Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៦ក្រសួងអប់រំនឹងពង្រីកកម្មវិធីមគ្គុទ្ទេសក៍ អាជីពនិងការផ្ដល់ប្រឹក្សាដល់វិទ្យាល័យគោលដៅចាស់និងថ្មីជាង ២០០សាលា

បានផុស

នៅ

សម្រាប់ឆ្នាំ២០២៦នេះនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនៃក្រសួងអប់រំយុវជននិងកីឡាតាមរយៈគម្រោង STEP-UP នឹងពង្រីកកម្មវិធីមគ្គុទ្ទេសក៍អាជីពនិងការផ្ដល់ប្រឹក្សាដល់វិទ្យាល័យគោលដៅចាស់និងថ្មីប្រមាណ២០៥សាលា ដើម្បីអភិវឌ្ឍសមត្ថភាពគណៈគ្រប់គ្រងសាលានិងបុគ្គលិកអប់រំនៃវិទ្យាល័យគោលដៅឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា និងសកម្មភាពភាពជាដៃគូរវាងរដ្ឋនិងឯកជន» នៅវិទ្យាស្ថានគរុកោសល្យកំពង់ចាមចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦លោក ជន់ សារ៉ន អនុប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈបានលើកឡើងថាការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពគណៈគ្រប់គ្រង និងបុគ្គលិកអប់រំនៃវិទ្យាល័យគោលដៅលើផ្នែកទ្រឹស្តី ការដឹកនាំយន្តការបច្ចេកទេស និងសកម្មភាពការងារនានាក្នុងដំណើរការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា និងសកម្មភាពភាពជាដៃគូរវាងរដ្ឋនិងឯកជនក្នុងក្របខណ្ឌគម្រោង STEP-UP សំដៅពង្រឹងសមត្ថភាពពេញលេញដល់ប្រតិបត្តិករនៅតាមសាលារៀន។

លោកបានបន្តថាផ្អែកតាមផែនការប្រតិបត្តិឆ្នាំ២០២៦ របស់គម្រោង STEP-UP នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនឹងត្រូវផ្ដល់ការគាំទ្រដល់ការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា និងសកម្មភាពភាពជាដៃគូរវាងរដ្ឋនិងឯកជននៅតាមវិទ្យាល័យគោលដៅចាស់ចំនួន ១០០ និងពង្រីកទៅកាន់វិទ្យាល័យគោលដៅថ្មីរបស់គម្រោងចំនួន ១០៥។ វគ្គបណ្ដុះបណ្ដាលជាស៊េរីចំនួន ៦ក្រេឌីត នឹងត្រូវផ្ដល់ជូនលោកគ្រូ អ្នកគ្រូភ្ជាប់នឹងការទទួលស្គាល់ជាគ្រូប្រឹក្សាតាមសាលារៀននាពេលខាងមុខ។

លោកបណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលរយៈពេល៤ថ្ងៃនេះគឺជាធាតុចូលថ្មីបន្ថែមទៀតដើម្បីរួមចំណែកផ្ដល់ការគាំទ្រដល់សិស្សានុសិស្សនៅកម្រិតសាលារៀនតាមរយៈការសម្របសម្រួល និងដឹកនាំកម្មវិធីមគ្គុទ្ទេសក៍អាជីពនិងការផ្ដល់ប្រឹក្សា កម្មវិធីបន្ថែមក្រៅម៉ោងសិក្សា កម្មវិធីតម្រង់ទិសអាជីព ពិព័រណ៍ស្នាដៃសិស្ស និងការបង្កើតភាពជាដៃគូរវាងរដ្ឋនិងឯកជននៅកម្រិតសាលារៀន ក្រោមការគាំទ្ររបស់នាយកដ្ឋានជំនាញ និងគម្រោង STEP-UP នាពេលខាងមុខ។ព្រោះថាលោកគ្រូ អ្នកគ្រូគឺជាបុគ្គលដ៏សំខាន់ដែលជួយឱ្យកំណែទម្រង់វិស័យអប់រំទទួលបានជោគជ័យ។

លោករដ្ឋលេខាធិការបានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យចូលរួមក្នុងដំណើរការវគ្គឱ្យបានសកម្ម និងប្រឹងប្រែងសិក្សារៀនសូត្រ ទទួលយកចំណេះដឹងថ្មីៗដើម្បីមានលទ្ធភាពក្នុងការគ្រប់គ្រង ដឹកនាំអនុវត្តសកម្មភាពនេះនៅតាមសាលារៀនរបស់ខ្លួនកាន់តែប្រសើរ៕អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម