ព័ត៌មានជាតិ
ការដ្ឋានធ្វើស្ពាន៧កន្លែង និងបុកស៊ីផាយនៅប្រឡាយទួលពង្រ១ សម្រេចបាន៨៥ភាគរយហើយ
បើទោះបីជំងឺកូវីដ-១៩ បាននឹងកំពុងរាតត្បាតចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈយ៉ាងក្តី ក៏ប៉ុន្តែការដ្ឋានធ្វើស្ពានចំនួន៧កន្លែង និងបុកស៊ីផាយតាមមាត់ប្រឡាយមេការពារដីបាក់ នៅប្រឡាយទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បាននឹងកំពុងធ្វើសកម្មភាពយ៉ាងមមាញឹក ដោយគិតមកដល់ត្រឹមថ្ងៃទី១១ ខែមិថុនានេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណ៨៥ភាគរយហើយ នឹងគ្រោងរួចរាល់នៅក្នុងពាក់កណ្តាលខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមិថុនានេះថា ដោយមានការណែនាំនិងចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយមន្ទីរធនធានទឹក និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហំ៨ម៉ែត្រ និងជម្រៅ២ម៉ែត្រ ធ្វើស្ពានចំនួន៧កន្លែង និងបុកស៊ីផាយតាមមាត់ប្រឡាយមេការពារដីបាក់ ដោយគិតមកដល់ត្រឹមថ្ងៃទី១១ ខែមិថុនានេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណ៨៥ភាគរយហើយ និងគ្រោងរួចរាល់នៅក្នុងពាក់កណ្តាលខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ ។

លោកបន្តថា ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ៣ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ទៅកាន់បឹងជើងឯក និងបន្តហូរទៅកាន់ស្ទឹងជ្រៅ ។ នៅពេលគម្រោងការនេះបញ្ចប់ វានឹងអាចកាត់បន្ថយទឹកជំនន់ទឹកភ្លៀងបានមួយកំរិតធំ។
លោក សាំ ពិសិដ្ឋ បានបន្តទៀតថា ក្នុងពេលសាងសង់ស្ពាន៧កន្លែងនេះ យើងបានដាក់លូប្រអប់បណ្តោះអាសន្ន ដោយសារតែយើងបានកាត់ផ្តាច់ផ្លូវមួយចំនួនកាលពីជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក។ ចំណែកនៅមុខផ្ទះប្រជាពលរដ្ឋដែលបានកាត់ផ្តាច់ផ្លូវ យើងបានបុកស៊ីផាយដើម្បីទប់ដីកុំឲ្យបាក់ប្រវែងជាង២០០ម៉ែត្រផងដែរ។

គម្រោងស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុងនេះមានទទឹង៨ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ ម៉ែត្រប្រវែង១២២០ម៉ែត្រ ចាប់ពីបូរីGreen Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន៧កន្លែងផងដែរ ។

គួរបញ្ជាក់ថា ការដ្ឋានធ្វើស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ នៅប្រឡាយទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យនេះ បានធ្វើពិធីក្រុងពាលីតាមបែបសាសន៍ ជាមួយក្រុមហ៊ុនទទួលម៉ៅការ កាលពីថ្ងៃទី២១ មិនាឆ្នាំ២០២១ ក្រោមវត្តមានលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ ៕
អត្ថបទ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


