ព័ត៌មានជាតិ
កម្ពុជា និង មូលនិធិរូបិយវត្ថុអន្តរជាតិ ពិភាក្សាលើលទ្ធភាពពង្រីកទីផ្សារការងារ ការអភិវឌ្ឍជំនាញ ការធ្វើសមាហរណកម្មអតីតពលករពីថៃ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jochen M. Schmittmann តំណាងប្រចាំតំបន់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់ កម្ពុជា ឡាវ និងវៀតណាម និងសហការី កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៦ នៅទីស្ដីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពការងារ ផ្លាស់ប្ដូរយោបល់លើការស្រូបទាញកម្លាំងពលកម្ម ការអភិវឌ្ឍជំនាញ ជាពិសេសការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍មកពីប្រទេសថៃ។

នាឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកិច្ចសន្ទនាជាបន្តបន្ទាប់ប្រកបដោយភាពស្ថាបនារបស់ IMF ជាមួយកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះជំនួបដែលពិភាក្សាផ្លាស់ប្ដូរទស្សនៈពីបច្ចុប្បន្នភាពស្ថានភាពទីផ្សារការងារ តម្រូវការជំនាញ និងកម្លាំងពលកម្ម ព្រមទាំងទស្សនវិស័យ នៃការងារ នាពេលខាងមុខ។ ចំពោះអតីតពលករវិលត្រឡប់មកវិញ ដោយ លោក បានគូសបញ្ជាក់ថា ការពិភាក្សានៅថ្ងៃនេះ មានសារៈសំខាន់ និងទាន់ពេលវេលា ខណៈប្រទេសកម្ពុជា កំពុងបន្តពង្រឹងភាពធន់ នៃទីផ្សារការងារ និងលើកកម្ពស់ប្រសិទ្ធភាព នៃប្រព័ន្ធអភិវឌ្ឍន៍ជំនាញ និងប្រព័ន្ធផ្គូផ្គងការងារ។

ទន្ទឹមនឹងនេះ លោក ហេង សួរ បានលើកឡើងពីកិច្ចអន្តរាគមន៍យ៉ាងទាន់ពេលវេលារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា ដោយបានផ្តោតលើការផ្តល់សេវាកម្មទីផ្សារការងារជាក់ស្ដែងសំខាន់ៗ ដូចជា ការពង្រឹងតួនាទីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងការប្រមូលព័ត៌មាន នៃឱកាសការងារពីនិយោជក ហើយផ្សព្វផ្សាយឱកាសការងារតាមរយៈការបើកដំណើរការលេខទូរស័ព្ទ ១២៩៧ និងបណ្ដាញសង្គម ព្រមទាំងការរៀបចំវេទិកាការងារ និងពិព័រណ៍ការងារនៅតាមមូលដ្ឋាន ជាពិសេសនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ សម្រាប់អតីតពលករ ជាមួយការផ្តល់ព័ត៌មានពីរបបសន្តិសុខសង្គម និងជម្រើសបណ្ដុះបណ្ដាលជំនាញផងដែរ។

ជាមួយគ្នានេះ ក្រសួង ក៏បានផ្តល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET ដល់ពួកគាត់ ក៏ដូចជាយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះឱ្យទទួលបានជំនាញពិតប្រាកដក្នុងរយៈពេលខ្លី និងឆាប់ទទួលបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ បន្ថែមពីនេះ ដើម្បីចូលរួមអភិវឌ្ឍន៍ជំនាញ និងលើកទឹកចិត្តដល់អតីតពលករ ក្រសួង ក៏បានផ្តល់ឱកាសធ្វើតេស្តទទួលស្គាល់សមត្ថភាពដែលមានពីមុន (RPL) ដោយឥតគិតថ្លៃ លើមុខជំនាញក្នុងវិស័យសំណង់ជាដើម។

ជាការឆ្លើយតប លោក Jochen M. Schmittmann បានថ្លែងអំណរគុណ និងកោតសរសើរដល់ លោករដ្ឋមន្ត្រី ចំពោះការចែករំលែកពីយន្តការអន្តរាគមន៍ ការធ្វើសមាហរណកម្ម ក៏ដូចជាការធ្វើបច្ចុប្បន្នភាពពីស្ថានភាពអតីតពលករពីប្រទេសថៃ ហើយទិន្នន័យច្បាស់លាស់ទាំងនេះពិតជាមានសារៈសំខាន់សម្រាប់ IMF។

លោករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា IMF នឹងបន្តភាពជាដៃគូជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និង IMF បន្ថែមទៀត ដើម្បីចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា៕



-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


