Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញ និងអាជ្ញាធរក្រុងបូកគោអះអាងថា មិនមានការនាំចូលទំនិញថៃតាមកំពង់ផែក្នុងខេត្តកំពតទេ

បានផុស

នៅ

មន្ត្រីជំនាញ និងអាជ្ញាធរក្រុងបូកគោខេត្តកំពត បានអះអាងថា មិនមានការនាំចូលទំនិញខុសច្បាប់ ឬទំនិញពីប្រទេសថៃដែលស្ថិតក្នុងបម្រាមរបស់រាជរដ្ឋាភិបាលតាមកំពង់ផែនានាក្នុងភូមិសាស្ត្រខេត្តកំពតនោះទេ ខណៈអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅតែបន្តត្រួតពិនិត្យ និងតាមដានយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់បទល្មើសពាណិជ្ជកម្មគ្រប់ប្រភេទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃី សុខឃឿន ប្រធានមន្ទីរអធិការកិច្ចខេត្ត បានប្រាប់ឲ្យដឹងក្នុងដំណើរចុះត្រួតពិនិត្យស្ថានភាពនៃការនាំចូលទំនិញនៅកំពង់ផែអន្តរជាតិកំពត និងកំពង់ផែគ្រីស្តាល់រ៉ាយ (Crystal Rice) ដែលស្ថិតក្នុងសង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ក្រុងបូកគោខេត្តកំពត នៅថ្ងៃទី២២ ខែមិថុនា ថា  បើយោងតាមការត្រួតពិនិត្យជាក់ស្តែង មិនមានការនាំចូលទំនិញខុសច្បាប់ ឬទំនិញថៃដែលស្ថិតក្រោមការហាមឃាត់របស់រាជរដ្ឋាភិបាល តាមកំពង់ផែនានាក្នុងខេត្តកំពតនោះទេ។

លោក ឡេន ឌឿន អភិបាលរងក្រុងបូកគោបានបញ្ជាក់ថា ថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានសហការយ៉ាងជិតស្និទ្ធក្នុងការតាមដាន និងត្រួតពិនិត្យសកម្មភាពនាំចូលទំនិញ ដើម្បីធានាការអនុវត្តច្បាប់ និងបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព។

លោក ឡេន ឌឿន បញ្ជាក់បន្ថែមថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងការណែនាំរបស់លោកអភិបាលខេត្តកំពត ដោយតែងតែចុះត្រួតពិនិត្យតាមកំពង់ផែនានាជាប្រចាំ។

លោក ឡេ ឌឿន អះអាងថា រាល់កំពង់ផែដែលស្ថិតក្នុងភូមិសាស្ត្រក្រុងបូកគោ ពុំមានការនាំចូលទំនិញខុសច្បាប់ ឬទំនិញថៃដែលស្ថិតក្នុងបម្រាមរបស់រាជរដ្ឋាភិបាលនោះទេ ខណៈសមត្ថកិច្ចពាក់ព័ន្ធនៅតែបន្តពង្រឹងការត្រួតពិនិត្យ និងអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីរក្សាសណ្តាប់ធ្នាប់ពាណិជ្ជកម្ម និងការពារផលប្រយោជន៍សាធារណៈ។

តាមរបាយការណ៍ចុះត្រួតពិនិត្យបានបញ្ជាក់ថា ក្នុងកំពង់ផែអន្តរជាតិកំពត ស្ថិតភូមិគីឡូ១២ សង្កាត់កោះតូច មានសាឡង់ចំនួន៨គ្រឿង មាននាវឹកជនជាតិថៃ ១៥នាក់ ស្រី៣នាក់ ដឹកវត្ថុធាតុដើមពីប្រទេសថៃ ១-ម្នាងសិលា ២-ថ្មអែនីត្រាយ ៣-ស៊ីនីតិចជីបសាំ សម្រាប់យកមកផ្គត់ផ្គង់សង្វាក់ផលិតកម្មរោងចក្រស៊ីម៉ង់ត៏ទាំងបួនក្នុងខេត្តកំពត តាមការបញ្ជាទិញពីរោងចក្រចំពោះវត្ថុធាតុដើមម្យ៉ាងទៀតស៊ឹងស្លែតនាំចូលពីប្រទេសអូស្ត្រាលី វត្ថុធាតុដើមទាំងអស់នេះមិនស្ថិតក្នុងបញ្ជីហាមឃាត់នៃបញ្ជីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឡើយ។ ចំពោះកំពង់ផែគ្រីស្តាល់រ៉ាយ (កំពង់ផែកែវម៉ាលី) បានពិនិត្យឃើញមានសាឡង់វៀតណាមចំនួន ៦គ្រឿងមាននាវិក១៥នាក់ ស្រី៣នាក់ ខ្មែរ៣នាក់កំពុងត្រៀមដឹកដំឡូងមីស្ងួតទៅដាក់កប៉ាល់នាំចេញទៅប្រទេសចិន៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម