាមមានទំនាក់ទំនងជាប្រវត្តិសាស្រ្ត និងជាប្រពៃណីក្នុងកិច្ចសហប្រតិបត្តិការ ដែលមានឫសគល់ក្នុងភូមិសាស្ត្រជិតគ្នា ទំនាក់ទំនងផ្នែកវប្បធម៌ និងគោលដៅអភិវឌ្ឍន៍រួមគ្នា ដោយលោកមើលឃើញថា ទំនាក់ទំនងត្រីភាគីនេះបានផ្តោតទៅលើការលើកកម្ពស់ទំនុកចិត្តនយោបាយ សមាហរណកម្មសេដ្ឋកិច្ច ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងសហប្រតិបត្តិការសន្តិសុខក្នុងអនុតំបន់មេគង្គ។

ការផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាទៀងទាត់រវាងថ្នាក់ដឹកនាំប្រទេសទាំងបីនេះ លោក ដាវីត ថា បានជួយតម្រឹមជំហររបស់ពួកគេលើបញ្ហាក្នុងតំបន់ និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យពាណិជ្ជកម្ម ថាមពល និងការតភ្ជាប់ឆ្លងដែន ជាដើម។
គួរឱ្យដឹងថា លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវផងនោះ នឹងមកបំពេញទស្សនកិច្ចជាលក្ខណៈផ្លូវរដ្ឋនៅកម្ពុជា ចន្លោះថ្ងៃទី៦ និងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលជាដំណើរទស្សនកិច្ចតបតាមការអញ្ជើញរបស់ព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា។ ក្នុងពេលធ្វើទស្សនកិច្ចនៅភ្នំពេញ មេដឹកនាំទាំងពីរក៏នឹងចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ជាមួយនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ផងដែរ។

កិច្ចប្រជុំត្រីភាគីនេះ សម្រាប់លោក ថុង ម៉េងដាវីត គឺបានបង្ហាញពីការប្តេជ្ញាចិត្តបន្តចំពោះគោលដៅរួមដោយផ្តល់ឱកាសដើម្បីបញ្ជាក់ឡើងវិញនូវភាពជាដៃគូយុទ្ធសាស្ត្រ សម្របសម្រួលលើគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាប្រឈមឆ្លងដែន ដូចជាការស្តារសេដ្ឋកិច្ច ការគ្រប់គ្រងធនធានដោយនិរន្តរភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបង្រ្កាបការឆបោកអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែននានាតាមបណ្តោយព្រំដែនប្រទេសទាំងបី។ ជំនួបត្រីភាគីនៃថ្នាក់ដឹកនាំកំពូលប្រទេសទាំងបី ក៏ជាផ្នែកមួយនៃការគាំទ្រដល់ឯកភាពអាស៊ាន និងការពង្រឹងការឆ្លើយតបជាសមូហភាពចំពោះការវិវត្តនៃសក្ដានុពលក្នុងតំបន់។ លោក ដាវីត បន្ថែមយ៉ាងដូច្នេះ។

អ្នកតាមដានភូមិសាស្ត្រនយោបាយ លោកបណ្ឌិត ជ័យ តិច បានលើកឡើងស្រដៀងគ្នានេះដោយលោកសម្លឹងឃើញថា ទំនាក់ទំនងកម្ពុជា ឡាវ និងវៀតណាម ជាចំណងមេត្រីភាពជាប្រវត្តិសាស្ត្រយូរអង្វែងហើយបាននិងកំពុងឈានឡើងជាលំដាប់បន្តរហូតមកដល់បច្ចុប្បន្ននេះ។ ខណៈកិច្ចប្រជុំនៅភ្នំពេញរវាងមេដឹកនាំគណបក្សកាន់អំណាចទាំង៣ប្រទេស នាពេលខាងមុខ នឹងជជែកគ្នាអំពីសារៈសំខាន់ក្នុងការពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត ទាំងក្នុងក្របខណ្ឌគណបក្សផង និងទាំងក្នុងក្របខណ្ឌរដ្ឋាភិបាលទាំង៣ប្រទេសផង។
សន្ដិសុខ ស្ថិរភាពតំបន់ បញ្ហាតាមបណ្ដោយព្រំដែន ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម វិនិយោគ រួមទាំងការអភិវឌ្ឍនៅតំបន់ត្រីកោណនៃប្រប្រទេសទាំងបី ក៏ត្រូវបានលោកបណ្ឌិត ជ័យ តិច មើលឃើញថា នឹងក្លាយជាប្រធានបទនៃពិភាក្សារវាងថ្នាក់ដឹកនាំប្រទេសទាំងបី ក្នុងដំណើរទស្សនកិច្ចរបស់លោក តូ ឡឹម និងលោក ថុងលុន ស៊ីសុលីត នៅកម្ពុជា ជាពិសេសនៅក្នុងកិច្ចប្រជុំកំពូលត្រីភាគីរវាងបក្សកុម្មុយនីស្តវៀតណាម បក្សប្រជាជនបដិវត្តន៍ឡាវ និងគណបក្សប្រជាជនកម្ពុជា៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


