ព័ត៌មានជាតិ
អតីតសិស្សនិទ្ទេស A ផ្តាំសិស្សត្រៀមប្រឡងបាក់ឌុប ថែរក្សាសុខភាពឱ្យបានល្អ និងកុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក
សិស្សនិទ្ទេស A ២រូប តាមរយៈបទពិសោធប្រឡងបាក់ឌុបឆ្នាំមុន បានផ្តាំដល់សិស្សដែលត្រៀមប្រឡងបាក់ឌុបនៅឆ្នាំ ២០២៦ នេះថា ក្រៅពីការខិតខំមើលមេរៀន ឬការធ្វើវិញ្ញាសា សិស្សក៏ត្រូវគិតគួរ និងថែរក្សាសុខភាពជាចម្បង កុំដាក់សម្ពាធលើខ្លួនឯង ដើម្បីកុំឱ្យមានបញ្ហាសុខភាពមុនប្រឡង ឬអំឡុងពេលប្រឡង នាំឱ្យខកខានមិនបានប្រឡង ឬប្រឡងមិនបានល្អ។

យុវតី ទិត្យ ពិសី អតីតសិស្សនិទ្ទេស A ថ្នាក់វិទ្យាសាស្ត្រពិត បច្ចុប្បន្នជានិស្សិតឆ្នាំទី១ ជំនាញ គ្រប់គ្រងពាណិជ្ជកម្ម សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រាប់មក «កម្ពុជាថ្មី» ថា ក្នុងរយៈពេលខ្លី មិនថា ២ខែ ឬ១ខែមុនប្រឡង សិស្សថ្នាក់ទី១២ ត្រូវខំមើលមេរៀន ហ្វឹកហាត់ការធ្វើលំហាត់ និងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសុខភាពឱ្យបានល្អ ព្រោះថា សុខភាពគឺជាកត្តាសំខាន់ បន្ទាប់ពីការទន្ទេញមេរៀន ពោល សិស្សមិនត្រូវចូលគេងយប់ៗជ្រៅពេក ដែលអាចប៉ះពាល់ដល់ការប្រឡង។
ពិសី និយាយថា៖ «ក្នុងរយៈពេលខ្លី ១ខែ ឬក៏ ២ខែហ្នឹង អ្វីដែលគួរចៀសវាង គឺការដែលដាច់យប់ ព្រោះសុខភាពគឺជាចំណុចទី១សំខាន់។ ប្រសិនជាយើងខិតខំប្រឹងប្រែងរៀនសូត្រហើយក្នុងរយៈពេលប៉ុណ្ណឹង ប៉ុន្តែ ដល់ថ្ងៃប្រឡងយើងបែរជាមានបញ្ហាសុខភាពវិញ អ៉ីចឹងការខិតខំរបស់យើងក្នុងរយៈពេលមួយឆ្នាំហ្នឹង វាមិនមែនបាត់បង់ទៅទេ ប៉ុន្តែក៏មានចំណុចមួយនឹងបាត់ទៅដែរ អាចថាយើងខាតបង់ពេលវេលានៅពេលដែលយើងឈឺនៅពេលប្រឡង»។ ត្រង់ចំណុចនេះ ពិសី បញ្ជាក់ថា ប្រសិនជាបេក្ខជនមិនមានកម្លាំងគ្រប់គ្រាន់ទេ នៅពេលប្រឡងទោះបីសិស្សចេះមេរៀននោះប៉ុណ្ណា ក៏ការចងចាំអាចមានការធ្លាក់ចុះដូចគ្នា។

ចំណែក កញ្ញា ទាំ ស្រីឡុច អតីតសិស្សនិន្ទេស A ថ្នាក់វិទ្យាសាស្ត្រសង្គម បច្ចុប្បន្ន ជានិស្សិតឆ្នាំទី១ ជំនាញ ទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យកម្ពុជា បានលើកឡើងមិនខុសពីពិសីឡើយ ការយកចិត្តទុកដាក់ចំពោះសុខភាពត្រៀមប្រឡងបាក់ឌុប គឺជារៀងសំខាន់ណាស់សម្រាប់សិស្សម្នាក់ៗ។ ស្រីឡុច ណែនាំឱ្យសិស្សខំរៀនដោយបែងចែកពេលវេលាសម្រាករបស់ខ្លួនឱ្យបានគ្រប់គ្រាន់ពោល នៅម៉ោងរៀនគឺសិស្សត្រូវរៀន ហើយម៉ោងសម្រាកក៏ត្រូវសម្រាកដូចគ្នា។ ជាក់ស្តែង សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គមតម្រូវឱ្យមានការទន្ទេញមេរៀនច្រើន ប៉ុន្តែ ប្រសិនជាសិស្សទន្ទេញមេរៀនខ្លាំងពេក មិនបានសម្រាកសោះ ឬសម្រាកមិនបានគ្រប់គ្រាន់ ក៏ជារឿងមួយមិនល្អដូចគ្នា។

ស្រីឡុច បញ្ជាក់ថា៖ «ដូច្នេះ នៅពេលដែលយើងធ្វើអ៉ីចឹង យើងអាចសម្រាកបានគ្រប់គ្រាន់ មើលថែខ្លួនឯងបានគ្រប់គ្រាន់ ទោះបីជាពេលវេលា ការប្រឡងខិតជិតមកដល់មែន ប៉ុន្តែកត្តាសុខភាពគឺជារឿងសំខាន់ ហើយនឹងការសម្រាកខួរក្បាលគឺជារឿងសំខាន់»។
អតីតសិស្សនិទ្ទេស A រូបនេះ ក៏បានបន្ថែមថា ដើម្បីកុំឱ្យដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក សិស្សដែលត្រៀមប្រឡងត្រូវដាក់ផែនការរៀនសូត្រ និងមានគោលដៅរយៈពេល ១ឆ្នាំ មុនការប្រឡងមកដល់។ សម្រាប់ ស្រីឡុច ផ្ទាល់ បញ្ជាក់ថាខ្លួនមិនដាក់សម្ពាធលើខ្លួនឯងខ្លាំងពេកឡើយ ព្រោះស្រីឡុចបានរៀនចំការរៀនត្រៀមប្រឡង ១ឆ្នាំពេញមុនការប្រឡងមកដល់ ព្រមទាំងជម្នះរាល់ការភ័យខ្លាច និងមានការជឿជាក់លើសមត្ថភាពដែលខ្លួនមាន។ ស្រីឡុច បន្តថា៖ «កុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក ដោយសារពេលយើងដាក់សម្ពាធលើខ្លួនឯង គឺខួរក្បាលយើងអត់សូវស្រប អត់សូវទទួលយកមេរៀនបានច្រើនទេ»។
ចំពោះតិចនិចរៀនមុនប្រឡង ពិសី និងស្រីឡុច ផ្តល់គន្លឹះដូចគ្នា ដោយណែនាំឱ្យសិស្សព្យាយាមមើលមេរៀន ដូចជាការធ្វើវិញ្ញាសាចាស់ៗ ធ្វើលំហាត់ ឬសំណួរ នៅក្នុងសៀវភៅពុម្ព និងមិនត្រូវមើលមេរៀនណាដែលឆ្ងាយពេក ខុសពីការប្រឡងបាក់ឌុប ឬខុសពីមេរៀនថ្នាក់ទី១២ ពោល គឺត្រូវមើលមេរៀនឱ្យចំគោលដៅ។
អំឡុងពេលនេះ ពិសី ប្រាប់ទៀតថា សម្រាប់ពិសី ការលើកទឹកចិត្តពីគ្រួសារ បងប្អូន មិត្តភក្តិ លោកគ្រូ អ្នកគ្រូ និងមនុស្សជុំវិញខ្លួន គឺជារឿងល្អខ្លាំងណាស់ ដែលជាការផ្តល់កម្លាំងចិត្តមួយធ្វើឱ្យបេក្ខជនទទួលបានភាពកក់ក្តៅ ជំរុញចិត្តឱ្យមានការខិតខំ និងមានទំនុកចិត្តក្នុងការប្រឡង។ រីឯ ស្រីឡុច បានស្នើដល់ឪពុកម្តាយ និងអាណាព្យាបាលគ្រប់រូប ក្នុងអំឡុងពេលនេះ ត្រូវមានការទឹកចិត្តដល់កូនៗ មិនត្រូវដាក់សម្ពាធលើកូនពួកគាត់ឡើយ ព្រោះពួកគាត់បានព្យាយាមខិតខំប្រឹងប្រែងអស់ពីសមត្ថភាពខ្លួនហើយ។

អតីតសិស្សនិន្ទេស A ទាំង២ បានផ្តាំដល់សិស្សានុសិស្សគ្រប់រូបដែលត្រៀមប្រឡងបាក់ឌុបនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ត្រូវមានជំនឿជឿជាក់លើខ្លួនឯង និងថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ៕
ដោយ៖ អុន ស្រីមាន



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


