ព័ត៌មានជាតិ
ប្រធានក្រុមមេធាវីសម្តេចតេជោ ដាក់ពាក្យស្នើសុំកញ្ញា មាន ពេជ្ររីតា ឲ្យនៅក្រៅឃុំបណ្ដោះអាសន្នចូលតុលាការហើយ
ភ្នំពេញ ៖ ប្រធានក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន គឺលោកគី តិច បានដាក់ពាក្យស្នើសុំ កញ្ញា មាន ពេជ្ររីតា ឲ្យនៅក្រៅឃុំបណ្ដោះអាសន្នចូលទៅតុលាការហើយ។
សូមរំលឹកថា ពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា បានដាក់ពាក្យបណ្តឹងតបទៅលោក ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ និងទាមទារសំណងជំងឺចិត្តចំនួន ១០ ម៉ឺនដុល្លារ (១០០,០០០) ព្រមទាំងការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១ ម៉ឺនដុល្លារ។
កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី អាយុ ២០ឆ្នាំ ត្រូវបាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យចាប់ខ្លួន ពីបទលួចទូរស័ព្ទដៃ និងប្រើហិង្សាចាក់ទៅលើឧកញ៉ា ហេង សៀ បណ្តាលឱ្យរងរបួស។
បន្ទាប់ពីបញ្ជូនខ្លួនទៅតុលាការ ព្រះរាជអាជ្ញា បានសម្រេចឱ្យបញ្ជូនទៅឃុំខ្លួន ខណៈដែលពាក្យបណ្តឹង១ច្បាប់របស់នាងប្តឹងតបទៅឧកញ៉ាលេចចេញមក ធ្វើឲ្យមហាជនកំពុងរង់ចាំតាមដានការចោទប្រកាន់គ្នាទៅវិញទៅមករវាងគូទំនាស់ទាំងពីរ។
ពាក្យបណ្តឹង របស់ កញ្ញា មាន ពេជ្ររីតា បានប្រាប់ថា ខ្លួនបានស្គាល់ឧកញ្ញា ហេង សៀមួយរយៈកន្លងមក បន្ទាប់ពីនាងបានទៅចូលរួមពិធីសម្ពោធហាងកូនស្រីរបស់លោក។ ក្រោយមកលោក ឧកញ៉ា ហេង សៀ បានព្យាយាមទាក់ទងទៅរូបនាង តាមបណ្តាញសង្គមតេឡេក្រាម ហើយប្រាប់នាងថា ចង់យកនាងធ្វើជាពិធីការិនីនៅពេលចប់កូវីដ។
កញ្ញា មាន ពេជ្ររីតា បន្តថា “ អំឡុងពេលនោះ គាត់បានលួងលោមឱ្យនាងខ្ញុំប្រើលេខដែលគាត់ទិញឱ្យវិញ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង នាងខ្ញុំក៏បានប្រកែកមិនប្រើ”។
យោងតាមពាក្យបណ្តឹង នាងបានបន្តរៀបរាប់ដំណើររឿងថា “ក្រោយមកទៀត គាត់ក៏បានប្រើពាក្យលួងលោម ចង់ជួប និងស្គាល់រូបនាងខ្ញុំ តែនាងខ្ញុំបដិសេធ មិនព្រមជួប លុះត្រាទាក់ទងនិងការងារទើបនាងខ្ញុំព្រមជួបគាត់។
គាត់ក៏នៅតែបន្តការរំខានរហូតដល់មានការផ្ញើរូបអាសអាភាសមកខ្ញុំ ហើយគាត់លុបចេញវិញដោយខ្លួនឯង ធ្វើឱ្យនាងខ្ញុំមានចម្ងល់ តែក៏មិនគិតថាគាត់មានបំណងអាក្រក់មកលើរូបនាងខ្ញុំឡើយ”។
នាងបន្តថា “រហូតដល់ថ្ងៃកើតហេតុ នៅថ្ងៃទី ០៤ អំឡុងពេលម៉ោង ២ រសៀល គាត់បានទូរស័ព្ទប្រាប់ថាចង់ជួបនាងខ្ញុំ ហើយចង់ឱ្យអីវ៉ាន់ មកនាងខ្ញុំមានដូចជា អង្ករ ទឹកត្រីមួយចំនួន ដើម្បីចែកអំណោយទៅប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារកូវីដ គាត់បានឱ្យនាងខ្ញុំចាំនៅក្បែរផ្សារ គីឡូលេខ៤ ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប រួចក៏បង្ខំឱ្យចូលក្នុងឡាន។ គាត់ថាឱ្យចូលក្នុងឡានសិនមក ដោយមានរឿងការងារត្រូវនិយាយគ្នា ក៏ដូចជាចែកម្ហូបអាហារសម្រាប់អ្នកកូវីដ ហើយចំបាច់ត្រូវនិយាយជាមួយនាងខ្ញុំ ក៏នាងខ្ញុំចូលក្នុង នឹកឃើញថា ពេលយកម្ហូបអាហារសម្រាប់ចែកអ្នកូវីដរួចហើយចេញទៅវិញ ពេលនៅក្នុងឡានគាត់និយាយពាក្យអាសអាភាសដាក់ខ្ញុំ រួចក៏យកដៃរបស់គាត់មកលូកស្ទាប់អង្អែលភ្លៅ និងប្រដាប់ភេទរបស់នាងខ្ញុំជាញឹកញាប់ ហើយនិយាយថា ពាក្យលេបខាយ និងចង់យកនាងចូលផ្ទះសំណាក់”។
បន្ទាប់មកគាត់ (ហេង សៀ) ក៏បានផ្តល់លេខទូរស័ព្ទថ្មី ទៅឱ្យនាង និងបានព្យាយាមផ្ញើប្រាក់ចំនួន ៥ ដង ដែលសរុបទៅមានទឹកប្រាក់ចំនួន ៨៤៧ដុល្លារចូលក្នុងគណី ABA របស់នាង គ្រាដែលនាងបដិសេធមិនទទួលយក តែលោកនៅតែបន្តផ្ញើ ហើយបាននិយាយថា សំណាងណាស់បានស្គាល់នាង។
តាមពាក្យបណ្តឹង នាងបន្តថា “ពេលនោះនាងខ្ញុំបានប្រាប់គាត់ថា សុំកុំធ្វើចឹង ប្រយ័ត្នខ្ញុំលោតចុះពីលើឡាន សូមជូននាងខ្ញុំទៅផ្ទះវិញទៅ ហើយគាត់ប្រាប់ថាគាត់មានកាំភ្លើង ពេលឭដូច្នេះនាងខ្ញុំមានអារម្មណ៍ភិតភ័យជាខ្លាំង ដោយមិនអាចចេញពីក្នុងឡានបាន នាងខ្ញុំបានរត់មកកៅអីឡានផ្នែកខាងក្រោយ ហើយគាត់ក៏បានឈប់ឡាន យកដៃរបស់គាត់មកចាប់សង្គ្រប់លើរូបនាងខ្ញុំ ហើយខំរើបម្រាស់ច្រានគាត់ចេញ ទាំងដៃទទេ”។
នាងប្រាប់ថា ហេតុការណ៍នេះ មិនបានប្រាប់ឱ្យគ្រួសារខ្លួនដឹងនោះឡើយ ព្រោះមិនចង់ឱ្យគាត់ពិបាកចិត្ត ស្រាប់តែនៅថ្ងៃទី ០៨ ខែឧសភា សមត្ថកិច្ចអធិការខណ្ឌទួលគោក បាននាំខ្លួននាងទៅឃុំ រយៈពេល ២ ថ្ងៃ ដោយមិនដឹងមូលហេតុ ទើបបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ដោយបានចោទពីបទលួច មានស្ថានទម្ងន់ទោស ខណៈនាងអះអាងថា មិនបានលួចអ្វីឡើយ។
នគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានធ្វើការចាប់បញ្ជូនខ្លួននារីជាជនសង្ស័យឈ្មោះ មាន ពេជ្ររីតា មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណី លួចទូរស័ព្ទដៃនិងប្រើហិង្សា ចាក់ឧកញ៉ាម្នាក់រងរបួស។
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ឧសភា ឆ្នាំ២០២១ បានសម្រេចធ្វើការចោទប្រកាន់នារីម្នាក់ឈ្មោះ មាន ពេជ្ររីតា ហៅ យូប៊ី អាយុ២០ឆ្នាំ ពីបទ «លួចមានស្ថានទម្ងន់ទោស» និងបង្គាប់ឱ្យបញ្ជូនទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួន(ម២) រង់ចាំការសម្រេចជាថ្មី៕
ដោយ ៖ នាគព័ន្ធ




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ