ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពតអំពាវនាវឲ្យរួមសាមគ្គីគ្នារក្សាភាពស្អាតដើម្បីលើកកម្ពស់វិស័យទេសចរណ៍
លោក មឿង គង្គា អភិបាលរងខេត្តកំពត បានអំពាវនាវដល់អាជ្ញាធរ វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ឱ្យរួមសាមគ្គីគ្នាចូលរួមថែរក្សាអនាម័យ បរិស្ថាន និងលើកកម្ពស់ភាពស្អាតក្នុងទីក្រុងដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋាន និងត្រូវធ្វើជាស្ថាប័នគំរូ អង្គភាពគំរូ សហគ្រាសគំរូ ពលរដ្ឋគំរូ កុមារ និងសិស្សនិស្សិតគំរូ លើកិច្ចការងារគាំពារទីក្រុងស្អាត។

ថ្លែងក្នុងឱកាសប្រារព្ធទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» ដែលបានរៀបចំឡើងនៅបរិវេណមាត់ព្រែកកំពង់បាយ ក្រុងកំពតខេត្តកំពត កាលពីថ្ងៃទី៦ ខែមីនា លោក មឿង គង្គា បានលើកឡើងថា ការរៀបចំប្រារព្ធទិវាជាតិទីក្រុងស្អាត គឺមានគោលបំណងបំផុសលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនឱ្យបន្តចូលរួមយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការថែរក្សាបរិស្ថាន និងលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្តល់សេវាបដិសណ្ឋារកិច្ចល្អ និងការបង្កើនភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរ។

លោកអភិបាលរងខេត្តកំពត បានបញ្ជាក់ថា ការអភិវឌ្ឍទីក្រុងឱ្យមានភាពស្អាត និងមានពណ៌បៃតង និងមាននិរន្តរភាព គឺជាកត្តាសំខាន់ក្នុងការរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងការរីកចម្រើនសង្គមសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។
លោក មឿង គង្គា អភិបាលរងខេត្តកំពត បានស្នើឱ្យអាជ្ញាធរគ្រប់មូលដ្ឋានបន្តពង្រឹងការអភិវឌ្ឍន៍តាមគោលដៅទេសចរណ៍ នៅតាមទីប្រជុំជន និងក្រុងឱ្យកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត និងមានការផ្តល់សេវាកម្មត្រូវធានាឱ្យមានគុណភាព សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ ដើម្បីលើកកម្ពស់សក្តានុពលអ្នកទេសចរណ៍ឱ្យបានត្រឹមត្រូវ។

លើសពីនេះលោកអភិបាលរងខេត្តកំពតក៏បានលើកទឹកចិត្តឱ្យអាជ្ញាធរក្រុងស្រុកឲ្យខិតខំរៀបចំបង្កើតខ្សែក្រវាត់បៃតងនៅតាមក្រុងទេសចរណ៍សំខាន់ៗ ទាំងក្រុងកំពត និងក្រុងបូកគោ ដើម្បីគាំទ្រដល់យុទ្ធនាការ «ទេសចរណ៍គឺជាការនាំចេញនៅនឹងកន្លែង។

លោកអភិបាលរងខេត្តក៏បានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ឱ្យស្របតាមទស្សនាទាន ជាទីក្រុងស្អាត ទីក្រុងប្រកបដោយសុខសុវត្ថិភាពល្អ និងទីក្រុងស្អាត ទីក្រុងមានសណ្តាប់ធ្នាប់សាធារណៈល្អ។

លោក មឿង គង្គា បានអំពាវនាវដល់អាជ្ញាធរក្រុងស្រុក វិស័យឯកជន អង្គការសង្គមស៊ីវិល ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមគាំទ្រ និងអនុវត្តចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ស្អាត បៃតង និងមានភាពទាក់ទាញខ្ពស់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សក្តិសមនឹងកិត្តិនាម «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ៕
អត្ថបទ៖ សឹង រ៉ាត់




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


