Connect with us

ព័ត៌មានជាតិ

បណ្ឌិត​មួយ​រូប​ថា បញ្ហា​មូលដ្ឋាន​យោធា​សមុទ្រ​រាម ជា​អន្ទាក់​របស់​សហរដ្ឋអាមេរិក

បានផុស

នៅ

លោក​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​អះអាងថា បញ្ហា​មូលដ្ឋាន​យោធា​សមុទ្រ​រាម វា​ជា​អន្ទាក់​របស់​សហរដ្ឋអាមេរិក ពីព្រោះ​បើ​ទោះបី​ជា​មានការ​បកស្រាយ និង​ធ្វើ​សកម្មភាព​ជាក់ស្ដែង ដោយ​អនុញ្ញាត​ឲ្យ​សេនានុព័ន្ធ​យោធា​សហរដ្ឋអាមេរិក​ទៅ​ទស្សនកិច្ច​ដោយ​ផ្ទាល់​ក្តី ប៉ុន្តែ​នៅតែ​មិន​ជម្រះ​បាន​នៅ​មន្ទិលសង្ស័យ​នោះទេ ដូច្នេះ​ការជឿ ឬ​មិន​ជឿ មិន​ចំណុះ​លើ​កម្ពុជា​ទេ គឺ​ស្ថិតនៅលើ​អាមេរិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត គិ​ន ភា បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី នា​រសៀល​ថ្ងៃទី​១២ ខែមិថុនា នេះ​យ៉ាង​ដូច្នេះ​ថា “​សម្រាប់​ខ្ញុំ​យល់ថា វា​ជា​យុទ្ធសាស្ត្រ​រាយ​អន្ទាក់​មួយ​របស់​សហរ​ដ្ឋ​អាមេរិក បើទោះបីជា​យើង​ខិតខំ​ប្រឹងប្រែង​បកស្រាយ​យ៉ាងណាក្តី ទោះបី​ផ្ទាល់មាត់​ក្តី ហើយ​យើង​ថែមទាំង​ធ្វើ​សកម្មភាព​ជាក់ស្ដែង គឺ​អនុញ្ញាតអោយ​សេនានុព័ន្ធ​យោធា​សហរដ្ឋអាមេរិក បាន​ទៅ​ទស្សនកិច្ច​ដោយផ្ទាល់ នៅក្នុង​មូលដ្ឋាន​កងទ័ព​រាម​យ៉ាង​ណា​ក្តី ប៉ុន្តែ​ពួកគេ​នៅតែ​មិន​ជម្រះ​បាន​នូវ​មន្ទិលសង្ស័យ​របស់​ខ្លួន​នោះ​ទេ ចឹ​ង​វា​ជា​យុទ្ធសាស្ត្រ​មួយ គឺជា​គំនិត​បុរេវិនិច្ឆ័យ​មួយ ដែល​គេ​ចិញ្ចឹមចិត្ត​ចោទប្រកាន់​មក​លើ​កម្ពុជា​រួចទៅហើយ ដូច្នេះ​ទោះបីជា​យើង​ធ្វើ​សកម្មភាព​បែប​ណា ក៏​យើង​មិនអាច​លាង​ជម្រះ​មន្ទិលសង្ស័យ​បានដែរ ការ​ជឿ ឬ​មិន​ជឿ មិន​ចំណុះ​លើ​ការ​អះអាង​របស់​កម្ពុជា ឬ​ការ​ធ្វើ​សកម្មភាព​របស់​កម្ពុជា​នោះទេ គឺ​អាស្រ័យទៅលើ​អាមេរិក​ខ្លួនឯង​”​។​

បើ​តាម​លោក​បណ្ឌិត គិ​ន ភា គោលដៅ​របស់​សហរដ្ឋ​អាមេរិក​លើ​មូលដ្ឋាន​កងទ័ព​រាម​នេះ គឺជា​យុទ្ធសាស្ត្រ​មួយ​ចោទប្រកាន់ និង​ជាការ​រាយ​អន្ទាក់ ហើយ​គោលដៅ​របស់​អាមេរិក គឺ​ប្រឆាំង​ឥទ្ធិពល​របស់​ចិន នៅ​អាស៊ីអាគ្នេយ៍ ហើយ​ដោយសារតែ​កម្ពុជា​យើង​មាន​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ​ចិន ដូច្នេះ​លុះត្រាតែ​សហរដ្ឋអាមេរិក​មាន​ទំនាក់ទំនង​ល្អ និង​ប្រក្រតី​ឡើងវិញ​ជាមួយ​ចិន ប្រហែលជា​កម្ពុជា​យើង​មាន​ភាព​ធូរស្រាល​ផងដែរ​។ លោក​ថា នេះ​គឺជា​ភូមិសាស្ត្រ​នយោបាយ រវាង​មហាអំណាច​ទាំងពីរ ហើយ​កម្ពុជា​ស្ថិតនៅ​ចន្លោះ​នៃ​មហាអំណាច​ទាំងពីរ​។

លោក​បណ្ឌិត គិ​ន ភា លើកឡើង​ទៀតថា អ្វីដែល​កម្ពុជា​បានធ្វើ​ច្រើនណាស់​ទៅហើយ ហើយ​នៅលើ​លោក​នេះ គ្មានទេ​ប្រទេស​ដែល​អនុញ្ញាត​ឲ្យ​សេនានុព័ន្ធ​យោធា​បរទេស​ទៅ​ពិនិត្យ​មើល​ទីតាំង​មូលដ្ឋាន​យោធា​របស់ខ្លួន គឺ​មិន​អាចមាន​ទេ​។ លោក​ថា វា​ជាការ​ខិតខំ​របស់​កម្ពុ​ជា​ពីព្រោះ​យើង​បានឃើញ​ហើយ ទីមួយ គឺ​យើង​មាន​សេចក្តីថ្លែងការណ៍​ពី​ប្រមុខ​ថ្នាក់ដឹកនាំ គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ មុខ​ការពារ​ជាតិ ហើយ​បាន​អនុញ្ញាត​ឲ្យ​សេនានុព័ន្ធ​យោធា​ទៅ​ពិនិត្យ​ទីតាំង​ផ្ទាល់​ថែមទៀត​។ ដូច្នេះ​អ្វី​ដែល​យើង​ធ្វើ​ទៅ​មុខ​ទៀត​នេះ គឺ​យើង​រក្សា​នូវ​ស្ថានភាព​បច្ចុប្បន្ន​របស់​យើង​។ មានន័យថា យើង​កុំ​ធ្លាក់​ចូលក្នុង​យុទ្ធសាស្ត្រ​រាយ​អន្ទាក់​របស់​សហរដ្ឋអាមេរិក យើង​បន្តសកម្មភាព​របស់​យើង ពីព្រោះ​យើង​ស្អាតស្អំ អត់​មាន​អ្វី​ត្រូវ​ខ្លាច​នោះ​ទេ តែ​បញ្ហា​មួយ គឺ​កម្ពុជា​យើង​ជា​រដ្ឋ​តូច ដូច្នេះ​យើង​ត្រូវតែ​បត់បែន នៅក្នុង​នយោបាយ​ការបរទេស​របស់ខ្លួន ដើម្បី​សម្រប​ទៅ​នឹង​ការ​ប្រជែង​អំណាច​របស់​មហាអំណាច ហើយក៏​គ្មាន​ការចាំបាច់​អ្វី ដែល​ត្រូវ​កម្ពុជា​បើក​មូលដ្ឋានទ័ព​របស់​ខ្លួន​ឲ្យ​បរទេស​មើល​នោះដែរ​។

បណ្ឌិត​រូប​នោះ​អះអាង​ថា សហរដ្ឋអាមេរិក​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​ជាង​៨០០​នៅ​ទូទាំង​ពិភពលោក តែ​គ្មាន​មូលដ្ឋាន​យោធា​ណាមួយ ដែល​ត្រូវ​បាន​សហរដ្ឋអាមេរិក​អនុញ្ញាត​ឲ្យ​បរទេស​ចូល​មើល​ទេ គឺ​មិនមាន​នោះទេ​។

សូម​បញ្ជាក់​ថា ដោយ​យោង​ទៅ​លើ​ការ​ស្នើសុំ​នៅក្នុង​ជំនួប​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោកស្រី​អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​សុក្រ ទី​១១ ខែមិថុនា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​អនុញ្ញាតិ​ឲ្យ​អនុព័ន្ធយោធា​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា គឺ​លោក​វរសេនីយ៍ឯក Marcus M. Ferrara ចូល​ទស្សនកិច្ច​នៅ​មូលដ្ឋានទ័ព​សមុទ្រ​រាម ប៉ុន្តែ​អនុព័ន្ធយោធា​អាមេរិក បែរជា​និយាយ​ថា កម្ពុជា​មិនបាន​អនុញ្ញាត​ឲ្យ​ដើរ​មើល​គ្រប់កន្លែង នៅក្នុង​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នោះទេ ហើយ​បាន​ស្នើសុំ​ឲ្យ​មានការ​កំណត់ពេល​ទស្ស​ន​កិច្ច​ជាថ្មី និង​អាច​ដើរ​មើល​គ្រប់​ទីកន្លែង​ថែម​ទៀតផង​។​

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋ​មន្ដ្រី​ក្រសួងការពារជាតិ​ធ្លាប់​បាន​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​ថា កម្ពុជា​បានប្រគល់​កំពង់ផែ​រាម​ធ្វើ​ឲ្យ​ទៅ​ចិន​ផ្ដាច់មុខ ជាការ​និយាយ​ទាំង​ងងើល ដែល​ហាក់ដូចជា​កម្ពុជា​គ្មាន​ច្បាប់ គ្មាន​ទម្លាប់ គ្មាន​សិទ្ធិ​ធ្វើ​អ្វី​ទាំងអស់​។ កម្ពុជា​ក៏​ធ្លាប់បាន​បញ្ជាក់​ហើយ​ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅក្នុង​ប្រទេស​របស់ខ្លួន​ទេ ប៉ុន្តែ​ទោះបីជា​មានការ​ពន្យល់​បែបនេះ ក៏​គេ​ធ្វើ​មិន​យល់​ដដែល​។ បើក​តាម​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អ្វីមួយ​ដែល​មិន​ស្របតាម​បំណង​របស់គេ គឺ​គេ​តែងតែ​ចោទប្រកាន់​ហើយ​។​

​បើតាម​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ផែ​រាម​នេះ គឺ​កម្ពុជា​ទេ ដែលជា​អ្នកប្រើប្រាស់ សម្រាប់​ជាតិ មាតុភូមិ​របស់ខ្លួន ដូច្នេះ​គ្រាន់តែ​ធ្វើការ​អភិវឌ្ឍ ដើម្បី​ជាតិ​របស់ខ្លួន អត់​មាន​អ្វី​ខុស​ទេ រដ្ឋធម្មនុញ្ញ​ក៏​មិនបាន​ហាម​ដែរ ដូច្នេះ​បើ​រដ្ឋធម្មនុញ្ញ​បើក​ឲ្យ​មានការ​អភិវឌ្ឍ​បែបនេះ​ទៅហើយ យើង​មិនអាច​នៅ​ស្ងៀម​បានទេ​។​

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អះអាងថា រឿង​ការអភិវឌ្ឍ​ប្រទេស​របស់​កម្ពុជា​នេះ មិនមាន​អ្វី​ខុស​ទេ ប៉ុន្តែ​អ្វីដែល​ខុស​នោះ គឺ​ភូមិសាស្ត្រ​នយោបាយ​។ សម្តេច​បន្តថា ការចោទប្រកាន់​នេះ​មិនមែន​ទើបតែ​ពេលនេះ​ទេ គឺ​បានធ្វើ​ឡើងជា​យូរ​មកហើយ និង​គ្រប់​រឿង​ទាំងអស់​៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម