ខេត្តបាត់ដំបងរកឃើញដីព្រៃលិចទឹកជាង១,០០០ហិកតានៅស្រុកឯកភ្នំរងការទន្ទ្រាន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ខេត្តបាត់ដំបងរកឃើញដីព្រៃលិចទឹកជាង១,០០០ហិកតានៅស្រុកឯកភ្នំរងការទន្ទ្រាន

បានផុស

នៅ

ខេត្តបាត់ដំបង៖ ដីព្រៃលិចទឹកនៅក្នុងតំបន់៣ជាតំបន់ហាមឃាត់សម្រាប់ជីវៈចម្រុះត្រីពងកូនប្រមាណជាង១,០០០ហិកតា នៅចំណុចក្រពើស្គម ស្ថិតនៅក្នុងភូមិសាស្ត្រភូមិព្រែកចាស់ ឃុំព្រែកចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងបានរកឃើញថា មានបក្សពួកជនខិលខូចបានគប់គិតលបលួចក្នុងការកាប់បំផ្លាញដើម្បីទន្ទ្រានដី និងឈូសឆាយយកដីព្រៃទាំងនោះធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ជាបន្តបន្ទាប់កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរកឃើញទំហំដីព្រៃលិចទឹកនេះលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបង និងជាតំណាងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានបង្ហាញក្នុងឱកាសចុះធ្វើការផ្សព្វផ្សាយ និងប្រកាសអំពីការបិទរដូវនេសាទនៅក្នុងតំបន់ដែននេសាទទឹកសាបក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

លោកអភិបាលរងខេត្តបាត់ដំបងបានថ្លែងថា ការកាប់ដុតបំផ្លាញព្រៃលិចទឹកដើម្បីទន្ទ្រានយកដីនៅក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបងគឺបានកើតឡើងចាប់តាំងពីឆ្នាំ២០១៨មកម៉្លេះ ដែលធ្វើ​​ឱ្យតំបន់ទាំងនោះទទួលរងនូវការកាប់បំផ្លាញជាបន្តបន្ទាប់តៗគ្នា ដូចជានៅចំណុចក្រពើស្គមក្នុងឃុំព្រែកចាស់ស្រុកឯកភ្នំ។ ហើយការកាប់ដុតបំផ្លាញនេះក៏ត្រូវបានគណៈប្រតិភូរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទរួម និងអាជ្ញាធរខេត្តព្រមទាំងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះទៅពិនិត្យមើលផ្ទាល់ដល់ទីកន្លែងទាំងនោះផងដែរ។

លោក សឿម ប៊ុនរិទ្ធ បានបន្តថា ចំពោះព្រៃលិចទឹកនៅចំណុចខាងលើនេះគឺត្រូវបានកាប់បំផ្លាញអស់ជាង១ពាន់ហិកតារួចមកហើយ ក្នុងនោះដីព្រៃលិចទឹកចំនួនជាង៣០០ហិកតាត្រូវបានជនល្មើសធ្វើការកាប់ទន្ទ្រានព្រៃ និងដុតបំផ្លាញកាលពីឆ្នាំ២០១៨ និងដីព្រៃលិចទឹកប្រមាណជាង៧០០ហិកតាក៏ត្រូវបានជនល្មើសឈូសឆាយ និងទន្ទ្រានយកនៅក្រោយឆ្នាំ២០១៨ផងដែរ។

លោកបន្តថា បើពិនិត្យទិដ្ឋភាពនាពេលបច្ចុប្បន្ននេះមានដីខ្លះត្រូវបានធ្វើស្រែ ខ្លះទៀតនៅទុកទំនេរចោលដែលទីតាំងទាំងនេះក៏ត្រូវបានអាធ្ញាធររុករកឃើញជាមួយនឹងករណីមួយចំនួនបន្ថែមទៀតរួមមាន ការជីកប្រឡាយស្រោចស្រព និងធ្វើផ្លូវអាចបើករថយន្តទៅមក រួមទាំងមានការសាងសង់ជាខ្ទម ឬរោងស្នាក់នៅ។

លោក សឿម ប៊ុនរិទ្ធិ បានឱ្យដឹងទៀតថា ការចូលលួចកាប់ទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់នេះ ក្រៅពីទីតាំង និងចំណុចខាងលើ អាជ្ញាធរបានរកឃើញចំនួន១៥០ហិកតាទៀតនៅចំណុចគោកខ្ពស់ ស្ថិតក្នុងភូមិព្រែកចាស់ដែលត្រូវបានជនល្មើសធ្វើការកាប់ទន្ទ្រាន ហើយពួកគេមកពីខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

ក្នុងករណីរកឃើញបទល្មើសខាងលើនេះ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបងបានធ្វើការព្រមានដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចខិលខូចដែលបានគប់គិតក្នុងការលួចកាប់ទន្ទ្រានដីព្រៃលិចទឹកនេះ ត្រូវតែដកខ្លួនចេញជាបន្ទាន់ ខណៈក្រសួងកសិកម្ម និងអាជ្ញាធរត្រៀមនឹងចាត់វិធានការច្បាប់ម៉ឺងម៉ាត់លើករណីនេះនៅពេលឆាប់ៗខាងមុខនេះ ក្រោយក្រសួងបើកកិច្ចប្រជុំពិភាក្សានៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ខាងមុខ ស្តីពីការដាក់ចេញនូវវិធានការទប់ស្កាត់ការលួចកាប់ទន្ទ្រានយកព្រៃលិចទឹកទាំងនេះ។

ដីព្រៃលិចទឹកដែលកំពុងតែរងនូវការកាប់ទន្ទ្រានកំពុងកើតមានក្នុងស្រុកចំនួន៤ដែលជាប់ភូមិសាស្រ្តបឹងទន្លេសាបមានដូចជា ស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល ដោយព្រៃលិចទឹកទាំងនោះក្រៅពីត្រូវរងការកាប់ទន្ទ្រានបំផ្លាញយកដីព្រៃ ក៏ត្រូវបានភ្លើងឆេះអស់ជាច្រើនហិកតាផងដែរ។

គួរបញ្ជាក់ថា នៅក្នុងអនុក្រិត្យរបស់រាជរដ្ឋាភិបាលឆ្នាំ២០១១បានកំណត់ដីព្រៃលិចទឹកនៅខេត្តជុំវិញបឹងទន្លេសាបមានចំនួន៦៤៧,៤០៦ហិកតា។ ដោយឡែកខេត្តបាត់ដំបងមានព្រៃលិចទឹកចំនួន២០៦,៩៥៣ហិកតា ខណៈព្រៃលិចទឹកប្រមាណ០២ម៉ឺនហិកតាត្រូវបានរងនូវកាប់បំផ្លាញ និងត្រូវភ្លើងព្រៃឆេះកន្លងមក៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services