Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ដែលបានប្រារព្ធឡើងលើឆ្នេរខ្សាច់កោះទ្រង់ ស្ថិតក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អ្នកតំណាងរាស្ត្រ លោក ហ៊ឹម សុភា រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក វ៉ា ថន អភិបាលនៃគណ:អភិបាលខេត្តក្រចេះ ថ្នាក់ដឹកនាំ លោក លោកជំទាវ លោកអ្នកឧកញ៉ា កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។

‎គួររំលឹកផងដែរថា ពិធីនេះរៀបចំឡើងដើម្បីដឹងគុណចំពោះព្រះម៉ែគង្គា ដែលបានផ្ដល់ប្រភពទឹកសម្រាប់ប្រើប្រាស់ និងសម្រាប់ស្រោចស្រពដំណាំ។

ពិធីនេះក៏ជាការសូមស្មារលា ឬសុំខមាទោស ពីព្រះគង្គា ព្រះពាយ ព្រះធរណី និងព្រះពៃស្រពណ៌ ចំពោះអំពើបាបទាំងឡាយដែលមនុស្សបានប្រព្រឹត្តដោយចេតនា ឬអចេតនា។ ពិសេស សូមឱ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នៅក្នុងឆ្នាំនេះគឺចាប់ពីថ្ងៃទី ២៧-២៩ ខែមីនា ឆ្នាំ២០២៦។

ការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ គឺជាឱកាសដ៏សំខាន់ក្នុងការបង្ហាញសក្តានុពលទេសចរណ៍តាមដងទន្លេរបស់កម្ពុជា និងជំរុញការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ។
កាលពីពេលកន្លងមក ពិពិធីបុណ្យទន្លេ ត្រូវបានប្រារព្ធឡើងលើកទី១ កាលពីឆ្នាំ២០១៥ នៅខេត្តក្រចេះ, លើកទី២ ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម-ត្បូងឃ្មុំ, លើកទី៣ ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង, លើកទី៤ ឆ្នាំ២០១៨ នៅខេត្តកណ្ដាល, លើកទី៥ ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង និងលើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង, លើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ លើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប និងលើកទី៩ នៅលើទឹកដីខេត្តតាកែវ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម