ព័ត៌មានជាតិ
មេប៉ូលិសជាតិបញ្ជាកម្លាំងត្រូវតែបោសសម្អាតបទល្មើសឆបោកតាមអនឡាញឱ្យអស់ពីកម្ពុជា
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ ដោយបញ្ជាកម្លាំងនគរបាលជាតិត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យអស់ពីកម្ពុជាដើម្បីគាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការដាក់បទបញ្ជាជាថ្មីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំវាយតម្លៃ និងដកបទពិសោធន៍ការងាររបស់ក្រុមប្រតិបត្តិការជំនាញបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា បញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺកម្លាំងសមត្ថកិច្ចបានបង្ក្រាបជាបន្ដបន្ទាប់មកហើយ ប៉ុន្ដែពេលនេះ គឺរាជរដ្ឋាភិបាលកម្ពុជា បានពង្រីកនូវការទទួលខុសត្រូវ ខណៈវិសាលភាពនៃការរីករាលដាលបទល្មើសនេះកាន់តែមានទំហំធំទៅៗ។ ដូច្នេះការពង្រីកការទទួលខុសត្រូវក៏កាន់តែធំដូចគ្នា។

បើតាមនាយឧត្តមសេនីយ៍ ស ថេត យុទ្ធនាការបោសសម្អាតចុងក្រោយនេះ គឺជាការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។ ការបង្ក្រាបរបស់កម្ពុជា ទៅលើក្រុមឧក្រិដ្ឋកម្មអនឡាញនេះ ក៏ទទួលបានការកោតសរសើរពីមជ្ឈដ្ឋានជាតិ និងអន្ដរជាតិផងដែរ។
នាយឧត្តមសេនីយ៍ អគ្គស្នងការ បានបញ្ជាក់ទៀតថា «ទោះបីជាយ៉ាងណាក៏ដោយ យើងត្រូវតែពង្រឹងការបោសសម្អាត បទល្មើសធំមួយនេះឱ្យស្អាតពីកម្ពុជា ហើយបន្ដទៀត គឺអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីធានាថា អាយុជីវិតរបស់កម្ពុជាពីនេះទៅមុខ»។

លោកនាយឧត្តមសេនីយ៍ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កម្លាំងនគរនបាលទាំងអស់ រួមទាំងអង្គភាពផ្សេងទៀតដែលពាក់ព័ន្ធក្នុងប្រតិបត្តិការកន្លងទៅនេះ។
គួរជម្រាបថា ប្រតិបត្តិការទ្រង់ទ្រាយធំកន្លងទៅនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រើកម្លាំងជំនាញសរុបប្រមាណ ៧០០នាក់ ហើយជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបដល់ជាង២ពាន់នាក់ ដែលក្នុងនោះជនជាតិចិន១៧៩២នាក់ វៀតណាម១៧៧នាក់ មីយ៉ាន់ម៉ា១៧៩នាក់ នេប៉ាល់៣០នាក់ ចិនតៃវ៉ាន់៥នាក់ ម៉ាឡេស៊ី១នាក់ ឡាវ២នាក់ ឥណ្ឌា៣៦នាក់ និងជនជាតិម៉ិកស៊ិក១នាក់។

ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ កម្លាំងនគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួន៤៨លើក ឃាត់ខ្លួនបញ្ជូនទៅតុលាការចំនួន១៦៨នាក់ និងបណ្ដេញចេញពីកម្ពុជាទៅប្រទេសកំណើតចំនួន២ ៧២២នាក់៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤៥ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


