Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា ជួសជុលបង្កាន់ដៃនាគជ្រុងខាងលិចប្រវែង២០ម៉ែត្រ

បានផុស

នៅ

អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងជួសជុលពង្រឹងរចនាសម្ព័ន្ធបង្កាន់ដៃនាគជ្រុងខាងលិច នៃរួតទី១ ប៉ែកខាងត្បូង នៃប្រាសាទអង្គរវត្ត ប្រវែង២០ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សយ សុភារិន្ទ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ថា កន្លងមកស្ថានភាពបង្កាន់ដៃនាគនៅប៉ែកខាងត្បូងបានបាក់ និងដួលរលំទាំងស្រុង ដែលតម្រូវឱ្យអាជ្ញាធរជាតិអប្សរាជួសជុល និងពង្រឹងរចនាសម្ព័ន្ធឡើងវិញ។ ដោយសារជាចំណុចពិសេសដែលភ្ញៀវទេសចរតែងឈរថតពីមាត់ស្រះខាងត្បូងឆ្លុះចាំងកំពូលប្រាសាទ ហើយទីតាំងដែលបាក់នេះនៅជាប់ប្លង់ថតផងនោះ ទើបអាជ្ញាធរជាតិអប្សរាលើកគម្រោងអាទិភាពសម្រាប់ការងារជួសជុល។

លោក សយ សុភារិន្ទ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា

គម្រោងជួសជុលបង្កាន់ដៃនាគដែលមានប្រវែង២០ម៉ែត្រនេះ បានចាប់ផ្តើមនៅខែមិថុនា ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ខាងមុខ។ ក្រុមការងារបានរើថ្ម តថ្មដែលបាក់បែក និងដាប់ឆ្លាក់ជើងទម្រ រួមនិងកំណាត់ដងខ្លួននាគថ្មីជំនួសទីតាំងដែលបាត់ថ្ម ឬថ្មខូចទ្រង់ទ្រាយ។ល។ អ្នកជំនាញបញ្ជាក់ថា ទីតាំង២០ម៉ែត្រនេះមានដងខ្លួននាគចំនួន៨ និងជើងទម្រចំនួន៩។ ថ្មចាស់ដែលនៅសេសសល់ អាចតភ្ជាប់ដងខ្លួននាគបានពី៣ទៅ៤កំណាត់ប៉ុណ្ណោះ ក្រៅពីនោះគេត្រូវជំនួសថ្មថ្មី។

បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាកំពុងធ្វើសម្រង់ប្លង់ហានិភ័យបង្កាន់ដៃនាគជុំវិញប្រាសាទអង្គរវត្ត បន្ថែមទៀត សម្រាប់រៀបចំផែនការជួសជុលនាពេលអនាគត៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម