ព័ត៌មានជាតិ
អាជ្ញាធរខេត្តតាកែវ រកឃើញរោងចក្រ «ផ្កាយទឹកកក» រំលោភដីសហគមន៍ព្រៃឈើ និងឱ្យរុះរើមុនដំណាច់ខែមិថុនា
អាជ្ញាធរខេត្តតាកែវ និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យទីតាំងជាក់ស្តែងជាបន្ទាន់ ក្រោយមានការបង្ហោះ និងចែកចាយព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុក ដោយចោទប្រកាន់ថា រោងចក្រទឹកកកមួយកន្លែងឈ្មោះ «ផ្កាយទឹកកក» ស្ថិតក្នុងស្រុកត្រាំកក់ បានកាប់ឆ្ការព្រៃ និងទន្ទ្រានយកដីភ្នំធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ប្រតិបត្តិការចុះត្រួតពិនិត្យនេះ ដឹកនាំដោយលោក ឆយ ម៉ុនលី ប្រធានមន្ទីរបរិស្ថានខេត្តតាកែវ ដោយមានការចូលរួមពីខណ្ឌរដ្ឋបាលព្រៃឈើតាកែវ រដ្ឋបាលស្រុកត្រាំកក់ ក្រុមប្រឹក្សាឃុំត្រាំកក់ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីស្រាវជ្រាវ និងបញ្ជាក់ការពិតជុំវិញការចោទប្រកាន់ខាងលើ។

ជាលទ្ធផលនៃការត្រួតពិនិត្យ ក្រុមការងារចម្រុះបានរកឃើញថា ម្ចាស់រោងចក្រទឹកកក «ផ្កាយទឹកកក» មានឈ្មោះ ខូវ ស៊ាង ង៉ុន់ ពិតជាបានរំលោភយកដីសហគមន៍ព្រៃឈើនៅខាងក្រោយរោងចក្ររបស់ខ្លួនប្រាកដមែន។ ការរំលោភនេះ ត្រូវបានធ្វើឡើងតាមរយៈការចាក់បង្គោលរបងបេតុងចំនួន ១៣ បង្គោល និងបណ្តុះបង្គោលដែកចំនួន ៣១ ដើម ចូលទៅក្នុងដីសហគមន៍ព្រៃឈើត្រាំកក់។

ក្រោយពីរកឃើញបទល្មើសជាក់ស្តែង ក្រុមការងារជំនាញបានកោះហៅម្ចាស់ទីតាំង និងតំណាងពាក់ព័ន្ធមកធ្វើការណែនាំ អប់រំ និងពន្យល់អំពីច្បាប់ស្តីពីព្រៃឈើ ព្រមទាំងផលវិបាកផ្លូវច្បាប់ដែលអាចកើតមាន ប្រសិនបើនៅតែបន្តសកម្មភាពរំលោភបំពានលើដីសហគមន៍។

ក្នុងជំនួបនោះ លោក ម៉េង ពាច ដែលជាតំណាងម្ចាស់ទីតាំង បានទទួលស្គាល់កំហុស និងយល់ព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដោយសន្យាថា នឹងវាយកម្ទេច និងរុះរើរបងទាំងអស់ដែលបានសាងសង់រំលោភលើដីសហគមន៍ព្រៃឈើចេញវិញ។

ជាមួយគ្នានេះ ក្រុមការងារជំនាញបានដាក់ឱសានវាទឱ្យម្ចាស់ទីតាំង បញ្ចប់ការរុះរើ និងស្ដារស្ថានភាពដីឱ្យដូចដើមឡើងវិញ ឱ្យបានរួចរាល់ទាំងស្រុង មុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងករណីមិនអនុវត្តតាមការកំណត់ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយមិនមានការលើកលែងឡើយ។

មន្ទីរបរិស្ថានខេត្តតាកែវ បានបញ្ជាក់ថា ករណីនេះបង្ហាញពីប្រសិទ្ធភាពនៃការចូលរួមរបស់ប្រជាពលរដ្ឋ និងបណ្តាញសង្គម ក្នុងការរាយការណ៍អំពីបទល្មើសធនធានធម្មជាតិ។ អាជ្ញាធរ និងមន្ត្រីជំនាញនឹងបន្តតាមដានយ៉ាងដិតដល់ ដើម្បីធានាថា ការអនុវត្តច្បាប់ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ស្របតាមគោលការណ៍តម្លាភាព និងការពារផលប្រយោជន៍សាធារណៈ៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


