Connect with us

ព័ត៌មានជាតិ

ជន​ជាតិចិន៣១២នាក់ទៀត​ ត្រូវបានបណ្ដេញចេញ​ពីកម្ពុជា ពាក់​ព័ន្ធករណី Online Scams

បានផុស

នៅ

ជនជាតិចិនសរុប៣១២នាក់ទៀតត្រូវបានសមត្ថកិច្ចបណ្ដេញចេញ​ពីប្រទេសកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការបណ្ដេញចេញនេះដោយសារជនជាតិចិនទាំងនោះ រកឃើញថា ជាប់ពាក់​ព័ន្ធក្នុងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអនុវត្តនីតិវិធីបណ្ដេញចេញនេះ ធ្វើឡើងកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ តាមការណែនាំរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ ដោយនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា ធ្វើការបណ្ដេញចេញ​តាមរយៈយន្តហោះពិសេស។

កាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ជនជាតិចិនសរុប១១០នាក់ ក៏ត្រូវបានសមត្ថកិច្ចបណ្ដេញចេញ​ពីប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិតេជោ។ ខណៈក្នុងថ្ងៃដដែលនោះ ​ជន​បរទេស​ចម្រុះជាតិសាសន៍សរុបចំនួន៦២៥នាក់មាន៦សញ្ជាតិ រួមមានឥណ្ឌា ប៉ាគីស្ថាន ចិន មីយ៉ាន់ម៉ា វៀតណាម និងឥណ្ឌូណេស៊ី ក៏ត្រូវបានអនុវត្តនីតិវិធីដូចគ្នានេះផងដែរ។ ជនបរទេសទាំងនោះ ត្រូវបានអះអាងថា សុទ្ធតែជាប់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ហើយមួយចំនួនទៀត គឺ​ករណីលួចឆ្លងដែន និងស្នាក់នៅធ្វើ​ការខុស​ច្បាប់។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ ជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក។

កម្ពុជាប្ដេជ្ញាបោសសម្អាតឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

ដោយ៖ ធឿន​ វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម