Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តស្វាយរៀង និង អ.គ.ល.ក. ចុះពិនិត្យកាស៊ីណូក្រោន ដើម្បីធានាថាមិនជាប់ពាក់ព័ន្ធបទល្មើសផ្សេងៗ

បានផុស

នៅ


ដើម្បីធានាថា គ្រប់ទីតាំងកាស៊ីណូដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ពី គ.ល.ក. ទាំងអស់ ពុំមានការលបលួចរៀបចំទីតាំង បម្រើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Scam) ឬបទល្មើសផ្សេងៗទៀត អាជ្ញាធរខេត្តស្វាយរៀង សហការជាមួយ អគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.)ចុះពិនិត្យ និងវាយតម្លៃគុណភាពកាស៊ីណូក្រោន (CROWN) ក្នុងក្រុងបាវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរង តំណាង លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិភាក្សាការងារ រួមជាមួយ លោកឧត្ដមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) ដោយបានចុះពិនិត្យ និងវាយតម្លៃគុណភាព កាស៊ីណូ ក្រោន (CROWN) ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង។

ការចុះពិនិត្យនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង, លោកស្នងការរងនគរបាលខេត្ត, លោកអភិបាលក្រុងបាវិត ព្រមទាំងតំណាងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងក្រុមការងារបច្ចេកទេសអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។


បេសកកម្មចុះពិនិត្យ និងវាយតម្លៃនាពេលនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូល និងបច្ចុប្បន្នកម្មព័ត៌មានកាស៊ីណូទូទាំងប្រទេស សំដៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងទុកជាមូលដ្ឋានផ្លូវការ ក្នុងការពិនិត្យបន្តសុពលភាពអាជ្ញាបណ្ណអាជីវកម្មកាស៊ីណូ ប្រចាំឆ្នាំ២០២៦។ ជាពិសេស ដើម្បីធានាថា គ្រប់ទីតាំងកាស៊ីណូដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ពី គ.ល.ក. ទាំងអស់ ពុំមានការលបលួចរៀបចំទីតាំង បម្រើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Scam) ឬបទល្មើសផ្សេងៗទៀត ដែលមានចែងក្នុងបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ព្រមទាំង ដើម្បីវាយតម្លៃស្ថានភាពជាក់ស្តែងនៃវិស័យកាស៊ីណូនៅកម្ពុជា សម្រាប់ធ្វើជាធាតុចូលដ៏សំខាន់ ក្នុងការរៀបចំចក្ខុវិស័យ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យល្បែងពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០៣០ ព្រមទាំងការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) សម្រាប់គ្រប់គ្រងវិស័យកាស៊ីណូឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។



គួរបញ្ជាក់ផងដែរថា សកម្មភាពចុះពិនិត្យ និងវាយតម្លៃគុណភាពកាស៊ីណូនេះ នឹងត្រូវអនុវត្តជាបន្តបន្ទាប់នៅគ្រប់ទីតាំងកាស៊ីណូទាំងអស់ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី២២ ខែកក្កដា រហូតដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ៕ អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម