Connect with us

ព័ត៌មានជាតិ

អភិបាលស្រុកអង្គរបូរី​ ចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បី​ចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋជិត ៥០០គ្រួសារ

បានផុស

នៅ

ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ លោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី បានដឹកនាំសហការី ចុះពិនិត្យដល់ទីតាំងជាក់ស្តែងប្រជាពលរដ្ឋ៣ភូមិ ក្នុងគោលបំណងសិក្សាប្រមូលព័ត៌មាន និងពិនិត្យស្ថានភាពដីធ្លីពាក់ព័ន្ធ ដើម្បីឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីលោកអភិបាលស្រុក ការចុះពិនិត្យនេះ ផ្តោតសំខាន់លើការស្នើសុំចេញបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ៣ភូមិ រួមមាន ភូមិបាស្រែ ភូមិស្វាយខាងត្បូង និងភូមិស្វាយខាងជើង ស្ថិតក្នុងឃុំបាស្រែ។ សរុបប្រជាពលរដ្ឋដែលទាក់ទងមានចំនួន ៤៦៦ គ្រួសារ ជាមួយផ្ទៃដីសរុបប្រមាណ ៥៩៤ ហិកតា។

ក្នុងអំឡុងពេលចុះពិនិត្យនោះដែរក្រុមការងារបានស្តាប់យោបល់ និងបញ្ហាប្រឈមជាក់ស្តែងពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការកាន់កាប់ប្រើប្រាស់ដីធ្លី ការខ្វះឯកសារផ្លូវការ និងបញ្ហាពាក់ព័ន្ធនឹងព្រំដែនដី។ ព័ត៌មានទាំងនេះត្រូវបានប្រមូលយក ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការវិភាគ និងដោះស្រាយតាមនីតិវិធីច្បាប់ឱ្យបានត្រឹមត្រូវ និងមានតម្លាភាព។

ប្រជាពលរដ្ឋលើកឡើងដែរថា ការចុះដល់មូលដ្ឋានដោយផ្ទាល់ពីសំណាក់លោកអភិបាលស្រុក និងក្រុមកាងារនេះ បង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដោយឆាប់រហ័ស និងមានប្រសិទ្ធភាព។ ជាពិសេស ការចេញបណ្ណកម្មសិទ្ធិ គឺជាចំណុចសំខាន់មួយដែលអាចធានាសិទ្ធិកាន់កាប់ដីធ្លីយ៉ាងច្បាស់លាស់ ជួយកាត់បន្ថយជម្លោះ និងលើកកម្ពស់សុវត្ថិភាពសង្គមនៅមូលដ្ឋាន។

លោក កង អាណាន់ បន្ថែម​ថា ដំណាក់កាលបន្ទាប់ ក្រុមការងារនឹងបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីពិនិត្យឯកសារ បញ្ចប់នីតិវិធីបច្ចេកទេស និងជំរុញដំណើរការចេញបណ្ណកម្មសិទ្ធិឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម