Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា ជួសជុលប្រាង្គឥដ្ឋលេខ ១២ លេខ ១៣ និង លេខ ១៤ ជ្រុងឦសាន នៃប្រាសាទបាគង

បានផុស

នៅ

អ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលពង្រឹងប្រាង្គឥដ្ឋលេខ ១២ លេខ ១៣ និង ១៤ ស្ថិតនៅខាងក្រៅកំពែងទី ២ នាជ្រុងឦសានរបស់ប្រាសាទបាគង ដែលមានស្ថានភាពខូចខាតធ្ងន់ធ្ងរ។ ក្នុងចំណោមប្រាង្គឥដ្ឋទាំង ៣ នេះ ប្រាង្គលេខ ១២ និង លេខ ១៤ បានរលំបាក់ខូចខាតដល់ខឿន។ ចំណែកប្រាង្គឥដ្ឋលេខ ១៣ ថ្វីត្បិតតែនៅមានរូបរាងពីខឿនដល់កំពូល ប៉ុន្តែជញ្ជាំងផ្នែកខាងមុខ ទាមទារឲ្យមានការជួសជុលសង្គ្រោះជាបន្ទាន់ដែរ ដើម្បីថែរក្សាប្រាសាទដែលមានអាយុកាលជាង ១០០០ ឆ្នាំ ទាំងនេះ ឲ្យនៅឈររឹងមាំបន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សារាយ គឹមហួល ប្រធានក្រុមអភិរក្សតំបន់រលួស នៃនាយកដ្ឋានអភិរក្សប្រាសាទ និង បុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមគម្រោងជួសជុលប្រាង្គឥដ្ឋលេខ ១២ លេខ ១៣ និង លេខ ១៤ តាំងពីខែឧសភា ឆ្នាំ ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៦ ខាងមុខនេះ។ ស្ថានភាពខូចខាតរបស់ប្រាង្គឥដ្ឋទាំងបីនេះ អស់ពេលជាច្រើនទសវត្សរ៍មកហើយ ដោយកត្តាអាយុកាល ធម្មជាតិ និង កង្វះការថែទាំរយៈពេលយូរ ដែលប្រាង្គខាងត្បូង (ប្រាង្គលេខ ១២) និង ប្រាង្គខាងជើង (ប្រាង្គលេខ ១៤) បានរងការខូចខាត បាត់រូបរាងចាប់តាំងពីកំពូលរហូតដល់ខឿន។ ចំណែកប្រាង្គកណ្តាល (ប្រាង្គលេខ ១៣) ថ្វីត្បិតតែនៅមានរូបរាងស្ទើរតែពេញលេញ ប៉ុន្តែផ្នែកខាងមុខបានរលុះឥដ្ឋមួយផ្នែកធំ រចនាសម្ព័ន្ធទ្វារដួលរលំ និង ជញ្ជាំងទាំងបីជ្រុងមានស្នាមប្រេះហែកដែរ។

លោក គឹម ហួល បានឲ្យដឹងទៀតថា ចំពោះកិច្ចការដែលត្រូវជួសជុលពង្រឹងប្រាង្គទាំង ៣ នេះ ឲ្យរឹងមាំឡើងវិញ គឺក្រុមការងារបានសម្អាតកំណកដីទាំងខាងក្រៅ និង ខាងក្នុងប្រាង្គទាំង ៣ នេះ រួចហើយចាប់ផ្ដើមជួសជុលពង្រឹងខឿន ស៊ុមទ្វារ និង រចនាសម្ព័ន្ធជណ្តើរប្រាង្គនីមួយៗ។ ជួសជុលពង្រឹងរចនាសម្ព័ន្ធនានាដែលចុះខ្សោយឲ្យរឹងមាំឡើងវិញ។ បិតកំបោរបាយអការពារជម្រាបទឹក ការពារសត្វល្អិត ព្រមទាំងការពារស្មៅ ឬ រុក្ខជាតិ មិនឲ្យដុះតាមផ្ទៃប្រាសាទជាដើម។ ចំណែកនៅប្រាង្គកណ្តាលវិញ ក្រុមការងារក៏បានជួសជុលស៊ុមទ្វារ ហោជាង និង សសរពេជ្រ ដែលបានដួលរលំរាយប៉ាយខុសពីទីតាំង និង យកទៅដាក់នៅទីតាំងដើមឡើងវិញដែរ។ ក្រោយពីបញ្ចប់ការងារជួសជុល ក្រុមការងារ ក៏នឹងប្រើដែកក្រៀកបន្ថែមនៅផ្នែកខាងលើរបស់ប្រាង្គឥដ្ឋលេខ ១៣ ដើម្បីជួយទប់លំនឹងប្រាង្គទាំងនោះ ឲ្យកាន់តែមានភាពរឹងមាំថែមទៀត៕
អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម