Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបទីតាំងលបលួចប្រព្រឹត្ត Online Scam មួយកន្លែងក្នុងក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់

បានផុស

នៅ

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ពីប្រតិបត្តិការចុះបង្ក្រាបទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងស្នាក់នៅខុសច្បាប់ ក្នុងអគារកាស៊ីណូមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្រុងព្រះសីហនុ ដោយក្នុងប្រតិបត្តិការនេះបានរកឃើញ និងឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ តាមបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំរបស់លោក ម៉ោង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត។ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្ក្រាបទីតាំងអគារកាស៊ីណូ ជីន យូ មេន តាំង (JIN YU MEN TANG CASINO) មានទីតាំងស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការខាងលើនេះ ពេលកម្លាំងជំនាញ ចុះទៅដល់ទីតាំងខាងលើ ភ្លាមៗនោះ ជនបរទេសទាំងនោះ បានព្យាយាមរត់គេចខ្លួនចេញពីអគារទីតាំងកាស៊ីណូ ប៉ុន្តែត្រូវបានកម្លាំងជំនាញគ្រប់គ្រងសភាពការណ៍បានដោយសុវត្ថិភាព និងបានធ្វើការហ៊ុព័ទ្ធទីតាំងអគារកាស៊ីណូ និងធ្វើការក្រសោបបានជនបរទេសជាច្រើនរយនាក់ រួមនឹងសម្ភារមួយចំនួនទៀត។

តាមការបញ្ជាក់ពីសមត្ថកិច្ច បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តនីតិវិធីបញ្ជូនជនបរទេសប្រមាណចំនួន៤០០នាក់ ប្រគល់ជូន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីនីតិវិធីបន្ត។ ដោយឡែក ជនបរទេសជាច្រើនរយនាក់ទៀតកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅក្នុងអគារកាស៊ីណូ ជីន យូ មេន តាំង ដើម្បីនីតិវិធីបន្តបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម