ព័ត៌មានជាតិ
ខេត្តរតនគិរី រៀបចំពិធីបុណ្យវប្បធម៌ជនជាតិដើមភាគតិច លើកស្ទួយប្រពៃណី និងរក្សាអត្តសញ្ញាណ
សហគមន៍ជនជាតិដើមភាគតិចនៅខេត្តរតនគិរី បានរៀបចំពិធីបុណ្យរំឮកវប្បធម៌របស់ខ្លួន ដើម្បីបង្ហាញអំពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួនទៅកាន់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យបានយល់ដឹងអំពីអត្តសញ្ញាណ និងរបៀបរស់នៅប្រចាំថ្ងៃដែលមានលក្ខណៈពិសេសខុសប្លែកពីប្រជាជនខ្មែរទូទៅ។ ពិធីបុណ្យនេះត្រូវបានរៀបចំឡើងដោយអង្គការដៃគូ អាជ្ញាធរសង្កាត់យក្សឡោម និងសហគមន៍បឹងយក្សឡោម នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីជនជាតិដើមភាគតិចមកពីខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ សរុបប្រមាណ៣០០នាក់។

លោក ងិន ណែល អភិបាលរងខេត្តរតនគិរី មានប្រសាសន៍ថា កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីរំឭក និងថែរក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិច ព្រមទាំងពង្រឹងចំណងសាមគ្គីភាពរវាងសហគមន៍។ ជាមួយគ្នានេះផងដែរ វាក៏ជាវិធីសាស្ត្រមួយក្នុងការផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីរបស់ជនជាតិដើមភាគតិច ទៅកាន់ភាគីពាក់ព័ន្ធទាំងក្នុងខេត្ត និងទូទាំងប្រទេស។
លោកបានបន្ថែមថា នៅក្នុងខេត្តរតនគិរី មានសហគមន៍ជនជាតិដើមភាគតិចចំនួន៨៦ ដែលបានចុះបញ្ជីជាផ្លូវការ។ វប្បធម៌ និងប្រពៃណីរបស់ពួកគេមានភាពសម្បូរបែប ពាក់ព័ន្ធយ៉ាងជិតស្និទ្ធនឹងជីវិតរស់នៅប្រចាំថ្ងៃ ដូចជា សិល្បៈ ឧបករណ៍ប្រើប្រាស់ និងពិធីសែនព្រេនផ្សេងៗ រួមមានពិធីសុំសេចក្តីសុខ ពិធីអាពាហ៍ពិពាហ៍ ពិធីសែនអ្នកតា និងពិធីបំបាត់គ្រោះអាក្រក់។

ក្រៅពីការដាក់តាំងបង្ហាញពិធីសែនព្រេនទាំងនេះ កម្មវិធីក៏មានការសម្ដែងសិល្បៈរបាំគងជាច្រើនប្រភេទ ដែលមកពីជនជាតិដើមភាគតិចដូចជា ចារាយ និងគ្រឹង ដែលបង្ហាញពីភាពសម្បូរបែបនៃអរិយធម៌ជនជាតិដើមភាគតិចក្នុងតំបន់ផងដែរ។ កម្មវិធីនេះក៏បានរៀបចំដង្ហែរក្បួនចម្ងាយប្រមាណ ៥ គីឡូម៉ែត្រ ចាប់ពីមន្ទីរវប្បធម៌ រហូតដល់បឹងយក្សឡោម ដោយអ្នកចូលរួមបានកាន់វត្ថុសិល្បៈ និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ ព្រមទាំងបដារូបភាពចាស់ទុំក្នុងភូមិ និងរូបភាពសិល្បៈរបាំ ដើម្បីបង្ហាញអត្តសញ្ញាណវប្បធម៌របស់ខ្លួនឲ្យសាធារណជនបានស្គាល់ និងយល់ដឹងកាន់តែច្បាស់។
លោក វេន ចឹ អនុប្រធានសហគមន៍បឹងយក្សឡោម បានឲ្យដឹងថា កម្មវិធីនេះមានការរៀបចំសកម្មភាពសិល្បៈចម្រុះពីជនជាតិដើមភាគតិច ដូចជា ចារាយ ព្រៅ និងទំពួន។ ក៏មានការរៀបចំកន្លែងត្បាញ កន្លែងអាយ៉ៃឆ្លើយឆ្លង និងការច្រៀងលេងកម្សាន្ត ដែលបានឆ្លុះបញ្ចាំងទៅកាន់យុវជន និងយុវនារី ឲ្យបានយល់ដឹងអំពីអត្តសញ្ញាណ និងវប្បធម៌របស់ខ្លួន។ លោកបានបន្ថែមថា កម្មវិធីនេះមានការចូលរួមយ៉ាងច្រើនពីសហគមន៍តាមភូមិ ហើយក៏បានផ្តាំផ្ញើឲ្យជនជាតិដើមភាគតិចទាំងអស់ បន្តរក្សា និងការពារវប្បធម៌ប្រពៃណីដែលមានស្រាប់ ព្រមទាំងចូលរួមគាំទ្រកម្មវិធីនេះនៅឆ្នាំក្រោយៗទៀត។

ទន្ទឹមនឹងនេះ អ្នកស្រី រម៉ាម ថ្វាក់ ជាជនជាតិដើមភាគតិចចារាយ មកពីស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានបង្ហាញអារម្មណ៍រំភើបរីករាយ ចំពោះការចូលរួមផ្សព្វផ្សាយវប្បធម៌របស់ខ្លួនឲ្យកាន់តែទូលំទូលាយ។
ចំណែកកញ្ញា ទូន សាវ៉ាត ជាជនជាតិដើមភាគតិចពូនង មកពីខេត្តមណ្ឌលគិរី បានប្រាប់ថា នេះជាលើកដំបូងដែលខ្លួនបានចូលរួមកម្មវិធីរំឮកវប្បធម៌ជនជាតិដើមភាគតិចនៅខេត្តរតនគិរី។ កញ្ញាមានអារម្មណ៍រំភើប និងសប្បាយរីករាយ ព្រមទាំងបានសិក្សាអំពីវប្បធម៌ផ្សេងៗពីជនជាតិដើមភាគតិចដូចគ្នា ដែលមានលក្ខណៈខុសប្លែកពីវប្បធម៌របស់ខ្លួន។ កញ្ញាបានបន្តថា ប្រសិនបើមានការរៀបចំកម្មវិធីនេះម្តងទៀត ខ្លួននឹងមកចូលរួមសារជាថ្មី ដើម្បីចូលរួមថែរក្សាប្រពៃណី និងទំនៀមទម្លាប់របស់ជនជាតិដើមភាគតិច មិនឲ្យបាត់បង់។

សូមជម្រាបថា ពិធីបុណ្យវប្បធម៌ទំពួន ដែលរៀបចំនៅបឹងយក្សឡោមនេះ គឺជាលើកទី១សម្រាប់ខេត្តរតនគិរី។ វាជាព្រឹត្តិការណ៍មួយដែលរៀបចំឡើង ដើម្បីរំឭក និងបង្ហាញពីភាពចម្រុះនៃវប្បធម៌ជនជាតិដើមភាគតិច ពីខេត្តរតនគិរី និងមណ្ឌលគិរី ដែលបានជួបជុំគ្នាធ្វើសកម្មភាពរួមមាន រាំរបាំ វាយគង សែនព្រេន និងដង្ហែរក្បួន ដូចទៅនឹងប្រពៃណីរបស់សហគមន៍ជនជាតិដើមភាគតិចពូនងនៅខេត្តមណ្ឌលគិរីផងដែរ៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


