Connect with us

ព័ត៌មានជាតិ

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមហាវិទ្យាល័យអប់រំមត្តេយ្យក្វាងស៊ី ចុះ MOU ពង្រឹងកិច្ចសហការលើវិស័យអប់រំកុមារតូច

បានផុស

នៅ

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងមហាវិទ្យាល័យអប់រំមត្តេយ្យក្វាងស៊ី (GCPE) នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលគ្រូ ការអភិវឌ្ឍវិជ្ជាជីវៈ ការស្រាវជ្រាវ និងការផ្លាស់ប្តូរបទពិសោធ ជាពិសេសក្នុងវិស័យអប់រំកុមារតូច។ នេះ បើតាមទំព័រហ្វេសប៊ុករបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសកិច្ចប្រជុំកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិធីសម្ពោធ «សាលាបញ្ញាកម្ពុជា នៃមហាវិទ្យាល័យអប់រំមត្តេយ្យក្វាងស៊ី» ដែលរៀបចំឡើងនៅអគារ STEM នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមការដឹកនាំរបស់លោកស្រីបណ្ឌិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ បណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ។

ពិធីនេះក៏ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ បណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ស្ថាប័នដៃគូ និងភ្ញៀវកិត្តិយសជាច្រើនរូប។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថា ចំពោះការសម្ពោធ «សាលាបញ្ញាកម្ពុជា» ក៏ឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងការលើកកម្ពស់គុណភាពអប់រំ ផងដែរ។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ និងការជំរុញការស្រាវជ្រាវក្នុងវិស័យអប់រំកុមារតូច ដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម