Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តប៉ៃលិន ពន្លឿនការអភិវឌ្ឍតំបន់ជ្រោះសែនសុខ ជំរុញទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋាន

បានផុស

នៅ

ប៉ៃលិន ៖ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត​ប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ បានអញ្ជើញពិនិត្យមើលវឌ្ឍនភាព​ការកែរលម្អហេដ្ឋារចនា​សម្ព័ន្ធ​បន្ថែម នៅចំណុចជ្រោះ​សែនសុខ ប្រកបដោយសោភ័ណភាព ក្នុងគោលបំណង​លើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ដែលជាកត្តាជួយជំរុញ​កំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

លោកស្រី បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវ​រាល់​ការ លំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេស​ជាតិឱ្យមានការរីក​ចម្រើនលើ​គ្រប់ វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយ​បច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអ​បន្ថែម និងការថែទាំ ព្រមទាំងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ សួនពុះចែកទ្រូងផ្លូវឱ្យបានកាន់តែល្អឡើង ដើម្បី​ឆ្លើយ​តបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន និងសុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើងឱ្យបាន​កាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់​តែ​ប្រសើរឡើង។

នៅក្នុងឱកាសនោះផងដែរ លោកស្រីអភិបាលខេត្ត ក៍បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋ និង​គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ គឺត្រូវរួមគ្នាសំអាតនៅមុខផ្ទះ និងម្ចាស់ទីតាំងអាជីវកម្មរបស់ខ្លួន ឱ្យបានជាប្រចាំ ជាពិសេស អាជីវករលក់ដូរនៅតាមទីសាធារណៈ និងតាមសួនច្បារ ត្រូវវេចខ្ចប់កាកសំណល់សំរាមឱ្យបានល្អ និងនាំយកទៅទុកដាក់​ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត គឺមិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ។

សូមបញ្ជាក់ថា៖ អាជ្ញាធរខេត្តប៉ៃលិន កំពុងស្ថាបនាបន្ថែម អាគារបណ្ណាល័យ និងរូបបដិមា ព្រះពុទ្ធផ្ចាញ់មាដ៏ធំ  នៅ​ចំណុច​ជ្រោះសែនសុខ ស្ថិតក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីលើកកម្ពស់ សោភ័ណ្ឌ ភាព និងវិស័យព្រះសាសនា ដែលជាសាសនារបស់រដ្ឋ៕

អត្ថបទ ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម