ព័ត៌មានជាតិ
កម្ពុជាចង់ឱ្យថៃយកគំរូតាមឡាវ និងវៀតណាម ចំពោះដំណោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា
កម្ពុជាចង់ឱ្យថៃយកគំរូតាមកម្ពុជា ឡាវ និងវៀតណាម ចំពោះការដោះស្រាយបញ្ហាព្រំដែនដែលជាដំណោះស្រាយធ្វើឡើងដោយសន្តិវិធី ផ្អែកតាមលក្ខណៈបច្ចេកទេស ច្បាប់អន្តរជាតិ និងផែនទីដែលទទួលស្គាល់ដោយអន្តរជាតិ ដើម្បីបញ្ចប់ជម្លោះព្រំដែន កុំឱ្យបន្តបញ្ហាដល់កូនចៅជំនាន់ក្រោយ។

នេះជាការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ស្ដីពីលទ្ធផលរួមនៃកិច្ចប្រជុំថ្នាក់ដឹកនាំកម្ពុជា ឡាវ វៀតណាម។ តាមលោក សួស យ៉ារ៉ា កម្ពុជា ឡាវ និងវៀតណាម បានបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ហើយប្រឆាំងដាច់ខាតការប្រើកម្លាំងដើម្បីកំណត់ខ្សែព្រំដែន។

កម្ពុជា ឡាវ និងវៀតណាម ក៏បានជជែកពីការជំរុញការដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ធ្វើយ៉ាងណាធានាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ចំពោះលោក សួស យ៉ារ៉ា ការប្ដេជ្ញាចិត្តរបស់ប្រទេសទាំងបីក្នុងការដោះស្រាយបញ្ហាព្រំដែនតាមច្បាប់អន្តរជាតិនេះ គឺជាគំរូមួយដែលប្រទេសថៃគួរយកតាម ព្រោះប្រទេសទាំងពីរ ទោះបីខឹងគ្នាយ៉ាងណា ក៏មិនអាចលើកព្រំដែនទៅណាបានដែរ ត្រូវតែនៅជិតគ្នារហូត។
លោក សួស យ៉ារ៉ា បាននិយាយយ៉ាងដូច្នេះថា «អីចឹងទេ មើលតែគំរូនៃកម្ពុជា ឡាវ វៀតណាម ដែលដោះស្រាយបញ្ហាដោយសន្តិវិធី ដោះស្រាយបញ្ហាតាមបច្ចេកទេស ដោះស្រាយដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ដោះស្រាយតាមផែនទី និងយន្តការដែលមានស្រាប់ អ្វីដែលយើងធ្វើនេះ ជាគំរូដែលល្អមួយ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាខាងលើ បានសង្កត់ធ្ងន់ថា នេះជាក្ដីរីករាយរបស់ប្រជាជន ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងបី បានឯកភាពយកការដោះស្រាយដោយសន្តិវិធី ហើយមិនប្រើប្រាស់កម្លាំងក្នុងការគំរាមកំហែងដល់ជម្លោះព្រំដែននោះទេ។
កម្ពុជាមានព្រំដែនគោកជាប់នឹងប្រទេសថៃ ឡាវ វៀតណាម ខណៈស្ថិតនៅភាគខាងត្បូង ជាព្រំដែនសមុទ្រជាប់នឹងឈូងសមុទ្រថៃ។ ជុំវិញការងារព្រំដែននេះ កម្ពុជា និងឡាវ ក៏ដូចជាកម្ពុជា និងវៀតណាម គឺសម្រេចបាននូវការឯកភាពលើការបោះបង្គោលព្រំដែនស្ទើរតែរួចរាល់ទាំងស្រុងទៅហើយ ពោលគឺព្រំដែនកម្ពុជា-ឡាវ ភាគីទាំងពីរបានបោះបង្គោលព្រំដែនបានប្រមាណ៨៦% ហើយកម្ពុជា-វៀតណាម បានឯកភាពលើខ្សែព្រំដែនចំនួន៨៤% ខណៈព្រំដែនដែលនៅសេសសល់ ប្រទេសទាំងបីកំពុងបន្តជំរុញការដោះស្រាយឱ្យបានឆាប់រហ័ស ដើម្បីទុកជាកេរ្តិ៍មរតកដល់កូនចៅជំនាន់ក្រោយនូវព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ តាមគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។

ដោយឡែក ព្រំដែនកម្ពុជា និងថៃ កំពុងមានបញ្ហាជម្លោះដ៏ចម្រូងចម្រាសជាមួយគ្នា តាមរយៈការប្រើកម្លាំងប្រដាប់អាវុធពីសំណាក់ភាគីថៃ ចូលឈ្លានពានមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក្នុងចេតនាចង់កែប្រែខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរដោយប្រើប្រាស់កម្លាំងក្នុងការគំរាមកំហែងដណ្ដើមកាន់កាប់ទឹកដីរបស់កម្ពុជា។ ប៉ុន្តែកម្ពុជាមិនទទួលស្គាល់នោះឡើយនូវការកែប្រែខ្សែព្រំដែនដែលកើតចេញពីការប្រើកម្លាំង ហើយកម្ពុជាទាមទារឱ្យភាគីថៃងាកមករកការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តជាតិឡើងវិញ៕
អត្ថទ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


