ព័ត៌មានជាតិ
អតីតសិស្សនិទ្ទេស A ជ្រើសរៀនជំនាញ Software Engineering ក្នុងវិស័យ TVET ព្រោះមើលឱកាសការងារខ្ពស់
យុវតី ឈឿម កែវកាវ ជាអតីតសិស្សនិទ្ទេស A ក្នុងឆ្នាំ ២០២៥ ដែលមកពីតំបន់ដាច់ស្រយាល ក្នុងខេត្ដបន្ទាយមានជ័យ បានសម្រេចចិត្ដជ្រើសរើសសិក្សាជំនាញ Software Engineering នៅវិទ្យាស្ថានជាតិពុហបច្ចេកទេសកម្ពុជា (NPIC) តាមរយៈវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ដោយសារសម្លឹងឃើញគុណភាពអប់រំ មានសមត្ថភាពប្រកួតប្រជែង និងឱកាសការងារខ្ពស់ក្នុងវិស័យបច្ចេកវិទ្យា។

ទោះបីជាមានជម្រើសសិក្សា និងឱកាសអាហារូបករណ៍ជាច្រើន ក្រោយពីប្រឡងបាក់ឌុបក៏ដោយ យុវតីរូបនេះ នៅតែសម្រេចចិត្ដជ្រើសរើសសិក្សានៅវិទ្យាស្ថាន NPIC លើជំនាញ Software Engineering បន្ទាប់ពីបានស្វែងយល់អំពីគុណភាពនៃការបណ្តុះបណ្តាល បរិក្ខារសិក្សាទំនើប និងសាស្ត្រាចារ្យ ដែលមានបទពិសោធន៍ ព្រមទាំងទទួលបានការណែនាំពីអតីតសិស្សដែលធ្លាប់សិក្សានៅទីនោះ។

យុវតី កែវកាវ បានលើកឡើងថា៖ «កត្ដាដែលជំរុញឱ្យខ្ញុំមករៀនជំនាញ Software Engineering នេះដោយសារតែ ខ្ញុំស្រឡាញ់ផ្នែកបច្ចេកវិទ្យា និងចង់សិក្សាពីការបង្កើតពីកម្មវិធី ឬប្រព័ន្ធដែលអាចដោះស្រាយបញ្ហាក្នុងជីវិតប្រចាំថ្ងៃ។ ម្យ៉ាងទៀត ជំនាញនេះក៏មានតម្រូវការខ្ពស់នៅក្នុងទីផ្សារការងារខ្ពស់ទាំងក្នុង និងក្រៅប្រទេស ព្រោះវិស័យបច្ចេកវិទ្យាដើរទៅមុខយ៉ាងលឿននាពេលបច្ចុប្បន្ននេះ»។
កែវកាវ បាននិយាយដោយភាពសប្បាយរីករាយថា ខ្លួនទទួលបានអាហារូបករណ៍ ១០០% រយៈពេល ៤ឆ្នាំនៅវិទ្យាស្ថាន NPIC បានជួយសម្រាលបន្ទុកគ្រួសារច្រើនណាស់។ បន្ថែមពីលើនេះ យុវតីនេះ ក៏បានរំឭកផងដែរថា នៅពេលសម្រេចចិត្តជ្រើសរើសជំនាញ Software Engineering គ្រួសារមានការព្រួយបារម្ភខ្លះ ដោយសារជំនាញនេះលំបាកចំពោះខ្លួនជានិស្សិតស្រី និងចាកឆ្ងាយពីគ្រួសារតែម្នាក់ឯង។
យុវតី កែវកាវ បាននិយាយថា៖«ពេលប្រាប់ឪពុកម្ដាយខ្ញុំថា ខ្ញុំរៀនជំនាញនេះ ពួកគាត់មានការព្រួយបារម្ភខ្លះ ដោយសារតែជំនាញនេះលំបាក និងមិនសូវមានមនុស្សស្រីចុះឈ្មោះរៀនច្រើនទេ តែពួកគាត់នូវតែលើកទឹកចិត្ដ និងគាំទ្រខ្ញុំ ឱ្យតែកូនស្រឡាញ់»។
បន្ទាប់ពីបានសិក្សាបានមួយឆ្នាំ យុវតីរូបនេះបានចែករំលែកពីបទពិសោធន៍ដែលបានសិក្សាផ្ទាល់នៅវិទ្យាស្ថានថា កម្មវិធីសិក្សនៅវិទ្យាស្ថាន NPIC មានទាំងភាសាខ្មែរ និងភាសាអង់គ្លេស ព្រមទាំងបណ្ដុះបណ្ដាលទាំងទ្រឹស្ដី និងការអនុវត្ដជាក់ស្ដែង ដែលអាចឱ្យសិស្សានុសិស្សអភិវឌ្ឍន៍ខ្លួនបានកាន់ប្រសើរ។
ទោះជាយ៉ាងណា អតីតសិស្សនិទ្ទេស A រូបនេះ ក៏បានលើកទឹកចិត្តដល់យុវជនឱ្យហ៊ានជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់ និងស្របតាមតម្រូវការទីផ្សារការងារខ្ពស់ ជាពិសេស អាចងាកមកចាប់អារម្មណ៍ វិស័យបច្ចេកវិទ្យា ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ៕


-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


