ព័ត៌មានជាតិ
អនុព័ន្ធយោធាអាមេរិក ចង់ឲ្យកំណត់ពេលទស្សនកិច្ចជាថ្មី និងអាចដើរមើលគ្រប់ទីកន្លែង
នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១នេះ អនុព័ន្ធយោធារបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា គឺលោកវរសេនីយ៍ឯក Marcus M. Ferrara ដោយមានការសម្របសម្រួលពីអាជ្ញាធរកម្ពុជា បានធ្វើដំណើរទៅរាម ហើយក្នុងពេលទស្សនកិច្ចនោះ មន្ត្រីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យលោកអនុព័ន្ធយោធាទៅមើលគ្រប់កន្លែង នៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាមនោះទេ ដូច្នេះលោកក៏សុំឲ្យមានការកំណត់ពេលទស្សនកិច្ចជាថ្មី និងអាចដើរមើលគ្រប់ទីកន្លែងទៀតផង នេះបើតាមការបញ្ជាក់ពីស្ថានទូត។

ស្ថានទូតអាមេរិកប្រចាំកម្ពុជាលើកឡើងថា នៅក្នុងជំនួបជាមួយលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលមកធ្វើទស្សនកិច្ចនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយល់ព្រមឲ្យអនុព័ន្ធយោធារបស់ស្ថានទូតអាមេរិក ចុះទៅមើលនៅមូលដ្ឋានកងទ័ពជើងទឹករាម ហើយការសម្រេចនេះ ក្រោយពីអាមេរិក មានកង្វល់ពីវត្តមានយោធា និងការសាងសង់នៅទីតាំងរាម របស់សាធារណរដ្ឋប្រជាមានិតចិន។
បើតាមស្ថានទូតអាមេរិក អនុព័ន្ធយោធារបស់ស្ថានទូតអាមេរិក គឺលោកវរសេនីយ៍ឯក Marcus M. Ferrara ដោយមានការសម្របសម្រួលជាមួយអាជ្ញាធរកម្ពុជា បានធ្វើដំណើរទៅរាម នៅថ្ងៃសុក្រ ទី១១ ខែមិថុនា។ នៅក្នុងពេលទស្សនកិច្ចដ៏ខ្លីនោះ មន្ត្រីយោធាកម្ពុជា មិនបានអនុញ្ញាតឲ្យលោកអនុព័ន្ធយោធាទៅមើលគ្រប់កន្លែង នៅក្នុងមូលដ្ឋានកងទ័ពជើងទឹកនោះទេ។ នៅពេលដឹងច្បាស់ថា លោកមិនត្រូវបានអនុញ្ញាតឲ្យចូលមើលបានអស់ លោកវរសេនីយ៍ឯក Ferrara បានបញ្ចប់ការដើរមើល ហើយបានស្នើសុំឲ្យមន្ត្រីយោធាកម្ពុជាកំណត់ពេលទស្សនកិច្ចឡើងវិញ ដោយអនុញ្ញាតឲ្យមានការដើរមើលគ្រប់កន្លែង នៅក្នុងពេលខាងមុខឲ្យបានឆាប់បំផុត។
ស្ថានទូតអាមេរិកបញ្ជាក់ដែរថា ការធ្វើទស្សនកិច្ចជាធម្មតា និងញឹកញាប់ របស់អនុព័ន្ធយោធារបស់សហរដ្ឋអាមេរិក និងអនុព័ន្ធយោធាបរទេសដទៃទៀត នៅមូលដ្ឋានកងទ័ពជើងទឹករាម អាចជាជំហានមួយយ៉ាងសំខាន់ ឆ្ពោះទៅរកតម្លាភាព និងការទុកចិត្តគ្នាទៅវិញទៅមកបានច្រើន។
រហូតមកដល់ពេលនេះ កម្ពុជាថ្មីនៅមិនទាន់សសុំការបញ្ជាក់ពីក្រសួងការពារជាតិបាននៅឡើយទេ ប៉ុន្តែសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិធ្លាប់បានបញ្ជាក់ថា គេបានចោទប្រកាន់ថា កម្ពុជាបានប្រគល់កំពង់ផែរាមធ្វើឲ្យទៅចិនផ្ដាច់មុខ តែការនិយាយនេះ គឺជាការនិយាយទាំងងងើល ហាក់ដូចជាកម្ពុជាគ្មានច្បាប់ គ្មានទម្លាប់ គ្មានសិទ្ធិធ្វើអ្វីទាំងអស់។ កម្ពុជាក៏ធ្លាប់បានបញ្ជាក់ហើយថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសរបស់ខ្លួនទេ ប៉ុន្តែទោះបីជាមានការពន្យល់បែបនេះ ក៏គេធ្វើមិនយល់ដដែល។ បើកតាមសម្តេចពិជ័យសេនា ទៀ បាញ់ អ្វីមួយដែលមិនស្របតាមបំណងរបស់គេ គឺគេតែងតែចោទប្រកាន់ហើយ។

បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ផែរាមនេះ គឺកម្ពុជាទេ ដែលជាអ្នកប្រើប្រាស់ សម្រាប់ជាតិ មាតុភូមិ របស់ខ្លួន ដូច្នេះគ្រាន់តែធ្វើការអភិវឌ្ឍ ដើម្បីជាតិរបស់ខ្លួន អត់មានអ្វីខុសទេ រដ្ឋធម្មនុញ្ញក៏មិនបានហាមដែរ ដូច្នេះបើរដ្ឋធម្មនុញ្ញបើកឲ្យមានការអភិវឌ្ឍបែបនេះទៅហើយ យើងមិនអាចនៅស្ងៀមបានទេ។
សម្ដេចពិជ័យសេនា ទៀ បាញ់ អះអាងថា រឿងការអភិវឌ្ឍប្រទេសរបស់កម្ពុជានេះ មិនមានអ្វីខុសទេ ប៉ុន្តែអ្វីដែលខុសនោះ គឺភូមិសាស្ត្រនយោបាយ។ សម្តេចបន្តថា ការចោទប្រកាន់នេះមិនមែនទើបតែពេលនេះទេ គឺបានធ្វើឡើងជាយូរមកហើយ និងគ្រប់រឿងទាំងអស់៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


