Connect with us

ព័ត៌មានជាតិ

កូរ៉េខាងត្បូងពង្រឹងជំនាញស៊ើបអង្កេត និងកោសល្យវិច័យដល់មន្ត្រីកម្ពុជា ក្រោមគម្រោងរបស់ KOICA

បានផុស

នៅ

រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចុះហត្ថលេខាជាមួយក្រសួងមហាផ្ទៃកម្ពុជា សម្រាប់គម្រោងពង្រឹងសមត្ថភាពការស៊ើបអង្កេតកន្លែងកើតហេតុ និងវិទ្យាសាស្ត្រកោសល្យវិច័យរបស់មន្ត្រីនគរបាលកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះហត្ថលេខាជាផ្លូវការត្រូវបានធ្វើឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ ដោយលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី ឆយ ម៉ូន ជុង នាយិកា KOICA ប្រចាំកម្ពុជា ហើយដោយមានការធ្វើជាសាក្សីពីលោក គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូប្រចាំកម្ពុជា។

គម្រោងខាងលើនេះ គឺក្រោមការផ្ដល់ហិរញ្ញប្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈ KOICA ដែលមានទំហំថវិកាសរុបប្រមាណ១៣,៥លានដុល្លារអាម៉េរិក។

តាមការបញ្ជាក់របស់ KOICA គំនិតផ្តួចផ្តើមនេះមានគោលបំណងធ្វើទំនើបកម្មការអនុវត្តច្បាប់របស់កម្ពុជា ដោយពង្រឹងជំនាញស៊ើបអង្កេតកម្រិតខ្ពស់ និងសមត្ថភាពកោសល្យវិច័យឌីជីថល ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសការរួមចំណែកដោយផ្ទាល់ដល់អាទិភាពជាតិនៃការអភិវឌ្ឍមូលធនមនុស្ស តាមការវិនិយោគលើការកសាងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ និងការជំរុញនវានុវត្តន៍ ដើម្បីលើកកម្ពស់ស្ថិរភាពជាតិ។

គំនិតផ្តួចផ្តើមនេះ រួមមានការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងវិទ្យាសាស្ត្រកោសល្យវិច័យដ៏ទំនើបមួយនៅបណ្ឌិត្យសភានគរបាលកម្ពុជា ជាមួយការកែលម្អមន្ទីរពិសោធន៍ស៊ើបអង្កេតកន្លែងកើតហេតុ និងកោសល្យវិច័យឌីជីថល នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យស្របតាមស្តង់ដារអន្តរជាតិ។ ជាពិសេសគម្រោងក៏នឹងផ្តល់ការបណ្តុះបណ្តាលកម្រិតខ្ពស់លើជំនាញសំខាន់ៗដូចជាការវិភាគ DNA វិភាគជាតិពុល (Toxicology) និងកោសល្យវិច័យឌីជីថល រួមជាមួយការផ្តល់នូវឧបករណ៍កោសល្យវិច័យទំនើបៗបំផុត។    

លោក គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីកូរ៉េចំពោះសន្តិសុខ និងគោលដៅអភិវឌ្ឍន៍របស់កម្ពុជា ដោយលើកឡើងថា គម្រោងដែលបានចុះហត្ថលេខានៅថ្ងៃនេះ ជាផ្នែកមួយដ៏សំខាន់នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់កូរ៉េខាងត្បូង។

លោក សង្កត់ធ្ងន់ថា ជំនួយនេះ ក៏ជាការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់សម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ិនធើណេតឆ្លងដែន គឺបន្ទាប់ពីក្រុមការងាររួម កម្ពុជា-កូរ៉េខាងត្បូង ត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន ដែលបានបង្ហាញលទ្ធផលជាក់ស្តែងរួចហើយក្នុងការប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការឆបោកតាមអ៊ិនធើណេត។

ជាការកត់សម្គាល់ ការគាំទ្ររបស់ KOICA ដល់កម្ពុជា គឺបានគ្របដណ្តប់លើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការធ្វើទំនើបកម្មបច្ចេកទេស ការគាំទ្រគោលនយោបាយ និងកម្មវិធីកសាងសមត្ថភាពឯកទេស។ កិច្ចសហប្រតិបត្តិការនេះ ឆ្លុះបញ្ចាំងពីការជឿទុកចិត្ត និងភាពជាដៃគូរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េខាងត្បូង ដែលមានរយៈពេលជិត៣០ឆ្នាំ ខណៈដែលខួបលើកទី៣០នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញនឹងចូលមកដល់នៅឆ្នាំ២០២៧ខាងមុខនេះ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម