Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពត បន្តចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ២៤៨៨គ្រួសារ ដើម្បីធានាសិទ្ធិស្របច្បាប់លើការកាន់កាប់ និងប្រើប្រាស់ដីធ្លី

បានផុស

នៅ

រដ្ឋបាលខេត្តកំពត បន្តប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋរស់នៅឃុំតាកែន ស្រុកឈូក ចំនួន២៤៨៨គ្រួសារ ស្មើនឹង ២៩២៧ក្បាលដី ដើម្បីធានាសិទ្ធិស្របច្បាប់លើការកាន់កាប់ និងប្រើប្រាស់ដីធ្លី ព្រមទាំងរួមចំណែកកាត់បន្ថយវិវាទដីធ្លីនៅមូលដ្ឋាន ពិសេសលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ និងរស់នៅប្រកបដោយភាពសុខដុមរម្យនា នៅក្រោមម្លប់នៃសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋ ភូមិចំការមន ភូមិវាលក្រសាំង ភូមិជ័យតាស្វាយ និងភូមិដំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក កាលពីថ្ងៃទី១៩ ខែឧសភា លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា អស់រយៈពេលជាច្រើនជំនាន់មកហើយ ប្រជាពលរដ្ឋស្ទើរគ្រប់តំបន់នៅកម្ពុជា មិនទាន់មានប័ណ្ណកម្មសិទ្ធិលើដីធ្លី និងផ្ទះសម្បែងនៅឡើយដែលធ្វើឱ្យការប្រើប្រាស់ និងអភិវឌ្ឍដីធ្លីមិនទាន់អស់សក្តានុពល។ បញ្ហានេះកើតឡើងដោយសារប្រទេសជាតិបានឆ្លងកាត់សង្គ្រាមជាបន្តបន្ទាប់ ជាពិសេសក្នុងរបបប៉ុល ពត ដែលបានដកហូតកម្មសិទ្ធិឯកជន និងដាក់ជាកម្មសិទ្ធិសមូហភាព។

លោក ម៉ៅ ធនិន បន្តថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋនៅតែប្រឈមការលំបាកជាច្រើនទាំងការខ្វះកម្លាំងពលកម្ម ឧបករណ៍កសិកម្ម គ្រាប់ពូជ និងសម្ភារៈផ្សេងៗ ខណៈផ្ទៃដីមួយចំនួននៅមានគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ទោះជាយ៉ាងណា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ដែលបានបង្កលក្ខណៈឱ្យការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការគ្រប់គ្រងដីធ្លីកាន់តែមានប្រសិទ្ធភាព។

អភិបាលខេត្តកំពតបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់វិស័យដីធ្លី តាមរយៈការអនុម័តច្បាប់ភូមិបាលឆ្នាំ២០០១ និងការដាក់ចេញលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាបន្តបន្ទាប់ ដើម្បីធានាការគ្រប់គ្រងដីរដ្ឋ ដីឯកជន ដីវត្ត និងដីសហគមន៍ឱ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានជំរុញការចុះបញ្ជីដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិ តាមរយៈការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ និងយុទ្ធនាការវាស់វែងដីធ្លីតាមបទបញ្ជាលេខ០១ បប។

ក្នុងឱកាសនោះ លោកអភិបាលខេត្តកំពត ក៏បានចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់មន្ត្រីក្រុមការងារចុះបញ្ជីដីធ្លី ដែលបានខិតខំអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព ព្រមទាំងថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការជំរុញការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនាពេលកន្លងមក។

បើតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បញ្ជាក់ថា ស្រុកឈូកមានចំនួន១៥ឃុំ ស្មើនឹង៨០ភូមិ ហើយការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០០៩។ រហូតមកដល់ពេលនេះ បានប្រកាសតំបន់វិនិច្ឆ័យគ្រប់៨០ភូមិ ស្មើនឹង១០០ភាគរយ ក្នុងនោះ ចែកប័ណ្ណជូនប្រជាពលរដ្ឋរួចចំនួន៦៨ភូមិ ស្នើសុំចែកប័ណ្ណ៤ភូមិ បិទផ្សាយចប់ត្រៀមចែកប័ណ្ណ២ភូមិ និងកំពុងពិនិត្យសម្អាតទិន្នន័យត្រៀមបិទផ្សាយចំនួន៦ភូមិបន្ថែមទៀត៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម