Connect with us

ព័ត៌មានជាតិ

សល់ ១សប្តាហ៍! ការប្រលងស្នាដៃតែងនិពន្ធ ពានរង្វាន់ «ព្រះនាងឥន្ទ្រទេវី» ឆ្នាំ២០២៦ នឹងបិទទទួលពាក្យ

បានផុស

នៅ

នៅសល់តែ ១សប្តាហ៍ទៀតប៉ុណ្ណោះ ការប្រលងតែងនិពន្ធប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ដណ្ដើមពានរង្វាន់ «ព្រះនាងឥន្ទ្រទេវី» ឆ្នាំ២០២៦ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបិទបញ្ចប់ការទទួលស្នាដៃនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៥:០០នាទីល្ងាចជាកំហិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ វិធានសម្រាប់ការប្រលងឆ្នាំនេះ គឺប្រើប្រធានបទសេរី ប៉ុន្តែផ្ទៃរឿងទាំងមូលត្រូវមានខ្លឹមសារសមស្រប ដោយផ្តោតលើ « អត្ថន័យ អត្ថរូប អត្ថរស » ។
– អត្ថន័យ ៖ សច្ចធម៌ សីលធម៌ និងគុណធម៌ ។
– អត្ថរូប ៖ វិធីតែងនិពន្ធ រចនាបថ និងសោភ័ណភាព ។
– អត្ថរស៖ ឆ្លុះបញ្ចាំងពីការអប់រំ ការអភិវឌ្ឍ និងការថែរក្សាតម្លៃអត្តសញ្ញាណជាតិ។

ចំពោះលក្ខខណ្ឌសំណេរវិញ បេក្ខជនត្រូវមានស្នាដៃថ្មី មិនចម្លងពីស្នាដៃអ្នកដទៃ មិនធ្លាប់ទទួលជយលាភី ឬមិនធ្លាប់បោះពុម្ពផ្សាយ ទំហំខ្នាតក្រដាស A4(ចាប់ពី ១៥-៣០ទំព័រ) អក្សរត្រូវប្រើ fontយូនីកូត Khmer OS Siemreap, ទំហំ: ១២ និងអក្ខរាវិរុទ្ធ យកតាមវចនានុក្រមខ្មែរ( សម្ដេចព្រះសង្ឃរាជ ជួនណាត ជោតញ្ញាណោ) និងសេចក្ដីប្រកាសសម្រេចរបស់ក្រុមព្រឹក្សាជាតិភាសាខ្មែរ។

គួរជម្រាបដែរថា ស្នាដៃជ័យលាភីលេខ ១ ដល់លេខ ៣ (ប្រលោមលោកខ្នាតខ្លី ៣រូប និងកំណាព្យរឿង ៣រូប) នឹងទទួលបានពាន១ អមដោយទឹកប្រាក់។ ដោយឡែក រង្វាន់កិត្តិយសលេខ ៣ និងលេខ ៤ (ប្រលោមលោកខ្នាតខ្លី ២រូប និងកំណាព្យរឿង ២រូប) នឹងទទួលប័ណ្ណកិត្តយសចំនួន ១ និងអមជាមួយទឹកប្រាក់។

សម្រាប់អ្នកដែលមានបំណងចូលរួមប្រកួតប្រជែង គប្បីរូតរះដាក់ស្នាដៃឱ្យបានទាន់ពេលវេលា។ បេក្ខជនអាចដាក់ស្នាដៃដោយផ្ទាល់នៅនាយកដ្ឋានសៀវភៅ និងការអាន អគារលេខ៤៤ ផ្លូវសម្ដេចប៉ាន រាជធានីភ្នំពេញ ក្នុងម៉ោងធ្វើការ ឬទាក់ទងតាម Telegram លេខ ០១១ ៨៥០ ០៩៤, ០១២ ៨០១ ១១២ និង ០៧៦ ៦៦៨ ៩៧៧ ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម៕ ដោយ ៖ ជុំ សុជាតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម