Connect with us

ព័ត៌មានជាតិ

អាជ្ញាធរទុកពេល១ សប្តាហ៍ ឱ្យ​ម្ចាស់បែចិញ្ចឹមត្រី និងផ្ទះបណ្ដែ​ត​​ទឹករុះរើ​ចេញពីផ្ទៃទឹកទន្លេ

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ នៅ​ថ្ងៃទី ០២ ខែ​មិថុនា ឆ្នាំ​២០២១ បាន​ប្រកាស​ទុកពេល១សប្តាហ៍ ឱ្យម្ចាស់​បែចិញ្ចឹមត្រី និងផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់​មិនរៀប​រយលើ​ផ្ទៃ​ទន្លេ នៅ​ភូមិសាស្ត្រ​រាជធានីភ្នំពេញ ទាំងអស់​ត្រូវ​រុះរើ​ ឬ​ចល័ត​ចេញ​ជា​បន្ទាន់ គិតចាប់ពីថ្ងៃជូនដំណឹងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលរាជធានីភ្នំពេញ ឱ្យដឹងថា កន្លងមកមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាង អាណាធិបតេយ្យដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេជាដើម។

អាជ្ញាធររាជធានីភ្នំពេញ អះអាងថា សកម្មភាពទាំងនេះបាន​ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ។

ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវ​រាល់​ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូស អាជ្ញាធរមូលដ្ឋាន និងមន្ត្រី​ជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់៕

អត្ថបទ៖ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម