Connect with us

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍អំពាវនាវភ្ញៀវជាតិ-អន្តរជាតិទៅលេងបុណ្យទន្លេនៅខេត្តក្រចេះ​រយៈពេល ៣ថ្ងៃ

បានផុស

នៅ

ក្រសួងទេសចរណ៍ តាមរយៈអ្នកនាំពាក្យលោកស្រី ហ៊ុន ដានី បានអំពាវនាវដល់សាធារណជន ភ្ញៀវជាតិ-អន្តរជាតិ អញ្ជើញទៅលេងកម្សាន្តបុណ្យទន្លេលើកទី ១០ ឱ្យបានច្រើនកុះករដែលរៀបចំនៅលើទឹកដីខេត្តក្រចេះចាប់ពីថ្ងៃទី ២៧-២៩ ខែមីនា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបំណងសំខាន់ៗនៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ខេត្តជាប់ដងទន្លេកម្ពុជា (ជាពិសេសខេត្តក្រចេះ) ក៏ដូចជា អភិរក្សនិងអភិវឌ្ឍធនធានទន្លេ ប្រកបដោយនិរន្តរភាព និងចូលរួមការធ្វើពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តការណ៍ទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ។

លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់កម្ពុជាថ្មីថា បុណ្យទន្លេ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តជាប់ដងទន្លេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្ល ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។

លោកស្រីថ្លែងប្រាប់ថា៖«ជាការផ្តាំផ្ញើរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សូមភ្ញៀវទេសចរជាតិ និងអន្តរជាតិពីគ្រប់ទិសទីទាំងអស់មកលេងកម្សាន្តនៅកម្ពុជា ដោយអារម្មណ៍មានផាសុកភាព ពីព្រោះកម្ពុជាមកទល់ពេលនេះ នៅតែជាគោលដៅទេសចរណ៍ដែលមានសុខសុវត្ថិភាព ផ្តល់ភាពកក់ក្តៅ និងស្នាមញញឹម រួសរាយរាក់ទាក់ដល់ភ្ញៀវទេសចរគ្រប់រូប។ កម្ពុជារង់ចាំស្វាគមន៍មិនត្រឹមតែព្រឹត្តិការណ៍បុណ្យទន្លេនៅខេត្តក្រចេះនេះទេ ប៉ុន្តែស្វាគមន៍ភ្ញៀវជាតិ-អន្តរជាតិនៅគ្រប់គោលដៅទាំងអស់»។

ព្រឹត្តិការណ៍បុណ្យទន្លេនេះ ក៏ជាបង្កើតជាឱកាសជំរុញការអភិវឌ្ឍនៅនឹងកន្លែងជូនដល់ប្រជាពលរដ្ឋ និងសហគមន៍ទេសចរណ៍ ពង្រឹងនិងលើកកម្ពស់គុណភាពសេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍នៅក្នុងខេត្តក្រចេះ។ ព្រមទាំងពង្រឹងការអភិវឌ្ឍន៍នៅមូលដ្ឋាន មានជាអាទិ៍ ការរៀបចំកែលម្អនិងតុបតែងសោភណភាពក្រុង ហេដ្ឋារចនាសម្ព័ន្ធខេត្តម្ចាស់ផ្ទះ។ 

ក្នុងន័យនេះ បុណ្យទន្លេ មិនត្រឹមតែជាព្រឹត្តិការណ៍មួយសម្រាប់ខេត្តជាម្ចាស់ផ្ទះប៉ុណ្ណោះទេប៉ុន្តែបានផ្តល់នូវអត្ថប្រយោជន៍​យ៉ាងច្រើនទាំងដោយផ្ទាល់ និងដោយប្រយោល ដូចជា បង្ហាញពីសាមគ្គីភាពរឹងមាំគ្រប់តួអង្គពាក់ព័ន្ធតាម “អភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច លើកកម្ពស់ការអភិវឌ្ឍបៃតង ដែលមានការគិតគូរអំពីធនធានវប្បធម៌ (ភាពជាខ្មែរ) ធម្មជាតិ និងបរិស្ថាន លើកកម្ពស់ការអប់រំ និងការយល់ដឹង និងលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈព្រឹត្តិការណ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម